សហគ្រាស សង្គមកម្ពុជា និង Impact Hub ភ្នំពេញ សហការជាមួយ Cellcard បង្កើតអាជីវកម្មថ្មី

សីហនុ៖ ក្នុងគោលបំណង បំផុសការយល់ដឹង និងលើកទឹកចិត្តចំពោះ សហគ្រិនភាពសង្គម ពលរដ្ឋខ្មែរ សហគ្រាស សង្គមកម្ពុជា និង Impact Hub ភ្នំពេញ រួមសហការជាមួយ ក្រុមហ៊ុន សែលកាត បានបង្កើតគំនិត ផ្តួចផ្តើម សហគ្រិនភាពសង្គមដែលជាសិក្ខាសាលាមាន 5 វគ្គ ដើម្បីបង្ហាញដល់សិក្ខាកាមដែលបាន ចូលរួម ទាំងអស់ ឲ្យយល់អំពីរបៀបធ្វើអាជីវកម្ម និងផ្លាស់ប្តូរគំនិត គ្នាទៅវិញទៅមក ក្នុងការដំណើការអាជីវកម្ម មួយឲ្យបានជោគជ័យ។

ក្នុងគោលបំណងដើម្បីជំរុញ ឲ្យសិក្ខាកាមខ្មែរទាំងអស់ ទទួលបានអត្ថប្រយោជន៍ចំបងៗ ពីវាគ្មិនខ្មែរ ដែលមាន បទពិសោធន៍ និងទទួលបានជោគជ័យលើអាជីវកម្មកន្លងមក សហគ្រាសសង្គមកម្ពុជា ផ្តល់ជូនកិច្ចពិភាក្សា និងបទបង្ហាញទាំងស្រុងជាភាសាខ្មែរ ដោយវាគ្មិនដែលទទួលបានភាពជោគជ័យ លើអាជីវកម្មហើយ ពួកគាត់ និងពាំនាំនូវប្រធានបទ ដ៏មានអត្ថប្រយោជន៍សំរាប់សិក្ខាកាមយកទៅអនុវត្ត ក្នុងអាជីវកម្មរបស់ពួកគេ។

សិក្ខាកាមនឹងបានសិក្សាពីរបៀបកំណត់ និងដោះស្រាយបញ្ហាសង្គម ឬបរិស្ថានដែលប៉ះពាល់ដល់ សហគមន៍ របស់ពួកគេ សិក្សាពីរបៀបបង្កើតនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍកែលម្អសំណើគម្រោង និង គំរូអាជីវកម្មមួយរឹងមាំ ប្រកបដោយលក្ខណៈច្នៃប្រឌិត កសាងផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បង្កើត ចក្ខុវិស័យបំផុសគំនិត និងបេសកកម្ម ធានាបាននូវភាព វិជ្ជមាន ផលប៉ះពាល់ដែលអាចកើនឡើង ហើយជា ចុងក្រោយក្រុមពិភាក្សានឹងធ្វើបណ្តាក់ទុនដេញថ្លៃគម្រោងដើម្បីក្លាយជាអ្នកវិនិយោគ និងសហគ្រិន ពិតប្រាកដមួយ។

គំនិតផ្តួចផ្តើមជុំទីមួយ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី3-5 ខែកក្កដា ដែលបានកំណត់ គោលគំនិតចាប់ផ្ដើម 3 ធំៗ។

ក្រុម Cam Bamboo បានឈ្នះការប្រកួតប្រជែងដោយសារគំនិតច្នៃប្រឌិត ថ្មីរបស់ខ្លួនក្នុងការផលិត ចង្កឹះឫស្សី ដែលផលិតឡើង ពីឫស្សីនៅក្នុងសហគមន៍របស់ពួកគេ។ ណារុន បញ្ញាវឌ្ឍ មកពីក្រុម Cam Bamboo បានឲ្យដឹងថា «អាជីវកម្មរបស់យើងផ្តោតសំខាន់លើការប្រើប្រាស់ឫស្សីនៅកម្ពុជាជាវត្ថុធាតុដើមសម្រាប់ បង្កើតជាផលិតផលជា ច្រើនមុខ។ ចង្កឹះគឺជាផលិតផលដែលយើងចង់ចាប់ផ្តើមផលិតមុនគេ។ យើងឃើញថាវាមានតម្រូវការប្រចាំថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោក ពិសេស នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។ តម្លៃស្នូលនៅក្នុងអាជីវកម្មរបស់យើង គឺផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងតាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ ដាំឫស្សីនៅលើ ដីដែលពួកគាត់មាន។»

សម្រាប់ជុំបន្ទាប់នៅខេត្តព្រះសីហនុ វាគ្មិនកិត្តិយសចូលរួមមានដូចជា លោក ហាវ គង់ងី នាយកប្រតិបត្តិនៃ My Dream Home លោក សុភមង្គល នាយកប្រតិបត្តិនៃ Codeingate និងលោក ឆាំ សិលា នាយកប្រតិបត្តិនៃ The Duck Soup and Eco-Trails Cambodia ជាដើម។

សម្រាប់ព័ត៌មានបន្ថែមសិក្ខាសាលា សហគ្រាសសង្គម និងព្រឹត្តិការណ៍ថ្មីៗសូមចូលទៅកាន់ phnompenh.impacthub.net៕

សហគ្រាស សង្គមកម្ពុជា និង Impact Hub ភ្នំពេញ សហការជាមួយ Cellcard បង្កើតអាជីវកម្មថ្មី