កម្ពុជា យកជំនួបជាមួយភ្នំពេញក្រោន ល្ងាចនេះ ដើម្បីកាត់កីឡាករចោល៣នាក់

ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា នឹងនាំ​យក​ការ​ហ្វឹក​ហាត់​ជុំ​គ្នា​យ៉ាង​ខ្លី នៅ​ជំរំ​មជ្ឈមណ្ឌល​ និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​បាទី ដើម្បី​ធ្វើ​​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន RSN របស់​ភ្នំពេញ​​ក្រោន នា​ល្ងាច​ម៉ោង​៥​ថ្ងៃ​ព្រសហ្បតិ៍​​នេះ ខណៈ​ការ​ប្រកួតនេះ​មិន​មាន​ការ​លក់​សំបុត្រ​នោះ​ទេ។

​ការ​នាំ​យក​កីឡាករ​ទាំង​២៥​នាក់ មក​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នៅ​ល្ងាច​នេះ បាន​ក្លាយ​ជា​ការ​ប្រកួត​ធ្វើ​តេស្ត​​ដ៏​សំខាន់​បំផុត ខណៈ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា មិន​បាន​រៀបចំ​ឲ្យមាន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ដូច​ការ​ប្រកួត​មុនៗ​នោះ ហេតុនេះ​គ្រូ​បង្គោល​ជន​ជាតិកូរ៉េខាងត្បូង Lee Tae Hoon នឹង​យក​ជំនួប​នេះ ដើម្បី​ធ្វើ​តេស្ត​ទៅ​កីឡាករទាំង​២៥​នាក់​​របស់​ខ្លូន មុន​ឈាន​ដល់​ការ​​សម្រេច​កាត់​ចោល​៣​នាក់ គឺ​ទុក​ត្រឹម​២២​នាក់​ត្រៀម​​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ពាន​រង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី នា​ថ្ងៃ​ទី​១៣ ខែ​តុលា​​នេះ។

លោក ឆាំ ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​ថា៖​«​កីឡាករ​ទាំង​២៥​នាក់ នឹង​ត្រូវ​ដាក់​ឲ្យ​លេង​ជាមួយ​ក្រុម​​ក្រុម​ភ្នំពេញ​ក្រោន នៅល្ងាច​នេះ ព្រោះ​យើង​ចង់​ធ្វើ​តេស្ត​ទៅ​លើ​សមត្ថ​ភាព​របស់​គេ ដើម្បី​ធ្វើ​ការ​សម្រេច​ថា តើ​​កីឡាករ​៣​នាក់​រូប​ណា​ដែល​ត្រូវ​​កាត់​ចោល​? ព្រោះ​យើង​ទុក​​តែ​២២​នាក់ទេ សម្រាប់​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិសិង្ហបុរី»។

ចំណែក​លោក Sam Schweingruber គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​វេលា ​ដើម្បី​ឲ្យ​កីឡាករ Shane Booysen និង សារី ម៉ាត់ណូរ៉ូទីន អាច​ចូល​លេង​បាន​ក្នុង​ជំនួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នា​​ល្ងាច​ម៉ោង​៥​ថ្ងៃ​នេះ ខណៈ​កីឡាករ ព្រំ យ៉ាណែត នឹង​អវត្ត​មានទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះគឺ​​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​របស់ ងយ ស្រ៊ីន តាំង​ពី​កីឡាករ​រូបនេះ​ទទួល​រង​របួស​បាក់​ដៃ​ ​កាល​ពី​ចុង​ខែ​កក្កដា។
1
លោក​គ្រូ​បាន​បន្ត​ថា៖​«យើង​កំពុង​តែ​រៀបចំ​សម្រាប់​ការ​ប្រកួត​ពីរ​ប្រកួត​ចុង​ក្រោយ​ក្នុង​លីក​កំពូល​កម្ពុជា គឺ​ជាមួយ​ក្រុម​ប៉ូលិស និង​បឹង​កេតអង្គរ ដែល​យើង​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត ​ហេតុនេះ​​យើង​ពិត​ជា​មាន​មោតនភាព​ជា​ខ្លាំង ​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ជ្រើស​រើស​ក្លិប​យើង​សម្រាប់​ប្រកួត​មិត្ត​​ភាព ព្រោះ​ការ​ប្រកួត​នេះ នឹង​​ផ្តល់​ឱកាស​ឲ្យ​យើង​អាច​លេង​ជាមួយ​ក្រុម​ដែល​ខ្លាំង​ ហើយ​មាន​កាយ​សម្បទា​រឹងមាំ។ យើង​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ ដើម្បី​ឈ្នះ​ការ​ប្រកួត​ជាមួយ​ក្លិបប៉ូលីស និង បឹងកេត ដូច​នេះ​លទ្ធផល​ជា​ក្រុម​ជម្រើស​ជាតិ​ មិន​មែន​ជាអាទិ​​ភាព​នោះ​ទេ តែ​យើង​នឹង​ព្យាយាម​ដើម្បី​ឈ្នះ»៕