សហ​គ្រាស​សង្គម​កម្ពុជា​ និង​ Impact Hub ​​សហការ​ជាមួយសែលកាត បង្កើតរបៀបធ្វើអាជីវកម្មថ្មី​

សហ​គ្រាស​សង្គម​កម្ពុជា​ និង​ Impact Hub ​​សហការ​ជាមួយសែលកាត បង្កើតរបៀបធ្វើអាជីវកម្មថ្មី​

ក្នុង​គោល​បំណង​បំផុសការ​យល់ដឹង ​និង​លើក​ទឹក​ចិត្ត​ចំពោះ​​សហ​គ្រិន​ភាព​សង្គម​ពលរដ្ឋ​ខ្មែរ ​សហ​គ្រាស​សង្គម​កម្ពុជា ​(Social Enterprise Cambodia) និង​ Impact Hub ​ភ្នំពេញ ​រួម​សហការ​ជាមួយ​​ក្រុមហ៊ុន​សែល​កាត រៀប​ចំ​សិក្ខា​សាលានៅខេត្តព្រះសីហនុ ដើម្បី​បង្កើត​អាជីវ​កម្ម​ថ្មី ក្នុង​រយៈ​ពេល​៥៦​ម៉ោង ដែល​មាន​៥វគ្គ  ។ ការ​បង្កើត​គំនិត​ផ្តួ​ច​ផ្តើម​សហ​គ្រិន​ភាព​សង្គម​ គឺ​ដើម្បី​បង្ហាញ​ដល់​សិក្ខា​កាម​ដែល​បាន​ចូល​រួម​ទាំង​អស់​ឲ្យ​យល់​អំពី​របៀប​ធ្វើ​អាជីវ​កម្ម​និង​ផ្លាស់​ប្តូ​រ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម​មួយ​ឲ្យ​បាន​ជោគ​ជ័យ។ ​

 

សហ​គ្រាស​សង្គម​កម្ពុជា​  និង​ Impact Hub ​​សហការ​ជាមួយសែលកាត បង្កើតរបៀបធ្វើអាជីវកម្មថ្មី​

 

ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឲ្យ​សិក្ខា​កាម​ខ្មែរ​ទាំង​អស់​ទទួល​បាន​អត្ថ​ប្រយោជន៍​ចំបងៗ​ពី​វា​គ្មិន​ខ្មែរ​ដែល​មាន​បទ​ពិសោធន៍​ និង​ទទួល​បាន​ជោគ​ជ័យ​លើ​អាជីវកម្ម​កន្លង​មក​។សហគ្រាស​សង្គម​កម្ពុជា​ផ្តល់​ជូន​កិច្ច​ពិភាក្សា​ និង​បទ​បង្ហាញ​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ​ដោយ​វាគ្មិន​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​អាជីវកម្ម​ ហើយ​ពួក​គាត់​នឹង​នាំ​យក​នូវ​ប្រធាន​បទ​ដ៏​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សិក្ខា​កាម​យក​ទៅ​អនុវត្ត​ក្នុង​អាជីវកម្ម​របស់​ពួក​គេ។​

 

សិក្ខា​កាម​នឹង​បាន​សិក្សា​ពី​របៀប​​កំណត់​ និង​ដោះស្រាយ​បញ្ហា​សង្គម ​ឬ​បរិស្ថាន​ដែល​ប៉ះពាល់​ដល់​សហគមន៍​របស់​ពួក​គេ​ សិក្សា​ពី​របៀប​បង្កើត​នូវ​ដំណោះ​ស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ ​អភិវឌ្ឍ​កែ​លម្អ​សំណើ​គម្រោង និង ​គំរូ​អាជីវកម្ម​មួយ​រឹង​មាំ ​ប្រកប​ដោយ​លក្ខណៈ​ច្នៃប្រឌិត​កសាង​ផែនការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរ​ភាព បង្កើត​ចក្ខុ​វិស័យ​បំផុស​គំនិត​ និង​បេសក​កម្ម​ធានា​បាន​នូវភាព​វិ​ជ្ជ​មាន ​ផល​ប៉ះ​ពាល់​ដែល​អាច​កើន​ឡើង ហើយ​ជា​ចុង​ក្រោយ​ក្រុមពិភាក្សា​នឹងធ្វើការ​ប​ណ្តា​ក់​ទុន​ដេញ​ថ្លៃ​គម្រោង ​ដើម្បី​ក្លាយ​ជា​អ្នក​វិនិយោគ​ និង​សហគ្រិន​ពិត​ប្រាកដ​មួយ​។

 

គំនិត​ផ្តួច​ផ្តើ​មជុំ​ទី​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀម​រាប​ ចាប់​ពី​ថ្ងៃទី3-5 ខែ​កក្កដា ដែល​បាន​កំណត់​គោល​គំនិត​ចាប់​ផ្ដើម​បី​ធំៗ​។

 

ក្រុម Cam Bamboo បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​ដោយ​សារ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន ​ក្នុងការផលិត​ចង្កឹះ​ឫស្សី​ដែល​ធ្វើ​ឡើងពី​ឫ​ស្សី​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។ ណារុន បញ្ញា​វឌ្ឍ មក​ពី​ក្រុម Cam Bamboo បាន​ឲ្យ​ដឹង​ថា​ «​អាជីវ​កម្ម​របស់​យើង​ផ្តោ​ត​​សំខាន់​លើ​ការ​ប្រើ​ប្រាស់​ឫស្សី​នៅ​កម្ពុជា​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​បង្កើត​ជា​ផលិត​ផល​ជាច្រើនមុខ​។ ចង្កឹះ​គឺ​ជា​ផលិត​ផល​ដែល​យើង​ចង់​ចាប់​ផ្តើ​ម​ផលិត​មុនគេ។ យើង​ឃើញ​ថា​វា​មាន​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​​នៅ​លើ​ពិភព​លោក​ ពិសេស​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ តម្លៃ​ស្នូល​នៅ​ក្នុង​អាជីវកម្ម​របស់​យើង ​គឺ​ផ្តល់​ការងារ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​សហគមន៍​របស់​យើង​ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ដាំ​ឫស្សី​នៅ​លើ​ដី​ដែលពួក​គាត់​មាន»។

 

សម្រាប់​ជុំ​បន្ទាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ វាគ្មិន​​កិត្តិយស​ចូល​រួម​មាន​ដូចជា លោក ហាវ គង់​ងី​ នាយក​ប្រតិបត្តិ​នៃ My Dream Home លោក សុភ​មង្គល​ នាយក​ប្រតិបត្តិ​ នៃ Codeingateនិង ​លោក ឆាំ សិលា​ ​នាយក​ប្រតិបត្តិ ​នៃ​ The Duck Soup and Eco-Trails Cambodia ជាដើម។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សិក្ខា​សាលា​សហគ្រាស​សង្គម និង​ព្រឹត្តិការណ៍​ថ្មីៗ សូម​ចូល​ទៅកាន់ phnompenh.impacthub.net ៕

 

 

អត្ថបទ៖ ពាណិជ្ជកម្ម