ក្រុមហ៊ុនប្រេងសាំង ចំនួន៥ ក្នុងចំណោម៨ យល់ព្រមទម្លាក់ថ្លៃ ១០០រៀល ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៥ ខែតុលា

ភ្នំពេញ៖ ឆ្លងតាមកិច្ចប្រជុំ អន្តរក្រសួងជាមួយ ក្រុមហ៊ុនប្រេងឥន្ធនៈទំាងអស់នៅកម្ពុជា នាទីស្តីការក្រសួង ពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៥នេះ ក្រុមហ៊ុនប្រេងឥន្ធនៈចំនួន៥ បានយល់ព្រមបញ្ចុះតម្លៃ ១០០រៀល ក្នុងមួយលីត្របន្ថែមទៀត ចាប់ពីថ្ងៃទី០៩ ខែតុលាស្អែកនេះ ដល់ថ្ងៃទី១៥ ខែតុលា ។ នេះបើយោងតាម លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបា្រប់ក្រុមអ្នកកាសែត នៅក្រោយកិច្ចប្រជុំខាងលើ ។

ក្រុមហ៊ុនប្រេងឥន្ទនៈទាំង៥ដែលបញ្ចុះនោះមាន សូគីម៉ិច តេលា LHR សាវីម៉ិច និងBVM ដោយឡែកក្រុមហ៊ុន ៣ទៀត ដែលមិនទាន់សម្រេចថា បញ្ចុះតម្លៃ១០០រៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សុទ្ធតែជាក្រុមហ៊ុនបរទេស រួមមានក្រុមហ៊ុន កាល់តិច តូតាល់ និងភីធីធី ប៉ុន្តែក្រុមហ៊ុនទាំងនោះបានសន្យាថា និងផ្តល់ចម្លើយជូនក្រសួង ពាណិជ្ជកម្ម បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រុមហ៊ុនធំ ។

យ៉ាងណាក៏ដោយ បើតាមលោករដ្ឋមន្រ្តី រូបមន្តដើម្បីកំណត់ថ្លៃប្រេងទូទៅនៅកម្ពុជា មិនទាន់ឯកភាពគ្នា នៅឡើយទេ រហូតដល់ក្រោយភ្ជុំបិណ្ឌទើបពិភាក្សាបន្តទៀត៕