ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​មក​លេង​ស្រុក​កំណើត​ថយ​ចុះ​អំឡុង​ភ្ជុំ​បិណ្ឌ​តាម​ច្រក​ប៉ោយប៉ែត

ទាញ​យក​កម្មវីធី

ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា ការ​ថយ​ចុះ​នេះ​ដោយសារ​ពលករ​ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ច្រក​ប៉ោយប៉ែត ហើយ​ពួក​គេ​បាន​ងាក​ទៅ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ផ្សេង​ជំនួស​វិញ។

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ការ​យល់​ឃើញ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល អំពី​ការ​ថយ​ចុះ​ចំនួន​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ នេះ។

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ស៊ឹម សំអាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ តុលា ថា ចំនួន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ជា​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ លោក​អះអាង​ថា មូលហេតុ​ដែល​ចំនួន​ពលករ​ត្រឡប់​មក​លេង​ស្រុក​កំណើត​ថយ​ចុះ​នេះ ដោយសារ​ចំនួន​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ការ​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «ខ្ញុំ​គិត​ថា បញ្ហា​នេះ​ដោយសារ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ស្រុក​មាន​តម្លៃ​ឈ្នួល​ខ្ពស់ ទើប​ធ្វើ​ឲ្យ​ពលករ​មួយ​ចំនួន​ងាក​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​វិញ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ពុំ​មាន​ការ​ថយ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា មូលហេតុ​ដែល​ពលករ​វិល​ត្រឡប់​មក​លេង​ស្រុក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ការ​ថយ​ចុះ​នេះ ដោយសារ​ពួក​គេ​ជួប​ឧបសគ្គ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ច្រក​នេះ។ លោក​អះអាង​ថា ពលករ​ធ្វើ​ដំណើរ​តាម​ច្រក​ប៉ោយប៉ែត ជួប​ការ​លំបាក ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​ច្រើន។ អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល​ច្រើន នាំ​ឲ្យ​ចំណាយ​ពេលវេលា​យូរ និង​សំបុត្រ​រថយន្ត​ឈ្នួល​នៅ​ប៉ោយប៉ែត មាន​តម្លៃ​ខ្ពស់ ជាដើម៖ «យើង​ឃើញ​ថា ការ​ដូរ​លុយ​ដូរ​កាក់​នៅ​កន្លែង​នោះ​មាន​ភាព​រញ៉េរញ៉ៃ ហើយ​ម្យ៉ាង​ទៀត ឡាន​ក្រុង និង​រថយន្ត​តាក់ស៊ី​ប្រចាំ​នៅ​ប៉ោយប៉ែត ហាក់​មាន​អ្នក​ប៉ាវ​ផ្ដាច់​មុខ​នូវ​តម្លៃ​សំបុត្រ ដែល​តែងតែ​បង្ខំ​ឲ្យ​ក្រុម​ពលករ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ខ្លួន»

រីឯ​អ្នក​រត់​តាក់ស៊ី​ពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្ត​បាត់ដំបង គឺ​លោក គុយ សុទ្ធា ថ្លែង​ថា ចំនួន​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ច្រើន។ លោក​អះអាង​ថា ពលករ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ជាដើម៖ «អ្នក​នាំ​ពលករ​ពី​ទឹក​ដី​ថៃ ចូល​មក​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែត តែងតែ​ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់​ច្រើន​ហួស​ហេតុ ខុស​ពី​តម្លៃ​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ពលករ​នៅ​ក្នុង​ទឹក​ដី​ថៃ»

របាយការណ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្ហាញ​ថា ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ស្រប​ច្បាប់ ហើយ​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​ឆ្នាំ​នេះ​ប្រមាណ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​ថយ​ចុះ​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដែល​ចំនួន​ពលករ​ប្រមាណ​ពី ៥០០​នាក់​ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។