សម្តេចប្រធាន រដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តត្រពាំងព្រីង

ត្បូងឃ្មុំ៖ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី អស់លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា រួមជាមួយ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ក្នុងខេត្តត្បូងឃ្មុំ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៥ បានអញ្ជើញនាំយកចង្ហាន់បិណ្ឌបាត នំចំណី ផ្លែឈើ និងគ្រឿងភេសជ្ជៈជាច្រើនមុខ ទៀតទៅកាន់បិណ្ឌរាប់បាតវេនទី១១ នៅវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធរូប និងសមាទានសីលរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញប្រារព្ធធ្វើកិច្ចតាម ប្រពៃណីព្រះពុទ្ធសាសនា បង្សុកូលរាប់បាត្រ និងវេចង្ហាន់ប្រគេនព្រះសង្ឃ ទៅតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា ឱទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខ សូមបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាតឡើយ និងសូមបួងសួង ឱ្យកូនចៅនៅខាងក្រោយជួបតែសេចក្តីសុខរីកចម្រើនរកស៊ីមានបាន និងមានអាយឺនយូរ។

មានមតិសំណាលទៅកាន់ពុទ្ធបរិស័ទក្នុងពិធីនោះ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ លើកឡើង ថា ភ្ជុំបិណ្ឌជាបុណ្យដ៏ធំមួយរបស់ខ្មែរយើង ដែលមានតាំងពីដូនតាមក ដែលប្រជាពលរដ្ឋខ្មែរតែងនាំចង្ហាន់ បាយសម្លរ នំចំណី រាបបាត្រប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានានៅទូទាំងប្រទេស ដើម្បីឧទ្ទិសកុសល ផលបុណ្យដល់ជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខ ទៅតាមកិច្ច សាសនា។ 

សម្តេចក៏បានរំលឹកប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ ជៀសវាងមានការគ្រោះថ្នាក់ស្លាប់ របួស ពិការ នាំឱ្យមានផលវិបាកដល់គ្រួសារ និងសង្គមជាតិ។ ឆ្លៀតឱកាសនេះដែរសម្តេច ក៏បានលើក ឡើងពីនយោបាយមួយចំនួន ទាក់ទងបញ្ហាព្រុំដែន  បញ្ហាឃោសនាបំផ្លឹសរបស់ជនអគតិមួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័នច្រឡំ ។ សម្តេចបន្តថា សូបកុំឱ្យប្រជាពលរដ្ឋកុំជឿតាមការឃោសនា អកុសលរបស់ជនអគតិទាំងនោះ នាំឱ្យមានបញ្ហាអាក្រក់ដល់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។

សម្តេចបានបញ្ជាក់ថា ការផ្លាស់ប្តូររបបពីមួយទៅមួយវាមិនស្រួលដូចការគិតទេ ចង់មិនចង់អាចជួបគ្រោះ អកុសលដូចរបបប្រល័យពូជសាសន៍ប៉ុលពត ដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយ។

សម្តេចក៏បានប្រគេនទេយ្យទានមួយចំនួន មានអង្ករ ទឹកក្រូច ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ស្ករស តែ ត្រីខ ទៀនធូប និងថវិកាចំនួន ២០លានរៀលដល់វត្តសម្រាប់ជាប្រយោជន៍ ដល់វត្តក្នុងការប្រើប្រាស់ ជួសជុលព្រះវិហារ ប្រគេនថវិកាដល់ព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គថវិកា ៥ម៉ឺនរៀល និងចែកជូន ថវិកាជូនដល់ចាស់ៗក្នុងពិធីនេះចំនួន ១៥០០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល៕

សម្តេចប្រធាន រដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តត្រពាំងព្រីង

សម្តេចប្រធាន រដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១១ នៅវត្តត្រពាំងព្រីង