ជើង​ខ្លាំង​4​រូប គេច​មិន​ផុត​ពី​ការ​ប្រកួត​ស៊ីសាច់ហុតឈាម​មុន​ភ្ជុំ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​​នេះ កីឡាករ​៤​រូប​ត្រូវ​គេ​មើលឃើញ​ថា គេច​មិន​ផុត​ពី​ការ​ប្រកួត​ស៊ីសាច់ហុតឈាម ឬ​គេ​ហៅ​ភាសា​ការទូត​ថា ការ​ប្រកួត​ស្លាប់​រស់នៅ​លើ​សង្វៀន​នោះ​ទេ បើ​ទោះជា​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​មាន​ភារៈ​ត្រូវ​ទៅ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នៅ​ស្រុក​ដូច​គ្នា​ក៏​ដោយ ។ នោះ​គឺ​ដោយសារ​តែ​ការ​ប្រកួត​របស់​ពួក​គេ​ជា​ការ​ប្រកួត​បិទ​គូទ​ក្នុង​ពូ​ល ឆ្ពោះទៅ​កាន់​វគ្គ​ដណ្ដើម​ខ្សែក្រវាត់ ដែល​មាន​ន័យ​ថា អ្នក​ឈ្នះ​បាន​ឡើង ហើយ​អ្នក​ចាញ់​ហាលអាវ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ចាប់ពី​ម៉ោង​២​រសៀល​តទៅ នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក «​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​» នៅ​សង្វៀន​TIFFY ARENA TV5 ការ​ប្រកួត​បញ្ចប់​ពូ​ល​B នឹង​ឈាន​មក​ដល់​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១០ តុលា នេះ​ហើយ ។ កីឡាករ​៣​រូប​ត្រូវ​គេ​មើលឃើញ​ស្ថិត​ក្នុង​ភាព​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង​ទាំង​សមត្ថភាព​និង​ពិន្ទុ ។ ប៉ុន្តែ​កីឡាករ​ដែល​មាន​សម្ពាធ​សម្រាប់​ការ​ដណ្ដើម​កៅអី​ទៅកាន់​វគ្គ​បន្ត​នោះ គឺ​មាន​តែ​កីឡាករ​២​រូប​ប៉ុណ្ណោះ​។ កីឡាករ​ធី តុង​ហ៊ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ថៃ ប៊ុ​ន​ហាន មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ ដែល​ការ​ប៉ះ​គ្នា​របស់​ពួក​គេ គឺ​មិន​មាន​អ្នក​ណា​ម្នាក់​អាច​ចាញ់​បាន​ទេ ជា​ពិសេស​គឺ​ធី តុង​ហ៊ី ។  ការ​ប្រកួត​២​លើក​កន្លង​មក ធី តុង​ហ៊ី ឈ្នះ​១ ចាញ់​១ មាន​តែ​៤​ពិន្ទុ ទើប​គេ​ត្រូវការ​៣​ពិន្ទុ​សម្រាប់​ថ្ងៃស្អែក ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​បន្ត ។ រវាង​២​នាក់​នេះ បើ​ធី តុង​ហ៊ី វាយ​ឲ្យ​ថៃ ប៊ុ​ន​ហាន សន្លប់​មុន​ទឹក​ទី​៣ នោះ​គេ​នឹង​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​បើ​បណ្ដោយ​ឱ្យ​ចាញ់ ឬ​ត្រឹម​ឈ្នះ​ពិន្ទុ គឺ​ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​ពិន្ទុ​ជាមួយ​គូប្រកួត​ក្នុង​ពូ​ល ។ កីឡាករ​ថៃ ប៊ុ​ន​ហ៊ាន ២​លើក​កន្លង​មក គេ​វាយ​ឈ្នះ អៀង ច័ន្ទ​ល័​ក្ខ ដោយ​ពិន្ទុ និង​លើក​ទី​២ ត្រូវ​ចាញ់​កីឡាករ​ថៃ​Weerachai នោះ​ទេ ប៉ុន្តែ​ដោយ​កីឡាករ​ថៃ​ជ្រុល​ថែម​នាំ​ឱ្យ​មាន​កំហុស​បច្ចេកទេស ទើប​បណ្ដាល​ឱ្យ​បាន​៣​ពិន្ទុ​ដោយ​ស្រួល ។ សរុប​មក​ត្បិត​ថា​ថៃ ប៊ុ​ន ហាន មាន​៦​ពិន្ទុ​នាំមុខ​គេ ប៉ុន្តែ​បើ​គេ​ភ្លាត់​ចាញ់ នោះ​ឱកាស​ឈាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត ក៏​មិន​ទាន់​ប្រាកដ​នោះ​ដែរ ដោយសារ​តែ​កីឡាករ​២​រូប​ផ្សេង​ទៀត សុទ្ធតែ​មានឱកាស​ដណ្ដើម​យក​កៅអី​ដូច​គ្នា ។ ថៃ ប៊ុ​ន​ហាន ដាច់ខាត​ត្រូវ​តែ​ប្រឹង​ឲ្យ​ឈ្នះ​ធី តុង​ហ៊ី ដើម្បី​បញ្ចៀស​ភាព​ប្រទាញប្រទង់​ពិន្ទុ ។ អ​ញ្ចឹ​ង​ហើយ ទើប​ការ​ប្រកួត​មួយគូ​នេះ គឺ​អ្នក​ណា​ក៏​មើលឃើញ​ថា នឹង​គេច​មិន​ផុត​ពី​ការ​ប្រកួត​ស៊ីសាច់ហុតឈាម​នោះ​ទេ សម្រាប់​ស្វាគមន៍​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ។ នោះ​គឺ​ដោយសារ​តែ​ធី តុង​ហ៊ី ត្រូវការ​ផ្ដួល​គូប្រកួត​យក​៣​ពិន្ទុ​ឲ្យ​សន្លប់​មុន​ទឹក​ទី​៣ ហើយ​កីឡាករ​ថៃ ប៊ុ​ន​ហាន ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​បាន​រួចខ្លួន ។ សរុប​មក​អ្នក​ទាំង​ពីរ​អត់​មាន​អ្នក​ណា​ចង់​ចាញ់​ដាច់ខាត សម្រាប់​ការ​ប្រកួត​វគ្គ​បញ្ចប់​ក្នុង​ពូ​ល​ថ្ងៃស្អែក ដោយ​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​បាន​ប្រកាស​ជំហរ​ត្រូវ​តែ​ឈ្នះ​១០០%​សម្រាប់​ការ​ប្រកួត​ដូច​គ្នា ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​ថៃ​WeerachaiMenayuthin ហាក់​មិន​មាន​សម្ពាធ​ដូច​កីឡាករ​ទាំង​២​នោះ​ទេ បើ​ទោះជា​គេ​ទើបតែ​មាន​៤​ពិន្ទុ ។ ការ​ប្រកួត​ថ្ងៃស្អែក​មានការ​វិភាគ​ថា ១០០% កីឡាករ​ថៃ​ពិតជា​ឈ្នះ​កីឡាករ​អៀង ចាន់​ល័​ក្ខ ដោយសារ​អៀង ចាន់​ល័​ក្ខ គឺជា​កីឡាករ​ខ្សោយ​ជាងគេ​ក្នុង​ពូ​ល ហើយ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង​នាំមុខ​គេ​ក្នុង​ពូ​ល​។ ទោះ​វាយ​ឈ្នះ​កីឡាករ​អៀង ច័ន្ទ​ល័​ក្ខ កីឡាករ​ថៃ​បាន​ទទួល​តែ​៧​ពិន្ទុ​ស្មើ​ធី តុង​ហ៊ី និង​ថៃ ប៊ុ​ន​ហាន បើ​ធី តុង​ហ៊ី វាយ​ឈ្នះ​ថៃ ប៊ុ​ន​ហាន ក៏​កីឡាករ​ថៃ​បាន​ឡើង​១០០%  ដោយសារ​តែ​គេ​មាន​ក្រេ​ឌី​ត​វាយ​ផ្ដួល​ឲ្យ​គូប្រកួត​សន្លប់ ។ ដូច្នេះ​មាន​ន័យ​ថា​កីឡាករ​ថៃ​មិនសូវ​មាន​សម្ពាធ​ប៉ុន្មាន​ទេ សម្រាប់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នេះ​។ ទោះបី​យ៉ាងណា ឱកាស​របស់​កីឡាករ​ថៃ​ក៏​ត្រូវ​មើល​លទ្ធផល​ប្រកួត​រវាង​ធី តុង​ហ៊ី និង​ថៃ ប៊ុ​ន​ហាន​ផង​ដែរ  ទើប​អាច​កំណត់​បាន​ថា​បាន​ឡើង​ប្រាកដ​មែនឬ​អត់ ?

ថៃ ប៊ុ​ន​ហាន និង​ធី តុង​ហ៊ី នេះ មិន​ដែល​ប៉ះ​គ្នា​ទេ​កន្លង​មក ហើយ​បើ​ក្រឡេក​ទៅ​មើល​បទ​ពិសោធន៍ និង​កលល្បិច​ក្នុង​ការ​ប្រកួត គឺ​ម្នាក់​ៗ​សំបូរ​ដូច​គ្នា ទើប​មានការ​ព្យាករ​ថា ការ​ប្រកួត​សម្រាប់​ថ្ងៃស្អែក គឺ​ពិតជា​អ្នក​ឈ្នះ និង​អ្នក​ចាញ់​វេទនា​ខ្លួន​ដូច​គ្នា ។

មិន​ខុស​ពី​ការ​ប្រកួត​រវាង​កីឡាករ​២​រូប គឺ​ធី តុង​ហ៊ី និង​ថៃ ប៊ុ​ន​ហាន  នៅ​ថ្ងៃ​សៅរ៍​​នោះ​ដែរ កីឡាករ​២​រូប​ទៀត​ក៏​ត្រូវ​គេ​មើលឃើញ​ថា គេច​មិន​ផុត​ពី​ជំនួប​ស៊ីសាច់​ហុត​ឈាម​ដូច​គ្នា​ផង​ដែរ នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​កំពូល​ជើងឯក K.Cement របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចាប់ពី​ម៉ោង​២​រសៀល​តទៅ ។ កីឡាករ សល់ ពិសិដ្ឋ មក​ពី​ក្លិប​កុសល​កីឡា នឹង​ត្រូវ​ប្រកួត​បញ្ចប់​ការ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B  ជាមួយ​កីឡាករ សេង ស្រឿ​ន មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ដែល​ការ​ប្រកួត​របស់​ពួក​គេ គឺជា​ការ​កំណត់​ជោគ​វាសនា​​តែ​ម្ដង ដើម្បី​បាន​ឡើង​ទៅ​វគ្គ​បន្ត​។ រវាង​២​នាក់​នេះ គឺជា​ជើង​ខ្លាំង​ដូច​គ្នា ហើយ​ការ​ប្រកួត​សម្រាប់​ថ្ងៃខាន​ស្អែក បើ​អ្នក​ណា​ឈ្នះ​បាន​ឡើង ហើយ​អ្នក​ចាញ់​ហាលអាវ ។ ទោះជា​ការ​ប្រកួត​កន្លង​មក សល់ ពិសិដ្ឋ ធ្លាប់​ចាញ់ សេង ស្រឿ​ន​ម្ដង​ដោយ​ពិន្ទុ ក៏​ការ​ប្រកួត​សម្រាប់​ថ្ងៃស្អែក មិន​អាច​ផ្អែក​តាម​លទ្ធផល​ចាស់​បាន​ទេ ដោយសារ​តែ​ការ​ប្រកួត​កាល​មុន​កីឡាករ​សល់ ពិសិដ្ឋ មិន​ទាន់​ល្អ​ដូច​ពេល​នេះ និង​ម្យ៉ាង​មក​ពី​ការ​ប្រកួត​លើក​នេះ គឺជា​ការ​ប្រកួត​ក្នុង​ន័យ​បិទ និង​បើកឱកាស​ទៅ​យក​ខ្សែក្រវាត់​របស់​K-Cement ដែល​មាន​ន័យ​ថា​អត់​មាន​អ្នក​ណា​ចង់​ចាញ់ ។ ការ​ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក អ្នក​ទាំង​ពីរ​មាន​៤​ពិន្ទុ​ដូច​គ្នា​ដោយសារ​តែ​មាន​លទ្ធផល​ឈ្នះ​១ ចាញ់​១​ដូច​គ្នា ។ ក្រុម​អ្នក​តាមដាន​ការ​ប្រកួត បាន​យល់​ឃើញ​ថា ការ​ប្រកួត​នៅ​រសៀល​ស្អែក​មិន​ថា ពិសិដ្ឋ ឬ​ស្រឿ​ន នោះ​ទេ ទោះ​អ្នក​ណា​ឈ្នះ ក៏​ទេវ​នា​ខ្លួន​មិន​ខុស​គ្នា ។ ជាក់ស្ដែង​បើ​គិត​ពី​ចំណុច​ល្អ គឺ​អ្នក​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស​ដូច​គ្នា​ទាំង​ផ្លែ​ដៃ កែង និង​ជង្គង់ ។

ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​បញ្ចប់​សម្រាប់​ពូ​ល​B នោះ​ដែរ កីឡាករ ឯម លី​ថូ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ និង​កីឡាករ​ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង មិន​មាន​សម្ពាធ​នោះ​ទេ ដោយសារ​តែ​ហេង វាសនា ទោះ​ចាញ់ ឬ​ឈ្នះ ក៏​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ហើយ​ត្រូវ​រង់​ចាំតែ​ដឹក​ដៃ​ម្នាក់​ក្នុង​ចំណោម​សល់ ពិសិដ្ឋ និង សេង ស្រឿ​ន យក​ទៅ​វគ្គ​ខ្វែង​ពូ​ល​ប៉ុណ្ណោះ​។

តាម​ការ​ប្រកាស​ឱ្យ​ដឹង ទាំង​កីឡាករ​ធី តុង​ហ៊ី និង​កីឡាករ​ថៃ ប៊ុ​ន​ហាន នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ទាំង​កីឡាករ​សល់ ពិសិដ្ឋ និង​កីឡាករ​សេង ស្រឿ​ន នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃខានស្អែក ពិតជា​គេច​មិន​ផុត​ពី​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក ។ ជា​ការ​ព្យាករ អ្នក​ទាំង​២ ពិតជា​បើក​ឆាកប្រយុទ្ធ​ខ្លាំងក្លា​ដាក់​គ្នា​ដើម្បី​អបអរ​ថ្ងៃ​ភ្ជុំបិណ្ឌ​មិន​ខាន មុន​នឹង​ម្នាក់​ៗ​រក​ឃើញ​ចាញ់​ឈ្នះ ដើម្បី​ឡើង​ទៅ​ស្រុក​ជួបជុំ​គ្រួសារ​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​នោះ ៕