មេព្រៃ​បញ្ជូន​ឈ្មួញកណ្ដាល​ម្នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​សត្វព្រៃ​ទៅ​តុលាការ

ខេត្តបាត់ដំបង​ ៖ មន្ត្រីរ​ដ្ឋបាល​ព្រៃឈើរ​ស្រុក​សំឡូតបាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​សាច់សត្វ​ព្រៃ​ទៅ​កាន់​តុលាការ​ហើយ នេះ​បើ​យោង​តាម​ការ​ផ្ដល់​ដំណឹង​ពី​មន្ត្រី​ព្រៃឈើស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​តុលា​ ២០១៥​នេះ​។

មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ​ដិ​ន ណា​ង អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ត្រូវ​កម្លាំងរ​ដ្ធ​បាល​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ​តុលា គ្រា​ដែល​ជន​នេះ​បាន​តាំង​លក់​សាច់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​នៅ​ខាង​មុខ​ផ្ទះ​ដោយ​ខុសច្បាប់​។

មន្ត្រី​ព្រៃឈើបាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ​ជា​ឈ្មួញកណ្ដាលក្នុង​ការ​ជូ​ញ​ដូរ​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុងស្រុក​សំឡូត ហើយ​យក​មក​ដាក់​តាំង​លក់​ដោយ​ចំហមិន​ខ្វល់​អំពី​ច្បាប់ទម្លាប់​ឡើយ​។

ឈ្មួញ​សត្វព្រៃ​ឈ្មោះ​ដិ​ន ណា​ង បាន​និយាយ​នៅ​ពេល​ត្រូវ​សមត្ថកិច្ច​សួរនាំ​ថា ខ្លួន​បាន​ទិញ​សាច់សត្វ​ព្រៃ​ទាំងនេះ​បន្ត​ពី​អ្នកប្រមាញ់ តែ​ជន​នេះ​មិន​បាន​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​អ្នកប្រមាញ់​នោះ​ទេ ដោយ​ប្រាប់​ថា មិន​ស្គាល់​ប្រភព​ច្បាស់លាស់​។

ជន​នេះ​បាន​បញ្ជាក់​ដែរ​ថា យូរ​ៗ​ម្ដង​ម៉ូយ​បាន​យក​សាច់​សត្វព្រៃ​មក​លក់​ឲ្យ​ខ្លួន តែ​មិនដឹង​ថា ពួក​គេ​ប្រមាញ់​សត្វព្រៃ​ទាំងនោះ​បាន​ពី​ខាង​ណា​មក​នោះ​ទេ ហើយ​ខ្លួន​ចេះ​តែ​ទិញ​យក​មក​លក់​បន្ត​ទៅ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព