ទម្លាក់​គ្រាប់បែក​នៅ​គុន​ឌុ​ស លោក​អូ​បា​ម៉ា សុំ​ទោស​ចំពោះ​ប្រធាន MSF

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​៧ តុលា បាន​សុំ​ទោស​ចំពោះ​លោកស្រី​ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​កលើ​មន្ទីរពេទ្យ​មួយ​របស់​អង្គការ​នេះ​នៅ​ទីក្រុង​គុន​ឌុ​ស ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ ។

លោក JOSH EARNEST អ្នកនាំពាក្យ​សេត​វិមាន​ប្រកាស​ថា នា​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅ​ឯ​ការិយាល័យ​ពងក្រពើ លោក​អូ​បា​ម៉ា បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី JOANNE LIU ប្រធាន MSF ដើម្បី​សុំ​ទោស និង​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ចំពោះ​បណ្តា​ក្រុម​របស់ MSF និង​បណ្តា​អ្នកជំងឺ​ដែល​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ច្រឡំ​របស់​អា​មេ​រិ​ក ត្រូវ​ចំ​មន្ទីរពេទ្យ​របស់ MSF មួយ​នៅ​ទីក្រុង​គុន​ឌុ​ស ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ប្រធានាធិបតី​អា​េ​ម​រិ​ក ដែល​ក៏​ទាក់ទង​តាម​ទូរស័ព្ទ​ដែរ​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រូ​ហ្វ ហ្គា​នី នោះ បាន​សន្យា​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ និង​ប្រកបដោយ​តម្លាភាព​លើ​ការ​វាយប្រហារ​នេះ ។

ពេល​សួរ​លើ​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ស្នើ​ឡើង​ដោយ MSF លោក EARNEST លើក​ឡើងជា​ថ្មី​ថា ប្រធានាធិបតី​អា​េ​ម​រិ​ក​មានការ​ជឿ​ទុកចិត្ត​លើ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក្នុង​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព និង​ច្បាស់លាស់​មួយ ។ មានការ​ស៊ើប​ដល់​ទៅ​៣ គឺ​មួយ​របស់​អា​មេ​រិ​ក មួយទៀត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទី​៣ របស់​អូតង់ បាន​បើក​ធ្វើ​រួច​ហើយ​លើ​រឿង​នេះ ។

ទោះបី​យ៉ាងណា MSF ដែល​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ កាលពី​ថ្ងៃ​ទី​៧ តុលា ពុំ​មានការ​ជឿ​ទុកចិត្ត​លើ​ការ​ស៊ើបអង្កេត​យោធា​ផ្ទៃក្នុង​ឡើយ ។ លោកស្រី​ប្រធាន MSF ទាមទារ​ឱ្យ​គណៈកម្មការ​មនុស្សធម៌​អន្តរជាតិ​មួយ​ស៊ើបអង្កេត​រឿង​នេះ ។ លោកស្រី LIU ដែល​ទទួល​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​នោះ​អះអាង​ថា នេះ​ពុំ​មែន​ត្រឹម​ជា​ការ​វាយប្រហារ​ប្រឆាំង​មន្ទីរពេទ្យ​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​វាយប្រហារ​ប្រឆាំង​បណ្តា​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ផង​ដែរ ។ យើង​នឹង​មិន​អាច​អត់ឱន​ឱ្យ​នោះ​ទេ ៕