ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ចំនួន​៥ សម្រេច​ចុះ​ថ្លៃ​សាំង​១០០​រៀល​ក្នុង​មួយ​លីត្រ ដល់​ថ្ងៃ​ទី​១៥​តុលា

ក្រុមហ៊ុន​ឥន្ធនៈ​ចំនួន​៥ បាន​សម្រេច​ចុះ​តម្លៃ​ប្រេង​សាំង​១០០​រៀល​ក្នុង​មួយ​លីត្រ ចាប់​ពី​ថ្ងៃ​ទី​៩​តុលា​ស្អែក​នេះ រហូត​ដល់​ថ្ងៃទី​១៥​តុលា​ខាង​មុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ចំនួន​៨ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ទីស្ដី​ការ​ក្រសួង​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​ទាំង​៥​ដែល​សម្រេច​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នោះ​មាន​ដូច​ជា ក្រុមហ៊ុន​សូគីមិច ក្រុមហ៊ុន​តេឡា ក្រុមហ៊ុន​សាវីមិច ក្រុមហ៊ុន​ BVM និង​ក្រុមហ៊ុន LHR។ ដោយ​ឡែក ក្រុមហ៊ុន​ចំនួន​៣​ផ្សេង​ទៀត គឺ​ក្រុមហ៊ុន​កាល់តិច ក្រុមហ៊ុន​តូតាល់ និង​ក្រុមហ៊ុន PTT ដែល​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ បាន​សន្យា​ថា​នឹង​ផ្ដល់​ចម្លើយ​នា​ពេល​ក្រោយ ដោយ​រង់​ចាំ​​ពិភាក្សា​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ជា​មុន​សិន​៕