គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ប្រជុំ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ

​នៅ​វិមាន​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ចំនួន​ពីរ គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ និង គណៈកម្មការ​សេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក សុន ឆ័យ អនុប្រធាន​គណៈកម្មកា​រ បាន​ជួបប្រជុំគ្នា ដើម្បី​ពិនិត្យ​សិក្សា លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ​។​

បន្ទាប់ពី​គណៈកម្មការ​ជំនាញ​ទាំងពីរ​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ ដើម្បី​ពិនិត្យ និង​សិក្សា​ទៅលើ​ពាក្យពេចន៍ ខ្លឹមសារ និង​ទម្រង់​នៃ​សេចក្ដីព្រាងច្បាប់​រួចមក គណៈកម្មការ​ជំនាញ​ទាំងពីរ ក៏បាន ឯកភាពគ្នា អញ្ជើញ​តំណាង​រដ្ឋាភិបាល​មកជួប ដើម្បី​សាកសួរ​នូវ​ចំណុច​មួយចំនួន បន្ថែមទៀត​ក្នុងអំឡុងពេល​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៥ មុននឹង​សម្រេច​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​។​

​សូម​រំលឹកថា សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ មាន​១០​ជំពូក ចែកចេញជា​៣៨​មាត្រា ត្រូវបាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ សម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក និង​គណៈកម្មការ​សេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា សហការគ្នា​ពិនិត្យ និង​សិក្សា​។​

​ជុំវិញ​បញ្ហា​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​យន្តការ​គណៈកម្មការ​ជំនាញ​នានា​នៅក្នុង​រដ្ឋសភា ត្រូវបាន​គេ​សង្កេតឃើញថា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ច្បាប់ និង​បង្កើត​ច្បាប់​ថ្មីៗ​បន្ថែម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សង្គម​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ជា​បន្តបន្ទាប់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើប្រាស់​យន្តការ​សភា និង​យន្តការ​ស្របច្បាប់​ផ្សេងៗ​ទៀត ដើម្បី​តាមដាន​ត្រួតពិនិត្យ​ពី​សកម្មភាព​ដឹកនាំ​ប្រទេស​ដោយ​រដ្ឋាភិបាល​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​ប្រសើរឡើង​៕

12141628_681657215268956_6514252170900599872_n12112365_681657098602301_3689142423764481850_n11254337_681657075268970_331423617632513646_n