សាកទស្សន៍ទាយ ទៅមើលថា តើសម្លៀកបំពាក់ ដ៏ស្រស់ស្អាត ទាន់សម័យនេះ បង្កើតឡើងពីអ្វី?

ភ្នំពេញ៖ ក្រុមហ៊ុនហ្វដម៉ូទ័រ (Ford Motor) កំពុងធ្វើការស្វែងរក នូវអ្នកច្នៃម៉ូតដែល មានថ្វីដៃល្អក្នុងការច្នៃប្រឌិត នូវសម្ភារប្រើប្រាស់ ច្នៃចេញពីសំណល់ផ្លាស្ទិច ដើម្បីប្រកួតយកពានរង្វាន់ អ្នកច្នៃម៉ូតរបស់ ក្រុមហ៊ុនហ្វដ (Ford) ។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់សិស្ស និស្សិត ០៣នាក់ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ មកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអ៊ឺរ៉ុប ដោយក្រុមហ៊ុននឹងផ្តល់ជូននូវវត្ថុធាតុដើម ដែលនៅសេសសល់ពីការផលិត រថយន្តហ្វដ (Ford) ព្រមទំាង ទឹកប្រាក់ ១០០០ដុល្លាសហរដ្ឋអាមេរិច សម្រាប់ជាទុនប្រើប្រាស់ក្នុងការប្រកួតនេះ ។

ជយលាភីទាំង ០៣នាក់នោះ នឹងមានឱកាសក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈការតម្រូវឲ្យ ច្នៃប្រឌិតនូវសម្លៀកបំពាក់ ដែលបង្កើតឡើងពីក្រណាត់កៅអីរថយន្ត ដែលផ្តល់ដោយក្រុមហ៊ុនហ្វដ (Ford) ក្នុង គោលបំណងជម្រុញឲ្យមនុស្សជាតិយល់ដឹង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនហ្វដ (Ford) នឹងធ្វើការផ្តល់ជូននូវស្រោមកៅអីរថយន្ត ដែលផលិតពីសំណល់ដបផ្លាស្ទិច ដល់បេក្ខជន ដែលចូលរួមប្រកួតសម្រាប់យកទៅច្នៃម៉ូតសម្លៀកបំពាក់ផងដែរ ។

«ក្នុងនាមយើងជាអ្នកផលិតរថយន្ត យើងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីចូលរួមកាត់បន្ថយនូវផល ប៉ះពាល់ បរិស្ថាន ជាពិសេសកាត់បន្ថយការកើនឡើងនូវឧស្ម័នកាបូនិកនៅក្នុងបរិយាកាស»។ នេះបើតាមការ បញ្ជាក់ របស់កញ្ញា ឈែល ស៊ីលីវ ប្រធានផ្នែកច្នៃម៉ូតរបស់ក្រុមហ៊ុនហ្វដ (Ford) ។ កញ្ញាបានបន្ថែមទៀតថា «ជាច្រើនឆ្នាំ កន្លងមក យើងទទួលបានជោគជ័យក្នុងការផលិតរថយន្តហ្វដ (Ford) ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយ ប្រើប្រាស់វត្ថុធាតុដើមកែច្នៃចេញពីសំណល់ដបផ្លាស្ទិច កប្បាស ក្រចៅ ចំបើង គ្រាប់សណ្តែក និងប្រេងល្ហុងខ្វង ជាដើម» ។

កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់បេក្ខជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ បានបញ្ចេញនូវ ទេពកោសល្យរបស់ខ្លួន តាមរយៈការប្រើប្រាស់កាកសំណល់យកមកកែច្នៃរចនាជាម៉ូតសម្លៀកបំពាក់។ លើសពី នេះទៅទៀត ក្រុមហ៊ុនហ្វដ (Ford) ចង់ជំរុញឲ្យមានការកែច្នៃនូវសម្ភារដែលប្រើប្រាស់រួច ទុកជាសម្ភារដែលមាន ប្រយោជន៍ និងរួមគ្នាការពារបរិស្ថាន ។

កញ្ញា លីវ បានបន្ថែមទៀតថា «តាមរយៈកម្មវិធីនេះ យើងបានជំរុញឲ្យបេក្ខជនខិតខំបង្កើត និងច្នៃប្រឌិតបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗក្នុងការកែច្នៃនូវក្រណាត់ និងម៉ូតដែលទាន់សម័យ ។ ការផ្តល់ជូននូវវត្ថុ ធាតុដើម សម្រាប់ការរចនានូវសម្ភារប្រើប្រាស់នេះ យើងជឿជាក់ថានៅថ្ងៃអនាគត អ្នកច្នៃម៉ូតទំាងអស់នឹងនៅ តែបន្តគំនិតថ្មីៗនិងល្អៗ ក្នុងការបង្កើតសម្ភារប្រើប្រាស់ ដែលច្នៃចេញពីកាកសំណល់នានា»។

ក្រុមហ៊ុនហ្វដ (Ford) នឹងនៅតែបន្តសហការជាមួយនឹងអង្គការ Redress ជាអង្គការមួយដែលបង្កើតឡើងដើម្បី ទប់ស្កាត់នូវផលប៉ះពាល់ទៅលើបរិស្ថាន ដោយផ្តួចផ្តើមចេញពីវិស័យច្នៃប្រឌិតសម្ភារប្រើប្រាស់ពីកាកសំណល់ ដើម្បីបង្កើតឲ្យមានការប្រកួតនូវការច្នៃម៉ូតរបស់ហ្វដ (Ford) ឆ្នាំ២០១៦ នេះ ។ នៅក្នុងកម្មវិធីនេះ បេក្ខជនទំាង ១០នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតនេះ នឹងតម្រូវឲ្យប្រើប្រាស់នូវស្រោមកៅអីរថយន្តហ្វដ (Ford) ដើម្បីកែច្នៃឲ្យចេញជាម៉ូតសម្លៀកបំពាក់ ។

សម្លៀកបំពាក់ដែលមានការច្នៃប្រឌិតខ្ពស់ជាងគេ នឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីបង្ហាញម៉ូត Hong Kong Fashion Week ដែលជាផ្នែកមួយនៃកម្មវិធីប្រកួតច្នៃម៉ូតរបស់ហ្វដ (Ford) ។

ការប្រកួតច្នៃម៉ូតរបស់ក្រុមហ៊ុនហ្វដ (Ford) នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ ហើយបេក្ខជន អាចចាប់ផ្តើមចុះឈ្មោះចូលរួមប្រកួត ចាប់ពីថ្ងៃនេះតទៅ នៅលើគេហទំព័ររបស់ក្រុមហ៊ុនហ្វដ (Ford) www.digitalsnippets.ford.com/fordgrant ៕

សាកទស្សន៍ទាយ ទៅមើលថា តើសម្លៀកបំពាក់ ដ៏ស្រស់ស្អាត ទាន់សម័យនេះ បង្កើតឡើងពីអ្វី?