ក្រុម​ហ៊ុន​​​ស៊ិន​ទ្រីអាក់​ខាន​​​​ប្រមូល​សំរាម​៧ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ដោយ​សារ​កម្មករ​ទៅ​ស្រុក​កំណើត

រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ណ៍មួយ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិ​ន​ទ្រី បានឱ្យដឹង​ថា ក្រុមហ៊ុន​នឹង​មានការ​អាក់ខានក្នុង​ការ​ប្រមូល​សំរាម​រយៈ​ពេល​៧​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ គិត​ចាប់ពី​ថ្ងៃ​ទី​៩  តុលា ដល់១៥ តុលា​ ​២០១៥ ។

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ផ្លូវ​ការ​បានឱ្យ​ដឹង​ថា តំណាង​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បាន​ធ្វើ​លិខិត​មួយ​ជម្រាប​ជូន​ទៅលោក​អភិបាល​រាជធានី​ភ្នំពេញអំពីហេតុផលក្នុង​ការ​រអាក់រអួល​ប្រមែប្រមូល​សំរាមនៅ​រដូវ​បុណ្យ​ភ្ជុំ​​បិណ្ឌ​ខាង​មុខ ដោយ​បញ្ហា​ចម្បង​បំផុត គឺក្រុម​កម្មករផ្នែក​ដើរ​ប្រមូល​សំរាម​មួយ​ចំនួន​ធំនាំ​គ្នា​ឈប់​សម្រាកដើម្បីធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើតចូលរួម​ធ្វើបុណ្យនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដើម្បី​ឧទ្ទិស​កុ​លស​ផល​បុណ្យដល់​បងប្អូន និង​​​​​​​ញាតិ​ការ​ទាំង​៧​សណ្តាន​ដែល​ចែក​ឋាន​ទៅ ។

ទន្ទឹម​នឹង​នោះ តំណាង​ក្រុមហ៊ុនបាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ថ្ងៃនៃ​ការ​ឈប់​សំរាក​របស់​ក្រុម​កម្មករ កម្ម​ការី ស៊ិ​ន​ទ្រី​ខាងលើ គឺមិនមែន​ក្រុមហ៊ុន​ផ្តាច់​ការ​មិន​ប្រមូល​សំរាម​ទាំងស្រុង​នោះ​ទេ គឺ​ក្រុមហ៊ុន​មាន​មនុស្ស​ប្រចាំ​ការ​ ក្នុង​ការ​ទៅ​យក​សំរាមនៅ​តាម​ដងផ្លូវ និងតាម​ទី​សាធារណៈ​នានាក្នុង​រាជធានី​ភ្នំពេញធម្មតា គ្រាន់តែ​ការ​ប្រមូលវា​មិន​បាន​គ្រប់​ជ្រុងជ្រោយ និង​ទាន់​ពេលវេលា​ល្អ ( ពោល​គឺ​រអាក់រអួល​បន្តិច ) ព្រោះ​កម្មករ​មួយ​ចំនួន​ធំ ពួក​គាត់​ត្រូវ​ឈប់​សម្រាក ដើម្បី​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរនៅ​ឯ​ស្រុក​កំណើត ។

សូម​បញ្ជាក់​ថា ការ​ដែល​ក្រុមហ៊ុនអនុញ្ញាតឱ្យ​កម្មករ -កម្ម​ការនី ឈប់​សម្រាក​​ គឺ​ធ្វើ​ឡើង​ទៅ​តាម​លិខិត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​តម្រូវ​ឱ្យ​កម្មករទាំងអស់​មាន​សិទ្ធិ​សេរី​ភាព​គ្រប់គ្រាន់ ដើម្បី​ឈប់​សម្រាកក្នុង​ឱកាស​ពេល​មានបុណ្យ​ទាន ជា​ពិសេសបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរដែល​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់តែ​ម្តង ។ 

ជាង​នេះ​ទៅ​ទៀត តំណាង​ក្រុមហ៊ុន​ទាំងមូលបាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋគ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ មេត្តា​មានការ​យោគយល់​អា​ធ្យា​ស្រ័យ​ខ្​​ផង ចំពោះ​ការ​រអាក់រអួល​ប្រមែប្រមូល​សំរាមមិន​ទាន់​ពេលវេលា ។ តែ​ទោះជា​យ៉ាងណា​ក្តី ក្រុមហ៊ុន​សុំ​ឱ្យ​បងប្អូនប្រមូល​សំរាម ឬកា​ក​សំណល់​នានាទុក​នៅ​មួយ​កន្លែង ឬច្រកចូល​ក្នុង​ថង់​ប្លាស្ទិ​ច​ណាមួយ​ចង​ទុក​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ឬ យក​ទៅ​ចោល​នៅ​ធុងសំរាម​ធំ​ៗតាម​ដងផ្លូវ ដែល​ក្រុមហ៊ុន​បាន​ដាក់​ជូនដើម្បី​ជា​ការ​ចូលរួម​ចំណែក​មួយក្នុង​ការ​ជួញ​គិតគូរ និង​បំពេញ​ភាព​ងាយស្រួលដល់​ក្រុម​កម្មករ​របស់​ក្រុមហ៊ុនដើរ​ប្រមែប្រមូល៕