​សាខា​កាកបាទក្រហមកម្ពុជា​​ខេត្ត​នាំ​យក​អំណោយ​ជូនពលរដ្ឋ​ក្រីក្រ​​​១៧​គ្រួសារ​

​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ក្នុង​ឱកាស​នៃ​ពិធី​​បុណ្យកាន់បិណ្ឌ​ និង​ភ្ជំបិណ្ឌ ​នៅ​ថ្ងៃ​ទី​៨ ​តុលា​ ២០១៥ នេះ ​​សាខា​កាកបាទក្រហមកម្ពុជា​​ខេត្ត​​បាន​​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ដល់​លំនៅ​​ឋាន​ចំនួន​១៧​គ្រួសារ​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ។

លោក លី សារី អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ បានឱ្យ​ដឹង​​ថា​ ​ដោយ​​មាន​ការ​​យកចិត្តទុកដាក់​ និង​​​ការ​ណែនាំ​​ពី​សម្តេច​កិត្តិ​​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​​កាកបាទក្រហមកម្ពុជា ​​​​ដែល​សម្តេច​តែង​តែ​គិត​គូរ​ដល់​​ការ​រស់នៅ​ និង​ទុក្ខ​លំបាក​របស់​​ពល​រដ្ឋ​ក្រី​ក្រ​ទូទាំង​ប្រទេសនោះ ​អាជ្ញាធរ​ខេត្ត​​​បាន​​​នាំ​យក​អំណោយ​​​ទៅ​ចែក​ជូន​​​ជន​ចាស់​ជ​រា​ទីទ័ល​ក្រ​គ្មាន​ទី​ពឹង​ និង​គ្រួសារ​​ក្រីក្រ​ ​​ទោះ​បី​ជា​អំណោយ​ទាំង​នេះ​តិចតួច​ក៏​ពិត​មែ​ន ​ប៉ុន្តែ​បាន​ជួយ​​សម្រាល​​ទុក្ខ​លំបាក​បាន​មួយ​​គ្រាល​ សម្រាប់​ឱកាស​ពិធី​​បុណ្យកាន់បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ ​​​នេះ​ ។

​​អំណោយ​​ដែល​យក​មក​ចែក​ជូន​​ពលរដ្ឋ​ក្រី​ក្រ​ទាំង​១៧​គ្រួសារ​នេះ ក្នុង​១​គ្រួសារ​ៗ ទទួល​​បាន​អង្ក​រ៥០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ភួយ​១ សា​រុ​ង​១ ទឹក​បរិ​សុទ្ធ​២​យួរ និង​ប្រាក់​មួយ​ចំនួន​ផង​ដែរ ៕