ក្រសួងការបរទេស នឹង​ប្រជុំ ថ្ងៃទី​១៤​តុលា ដើម្បី​ជ្រើសរើស​ប្រពល​រដ្ឋ​កម្ពុជា​មួយរូប ដើម្បី​ទទួល​រង្វាន់ ១​ម៉ឺន​ដុល្លារ ក្នុង​កម្មវិធី​រង្វាន់​ប្រជាជន​អាស៊ាន​

ភ្នំពេញ: ​បន្ទាប់ពី​បានចេញ​ផ្សាយ​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០១៥ និង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១៥ ស្តីពី ការជ្រើសរើស​ពលរដ្ឋ​កម្ពុជា​មួយរូប ដើម្បី​ទទួល​រង្វាន់ ជា​ទឹកប្រាក់​ចំនួន ១០.០០០ ដុល្លា​អាមេរិក (​មួយ​ម៉ឺន​ដុល្លា​) ក្នុង​កម្មវិធី "​រង្វាន់​ប្រជាជន​អាស៊ាន​" (ASEAN Peoples‘ Awards) នាឱកាស​កិច្ចប្រជុំ​កំពូល អាស៊ាន លើក​ទី​២៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ បច្ចុប្បន្ន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួលបាន​បេក្ខភាព ចូលរួម​ចំនួន ១៤ រូប​។​
​    ​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះផ្សាយ​នៅ​ថ្ងៃទី​៨​តុលា​នេះ បង្ហាញ​ថា នៅ​ថ្ងែ​ទី​១៤ ខែតុលា ឆ្នាំ​២០១៥ គណៈកម្មការ​ជ្រើសរើស​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹងធ្វើ​ការប្រជុំ ដើម្បី​ពិនិត្យ​ការចូលរួម​វិភាគទាន​របស់​បេក្ខជន​និ​មួយៗ ក្នុង​ការកសាង​សហគមន៍​អាស៊ាន ព្រមទាំង​កម្មវិធី​សហគមន៍​របស់ខ្លួន នាពេល​អនាគត ដើម្បី​ធ្វើការ​វាយ​តំលៃ​ជ្រើសរើស​ជ័យលាភី ១ រូប សំរាប់​ទទួល​រង្វាន់​ក្នុង​កម្មវិធី​នេះ​៕