លោក​ប៊្លេត​ធ័​រ និង​លោក​ប្លា​ទី​នី​អាច​ត្រូវ​ផ្អាក​ពី​ការងារ​ចំនួន​90​ថ្ងៃ

«​ថា​ហ្គេ​ស អាន់​ស៊ី​ហ្គ័​រ​» ដែល​ជាទី​ភ្នាក់ងារ​ព័ត៌មាន​របស់​ស្វ៊ី​ស​ផ្សាយ​ថា គណៈកម្មការ​ផ្នែក​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) អាច​បញ្ជា​ឱ្យ​ផ្អាក​ការងារ​លោក​សេ​ប ប៊្លេត​ធ័​រ ប្រធាន FIFA និង​លោក​មី​កា​អែ​ល ប្លា​ទី​នី ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) រយៈពេល​៩០​ថ្ងៃ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ។

លោក​ប្លេ​៊​ត​ធ័​រ មាន​លេចឮ​រឿងអាស្រូវ​រាប់​ភ្លេច​ទាក់ទិន​នឹង​អំពើ​ទុច្ចរិត ហើយ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា កន្លង​មក អយ្យការ​ស្វ៊ី​សបាន​សើ​ុ​ប​អង្កេត​ប្រធាន​FIFA​រូប​នេះ ក្រោយ​ពី​ជាប់​សង្ស័យ​បង្ក​បទឧក្រិដ្ឋ និង​កិបកេង​ប្រាក់ ។ ផ្នែក​មួយ​នៅ​ក្នុង​បទចោទប្រកាន់​ដែល​លោក​ប៊្លេ​ត​ធ័​រ ត្រូវ​ក្រុម​អយ្យការ​ចេញ​បញ្ជា​ឱ្យ​សើ​ុ​ប​អង្កេត គឺ​រឿង​ដែល​លោក​បាន​ចំណាយ​ប្រាក់​ចំនួន​២​លាន​ហ្វ្រ​ង់​ស្វ៊ី​ស​ដល់​លោកបា្ល​ទី​នី នៅ​ក្នុង​ឆ្នាំ​២០១១ ដោយ​មិន​បាន​បញ្ជាក់​ថា ប្រាក់​ខាងលើ​ជា​ប្រាក់​ចំណាយ​លើ​អ្វី ? ទោះបីជា​លោក​ប្លា​ទី​នី បាន​ចេញ​មុខ​បញ្ជាក់​ថា ប្រាក់​នេះ​ជា​ថ្លៃ​ឈ្នួល​ដែល​លោក​បាន​បំពេញការងារ​ឱ្យ​FIFA ក្នុង​រវាង​ពី​ឆ្នាំ​១៩៩៨-២០០២ ដោយ​កាល​ណោះ FIFA គ្មាន​ប្រាក់​ចំណាយ​ឱ្យ​លោក​ទើប​ប្រគល់​នៅ​ក្នុង​ឆ្នាំ​២០១១ ស្រប​ពេល​ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ចាប់ផ្ដើម​មាន​ស្ថេ​រ​ភាព ។

កាសែត​របស់​ស្វ៊ី​ស បាន​បញ្ជាក់​ថា ឱកាស​ដែល​លោក​ប៊្លេ​ត​ធ័​រ និង​លោក​ប្លា​ទី​នី​ត្រូវ​ផ្អាក​ការងារ​មាន​ភាព​ប្រាកដប្រជា​ខ្ពស់ ព្រោះ​អាជ្ញាធរ​របស់ FIFA ចំនួន​៧​រូប ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ ពុក​រលួយ កិបកេង​ប្រាក់ និង​បង្កចលាចល កាលពី​ខែឧសភា កន្លង​ទៅ  ដោយ​ម្នាក់​ៗ​អាច​ផ្អាក​ការងារ​រយៈពេល​៩០​ថ្ងៃ​យ៉ាងតិច ៕