លោក Jack Ma ពន្យល់​ពី​ដើម​ហេតុ នាំ​ឲ្យ​សម្រេច​ប្រើ​ឈ្មោះ «Alibaba»

ចិន៖ មានសំណើរជាច្រើន បានចោទសួរទៅកាន់លោក Jack Ma មេធំរបស់ Alibaba ប៉ុន្តែសំណួរដែលគួរឲ្យចាប់អារម្មណ៍ ជាងគេនោះគឺថា តើហេតុអ្វីបានជាលោក ជ្រើសរើសឈ្មោះ «Alibaba»? ចម្លើយយ៉ាងខ្លីបំផុត គឺលោកចង់បង្កើតក្រុមហ៊ុនមួយ ដែលមានលក្ខណៈអន្តរជាតិ និងប្រើឈ្មោះអន្តរជាតិ ប៉ុន្តែចម្លើយនេះ វាហាក់ដូចជាខ្លី និងមិនអស់ន័យនោះទេ។

លោក Jack Ma បានបង្ហោះ នៅលើគេហទំព័រ Alibaba ថា ដើមហេតុដែលនាំឲ្យប្រើឈ្មោះ «Alibaba» មានដូចខាងក្រោម៖

នៅថ្ងៃមួយ លោកបានទៅកាន់ ទីក្រុង San Francisco និងបានចូលផឹកកាហ្វេ នៅក្នុងហាងមួយ ពេលនោះ លោកបានគិតឃើញពាក្យមួយ គឺ «Alibaba» ថា វាគឺជាឈ្មោះមួយដ៏ល្អ។ ពេលនោះ លោកបានសួរទៅកាន់ អ្នកបម្រើស្រីថា តើអ្នកស្គាល់ ឬដឹងអំពី «Alibaba» ទេ? ពេលនោះ អ្នកបម្រើស្រីបានឆ្លើយថា ស្គាល់ និងដឹងរឿងរ៉ាវវាច្រើន។ លោក Jack Ma ក៏សួរបន្ដទៀតថា តើអ្នកដឹងដោយរបៀបណា? អ្នកបម្រើស្រីបានឆ្លើយថា Alibaba ជារឿងនិទានមួយ និងមានន័យជាភាសាអង់គ្លេសថា «Open Sesame»។

ក្រោយចេញពីហាងកាហ្វេ លោក Jack Ma បានសួរទៅកាន់មនុស្ស ប្រមាណ ៣០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណើរតាមដងផ្លូវ មានជនជាតិអាមេរិក ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន និងចិន ពេលនោះ ពួកគេបានឆ្លើយដូចគ្នាថា ស្គាល់ Alibaba។ ក្រោយពីទទួលចម្លើយនេះ លោក Jack Ma ក៏សម្រេចដាក់ឈ្មោះ ក្រុមហ៊ុនថា Alibaba តែម្ដង។

គួរបញ្ជាក់ផងដែរថា Alibaba បង្កើតឡើងនៅឆ្នាំ ១៩៩៩ ក្នុងប្រទេសចិន ដោយមានសហស្ថាបនិក ១៨នាក់ ជាមួយនឹងលុយ ៦ម៉ឺនដុល្លារអាមេរិក តែពេលនេះអាចរកចំណូលបានជិត ១២ពាន់លាន ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕

លោក Jack Ma ពន្យល់​ពី​ដើម​ហេតុ នាំ​ឲ្យ​សម្រេច​ប្រើ​ឈ្មោះ «Alibaba»