អភិបាលខេត្ត ឧត្តរមានជ័យ ដាក់បទបញ្ជារឲ្យ អាជ្ញាធរក្រុង-ស្រុក លុបបំបាត់កុងជជុះ

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានក្រើនរំលឹកជាថ្មីម្តងទៀត ទៅអាជ្ញាធរក្រុង-ស្រុកទូ ទាំងខេត្តឧត្តរមានជ័យ ត្រូវលុបបំបាត់កុងត្រូលជជុះឲ្យមានប្រសិទ្ធិភាព។ លោកអភិបាលខេត្តព្រមានថា នឹងផ្សព្វ ផ្សាយឈ្មោះអង្គភាព និងលេខទូរស័ព្ទជាសាធារណៈ បើក្រុមអ្នកដាក់កុងត្រូលជជុះមិនបញ្ឈប់សកម្មភាពទេនោះ ។

ការក្រើនរំលឹកជាថ្មីរបស់ លោក ស ថាវី ឲ្យបញ្ឈប់ការដាក់កុងត្រូលជជុះនេះ បានធ្វើឡើង ក្នុងឱកាស ដែលរូប លោកអញ្ជើញចូលរួមប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី២ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៥នេះ។

លោក ស ថាវី បានថ្លែងថា «ក្នុងនាមអាជ្ញាធរខេត្ត ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ខ្ញុំតែងធ្វើការដាស់តឿន ឲ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ លុបបំបាត់កុងត្រូលជជុះឲ្យមានប្រសិទ្ធិភាព ប៉ុន្តែរហូតពេលនេះនៅតែដដែល។ សកម្មភាពប្រដេញរថយន្ត ប្រដេញគោយន្តកន្ត្រៃ ប្រដេញម៉ូតូ នៅតែមានជាហូរហែរទាំងយប់ទាំងថ្ងៃ ពិសេសមន្ត្រី អង្គការបរិស្ថាន ដែលមានស្នាក់ការតាមដងផ្លូវ ខ្លួនមានតួនាទីត្រឹមតែជាអ្នកឃ្លាំមើលទេ តែអនុវត្ត ហួសព្រំដែន ឬ អាចនិយាយបានថា លើសសមត្ថកិច្ចជំនាញទៅទៀត»។

លោក ស ថាវី បានក្រើនរំលឹកទៅកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទថា មេបញ្ជាការតាមអង្គភាពត្រូវកោះប្រជុំ ណែនាំឲ្យកងកម្លាំងរបស់ខ្លួនបញ្ឈប់សកម្មភាពជាបន្ទាន់ បើពុំដូចច្នេះទេ នឹងធ្វើការផ្សព្វផ្សាយឈ្មោះអង្គភាព និង លេខទូរសព្ទ័ជាសាធារណៈមិនខាន។

លោកអភិបាលខេត្ត ក៏បានរំលឹកផងដែរថា ព្រោះតែដាក់កុងត្រូលជជុះនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទូរស័ព្ទទៅសួរ និងណែនាំរូបលោកថា ឲ្យមើលសកម្មភាពប្រដេញគោយន្តកន្ត្រៃ និងម៉ូតូប្រជាពលរដ្ឋ ដែលដឹកឫស គល់ឈើពីស្រែចំការនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ បើតាមលោក ស ថាវី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចោទជាសំណួរថា ហេតុប្រដេញតាមចាប់តែគោយន្ត និងម៉ូតូដឹកគល់ឈើ ឫសឈើ  ចុះរថយន្តធំៗម៉េច ក៏មិនហៅ?

លោកអភិបាលខេត្ត ក៏បានស្នើឲ្យគយចល័តខេត្ត និងគយមកពីទីចាត់ការ ត្រូវធ្វើការអនុគ្រោះចំពោះប្រជាពលរដ្ឋ ដែលដឹកទំនិញតិចតួច៕

អភិបាលខេត្ត ឧត្តរមានជ័យ ដាក់បទបញ្ជារឲ្យ អាជ្ញាធរក្រុង-ស្រុក លុបបំបាត់កុងជជុះ

អភិបាលខេត្ត ឧត្តរមានជ័យ ដាក់បទបញ្ជារឲ្យ អាជ្ញាធរក្រុង-ស្រុក លុបបំបាត់កុងជជុះ