តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​លោក នី ចរិយា ចូលខ្លួន​នៅ​ថ្ងៃទី​២១ ខែតុលា

ភ្នំពេញ: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ នៃ​សមាគម​អាដហុក ចូលខ្លួន​នៅ​តុលាការ នា​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ខាងមុខនេះ ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើររឿង បរិហាកេរ្តិ៍​ជា​សាធារណៈ ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ​ដើម្បី​ធ្វើ​លើ​យុត្តាធិការ ពាក់ព័ន្ធ​ការចោទប្រកាន់​លើ​ព្រះរាជអាជ្ញារង និង​ចៅក្រម នៅ​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ យក​ដី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រគល់​ឲ្យ​សមាគម​វៀតណាម​។​

​ដីកា​បាន​បញ្ជាក់ថា ក្នុងករណី​មិន​ចូលខ្លួន ចៅក្រម​អាច​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន និង​ជា​ចុងក្រោយ​អាច​បញ្ជា​ឲ្យ​នាំខ្លួន​តាម​ក្រមនីតិវិធី​។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន របស់លោក​វ៉េង ហ៊ត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​ធ្លាក់​ដល់​​ដៃ​អ្នកកាសែត នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នេះ​៕​