ស្វែង​យល់​អំពី​គោលការណ៍​សំខាន់ៗ៩​ចំណុច​ របស់​លោក​មេធាវី​ សំ​ សុ​គង់​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លំដាប់​លេខ​រៀង​ទី​៩

​លោក​ សំ​ សុ​គង់​ អាយុ​៣៨​ឆ្នាំ​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ អត្តលេខ​៣២១​ បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ប្រចាំ​ក្រុមហ៊ុន​មេធាវី​ BBC​ ជា​សហ​មេធាវី​ជាតិ​តំណាង​បណ្តឹងរដ្ឋប្បវេណី​ នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​ហៅ​កាត់​ថា​ សាលាក្តី​ខ្មែរក្រហម​)​ ជា​សមាជិក​ក្រុម​អធិការកិច្ច​ និង​ជា​មេធាវី​នៃ​នាយកដ្ឋាន​ការពារ​ក្តី​ជន​ក្រីក្រ​របស់​ BAKC​ គឺជា​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​៨​ (២០១៥-២០១៨)​ ម្នាក់​ មាន​លំដាប់​លេខ​រៀង​ទី​៩​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​ របស់​ BAKC​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​ ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។​

​ក្នុង​នាម​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​នេះ​ លោក​មេធាវី​ សំ​ សុ​គង់​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​សំខាន់ៗ​ចំនួន​៩​ចំណុច​ សម្រាប់​ឲ្យ​អង្គ​បោះ​ឆ្នោត​បាន​ពិចារណា​ និង​សម្រេច​បោះ​ឆ្នោត​គាំទ្រ​ ដូច​ខាងក្រោម​ ៖

១-​ចូលរួម​ការពារ​ផលប្រយោជន៍​វិជ្ជាជីវៈ​ និង​កិត្យានុភាព​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រមទាំង​សហ​ភាតា​គ្រប់​រូប​ ។​
២-​កែទម្រង់​ និង​លុប​បំបាត់​ភាព​អសកម្ម​នានា​ និង​អំពើ​ពុក​រលួយ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សុចរិត​ភាព​របស់​គណៈមេធាវី​ និង​សហ​ភាតា​ ។​
៣-​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ និង​បំប៉ន​សមត្ថភាព​វិជ្ជាជីវៈ​បន្ថែម​ដល់​សហ​ភាតា​ តាម​រយៈ​ការ​បណ្តុះបណ្តាល​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ជំនាញ​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​ ឲ្យ​ស្រប​តា​មកា​រវិ​វ​ឌ្ឍ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​សមាហរណកម្ម​អាស៊ាន​ និង​ពិភពលោក​ ។​
៤-​ពង្រឹង​ការ​អនុវត្ត​ការ​សុំ​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ តាម​មាត្រា​៣២​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​។​
៥-​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈមេធាវី​អន្តរជាតិ​ និង​ដៃគូ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ ដើម្បី​ចូលរួម​ពង្រឹងគុណភាព​វិជ្ជាជីវៈ​មេធាវី​ និង​សេវាកម្ម​របស់​នាយកដ្ឋាន​ការពារ​ជន​ក្រីក្រ​ ។​
៦-​ពិនិត្យ​ និង​កែទម្រង់​នូវ​សេចក្តីសម្រេច​នានា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សហ​ភាតា​ ។​
៧-​ចូលរួម​ជំរុញ​ឲ្យ​ស្ថាប័ន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្លាយជា​ស្ថាប័ន​ឯករាជ្យ​ និង​មាន​វិជ្ជាជីវៈ​មួយ​ ដើម្បី​ការពារ​ផលប្រយោជន៍​មេធាវី​ និង​យុត្តិធម៌​សង្គម​ ។​
៨-​ចូលរួម​ផ្តល់​យោបល់​ទៅ​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ សំដៅ​ចូលរួម​ចំណែក​កែ​លំអ​ច្បាប់​នានា​ និង​ការពារ​ផលប្រយោជន៍​ និង​យុត្តិធម៌​សង្គម​ ។​
៩-​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រជុំ​ ការ​ពិនិត្យ​ និង​ការ​ពិភាក្សា​ការងារ​របស់​ក្រុមប្រឹក្សា​គណៈមេធាវី​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ លោក​ សំ​ សុ​គង់​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣២១​ នា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០០៣​ ។​ ចាប់តាំងពី​បាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​មក​ លោក​មេធាវី​ សំ​ សុ​គង់​ បាន​ចូលរួម​ចំណែក​ឈឺឆ្អាល​ ទប់ស្កាត់​អំពី​អយុត្តិធម៌​សង្គម​ជា​ច្រើន​ករណី​ ក្នុង​ន័យ​លើកតម្កើង​កិត្យានុភាព​របស់​គណៈមេធាវី​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ផង​ដែរ​ ៕​

ស្វែង​យល់​អំពី​គោលការណ៍​សំខាន់ៗ៩​ចំណុច​ របស់​លោក​មេធាវី​ សំ​ សុ​គង់​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លំដាប់​លេខ​រៀង​ទី​៩ស្វែង​យល់​អំពី​គោលការណ៍​សំខាន់ៗ៩​ចំណុច​ របស់​លោក​មេធាវី​ សំ​ សុ​គង់​ បេក្ខជន​ឈរឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ លំដាប់​លេខ​រៀង​ទី​៩