កីឡាវាយកូន​បាល់កម្ពុជា ៣រូប ត្រៀមចូល​រួម​ប្រកួត​ពាន​រង្វាន់ WTA នៅសិង្ហបុរី

ភ្នំពេញ៖ មន្ដ្រីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា នៅចុងខែតុលាខាងមុខនេះ សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការីជម្រើសជាតិចំនួន ៣រូប ទៅចូលរួមប្រកួតពានរង្វាន់កីឡាវាយកូនបាល់យុវជនអាយុក្រោម ១៦ឆ្នាំ កម្រិតពិភពលោក (WTA) នៅប្រទេសសិង្ហបុរី ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធវាកូនបាល់កម្ពុជា បានបញ្ជាក់ថា អត្តពលិកវ័យក្មេង ដែលសហព័ន្ធបាន ជ្រើសរើស ដើម្បីបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក នាពេលខាងមុខ គឺមានកីឡាករម្នាក់ និង កីឡាការិនី ២នាក់ រួមានកីឡាករ ឈាង វណ្ណាស័ក្ក, កីឡាការិនី ហួរ ស្រីពៅ និងកីឡាការិនី ហូ ស្រីណុច ។

លោកបន្ដថា គោលដៅនៃការបញ្ជូនអត្តពលិកវ័យក្មេងលើកនេះ គឺដើម្បីផ្ដល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ថ្មី សម្រាប់អភិវឌ្ឍន៍ ខ្លួនឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត ហើយក៏ដើម្បីជំរុញវិស័យកីឡាវាយកូនបាល់កម្ពុជាឲ្យកាន់ តែរីកចម្រើនផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ហើយបើតាមការគ្រោងទុកយ៉ាង ហោចណាស់ក៏មាន ប្រទេសចំនួន១២ដែរ ដែលបានត្រៀមខ្លួនបញ្ជូនអត្តពលិកវ័យក្មេងរបស់ខ្លួនមកចូលរួមក្នុង ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ៕

កីឡាវាយកូន​បាល់កម្ពុជា ៣រូប ត្រៀមចូល​រួម​ប្រកួត​ពាន​រង្វាន់ WTA នៅសិង្ហបុរី