ប៉ូលិសឃាត់​​រថយន្ដក្រុង​វៀតណាម​លួច​បង្កប់​ឈើ​ប្រណីត​​ក្រោម​កៅ​អី​ប្រុងលោតឆត្រ

​ខេត្ត​មណ្ឌល​គិរី​ ៖​ រថយន្ដក្រុង​ពាក់​ស្លាក​លេខ​វៀតណាម​ មួយ​គ្រឿង​ ត្រូវ​បាន​​​នគរបាល​សេដ្ឋកិច្ច​ខេត្ត ​និង​នគរបាល​សេដ្ឋកិច្ច​ក្រសួង ​ចាប់​ឃាត់​​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ​តុលា ​​២០១៥ ​នៅ​ចំណុច​​ចំណត​រថយន្ត​ថ្មី​ ក្នុង​ស​ង្តា​ត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​ឈើប្រណីត​បង្កប់​ក្រោម​កៅអី​ ។

លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ បាន​ឲ្យ​ដឹង​ថា​ ដោយសារ​នៅ​តាម​ដងផ្លូវ​មាន​សភាព​ចង្អៀត​នោះ​ ទើប​លោក​បញ្ជា​ឲ្យ​នាំ​រថយន្ត​ដឹក​បទល្មើស​នោះ​មក​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ រួច​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​បង្កប់​ឈើ​​ប្រណីត​ប្រភេទ​នាងនួន​ ធ្នង់ ឈើ​ពក មួយ​ចំនួន ​​ដែល​​ឈ្មួញ​​លាក់​​ទុក​​នៅ​ក្រោម​កៅអី​ ​ដោយ​​រថយន្តក្រុង​១​គ្រឿង​នេះ​ ពុំ​មាន​ដឹក​អ្នកដំណើរ​ទេ មាន​តែ​​អ្នក​បើក​បរ​ និង​ព្រូ​រថយន្ត​​ម្នាក់​ប៉ុណ្ណោះ​ ។

បើ​តាម​ប្រភព​ព័ត៌មាន បាន​បង្ហើប​ថា ​រថយន្ដក្រុង​១​គ្រឿង​ខាងលើ​នេះ​ តែង​តែ​ធ្វើ​​ចរាចរ​ណ៏​រៀងរាល់ថ្ងៃ​ចេញចូល​តាម​ច្រក​ទ្វា​រទ្វេរ​ភាគី​ដាក់​ដាំ​ ដោយ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​រថយន្តក្រុង​១​គ្រឿង​នេះ បែរជា​លួច​បង្កប់​ឈើប្រណីត​ជំនួស​អ្នកដំណើរ​ទៅ​វិញ​ ។

ពាក់​ព័​ន្ឋ​ករណី​ខាង​លើ​​នេះ ​លោក យូ សុធា​ មេ​ប៉ុស្តិ៍​ទ្វេភាគី​ដាក់​ដាំ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​មិន​មាន​អ្នកទទួល​ ៕ ​