ដំណើរ​ទស្សនកិច្ច​របស់​បក្ស​ប្រឆាំង​នៅ​ឧត្តរ​មាន​ជ័យ​ជួប​ឧបសគ្គ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ក្បួន​រថយន្ត​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​នឹង​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​មួយ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាលពី​ថ្ងៃ​ពុធ។

លោក រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​តវ៉ាគំរាម​កំហែង​នៅ​ពេល​ទៅ​ដល់​ខេត្ត​នេះ ដោយ​មាន​គេ​រារាំង​ក្បួន​រថយន្ត​របស់​លោក​នៅ​ពេល​បម្រុង​ទៅ​ធ្វើ​ទស្សនកិច្ច​វត្ត​មួយ​ក្នុង​ក្រុង​សំរោង​របស់​ខេត្ត​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​និយាយ​ថា បន្ទាប់មក​លោក​ត្រូវ​បង្ខំ​ចិត្ត​លុប​ចោល​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក​អន្លង់​វែង បន្ទាប់ពី “ក្រុម​ជនប្រើ​​ហិង្សា” និង​អ្វី​ដែល​លោក​បាន​និយាយ​ថា ជា​ទាហាន​មិន​ពាក់​ឯកសណ្ឋាន​បាន​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​ដែល​លោក​មាន​គម្រោង​ថ្លែង​ទៅ​កាន់​សមាជិក​បក្ស។

មេបញ្ជាការ​យោធា​មួយ​រូប​បាន​បដិសេធ​ការ​អះអាង​នេះ។

លោក កឹម កុសល ដែល​បាន​ដឹកនាំ​បាតុករ​ប្រហែល​៣០០​នាក់​ប្រឆាំង​​​នឹង​លោក រង្ស៊ី នៅ​ពេល​លោក​បាន​ចូល​​ក្រុង​សំរោង​កាលពី​ព្រឹក​ថ្ងៃ​ពុធ បាន​និយាយ​ថា ពួកគេ​ទាំង​អស់​គ្នា​ជា​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធុញទ្រាន់​នឹង​នយោបាយ​របស់​លោក រង្ស៊ី។

លោក កុសល បាន​និយាយ​ថា “គាត់​តែងតែ​ភូត​កុហក​អ្នក​ភូមិ និង​សកម្មជន​របស់​គាត់ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ”។

ក្បួន​រថយន្ត​របស់​លោក រង្ស៊ី បាន​ឆ្លង​ផុត​អ្នក​តវ៉ា ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯរង្វង់​មូល​មួយ​នៅ​ជាយ​ក្រុង​នេះ មុន​ពេល​ក្រុម​នេះ​ឡើង​គោយន្ត​២០​គ្រឿង និង​បើក​ពេញ​ផ្លូវ​ក្រុង​សំរោង អំឡុង​ពេល​ទស្សនកិច្ច​ពេល​ព្រឹក​របស់​លោក។

កាលពី​ខែ​សីហា លោក កុសល អតីត​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​អ្វី​ដែល​លោក​បាន​និយាយ​ថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ការ​ទោមនស្ស​ចំនួន​៥៦៤​នាក់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ចលនា​មួយ​ដែល​ត្រូវ​បាន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​​ថា​ជា​កលល្បិច​នយោបាយ។

អ្នក​តវ៉ា​ម្នាក់​ដែល​បាន​មក​តវ៉ា​កាលពី​ថ្ងៃ​ពុធ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ព្រោះ​ខ្លាច​មាន​ការ​សងសឹក បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា លោក​នឹង​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​លោក រង្ស៊ី នោះ​ទេ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​មក​តាម​អ្នក​ភូមិ​ផ្សេងទៀត ពីព្រោះ​គេ​បាន​ប្រាប់​យើង​ថា យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រជុំ​មួយ​នៅ​សាលា​ក្រុង។ ប្រសិនបើ​ខ្ញុំ​បាន​ដឹង​ថា វា​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​គាត់ អ្នក​ភូមិ​ផ្សេងទៀត​និង​ខ្ញុំ​នឹង​មិន​មក​ទីនោះ​ទេ”។

អ្នក​តវ៉ា​ម្នាក់​ទៀត ដែល​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​ដែរ បាន​និយាយ​ថា គេ​បាន​បើក​ប្រាក់​ឲ្យ​គាត់​៥​ដុល្លារ​ឲ្យ​ទៅ​ចូលរួម​ពិធី​ទទួល​អ្នក​ផ្តាច់​ខ្លួន​កាលពី​ខែ​សីហា ហើយ​លោក​បាន​គិត​ថា បាតុកម្ម​កាលពី​ថ្ងៃ​ពុធ​គឺ​ស្រដៀង​តែ​គ្នា​ហ្នឹង។

លោក​បាន​និយាយ​ថា “យើង​ក្រីក្រ ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ជា​ថ្មី​ទៀត​ពី​ការ​ចូលរួម​ប្រជុំ។ ប៉ុន្តែ យើងអត់បានទទួល​​​អ្វី​ទេ”។

លោក កុសល បាន​បដិសេធ​ថា​មិន​បាន​ប្រើ​ល្បិច​បញ្ឆោត​អ្នក​ភូមិ​ឲ្យ​មក​ចូលរួម​បាតុកម្ម​នេះ​ទេ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា មាន​ការ​យល់​ច្រឡំខ្លះ។

លោក​បាន​និយាយ​ថា “ខ្ញុំ​ទទួល​ស្គាល់​ថា មាន​អ្នក​ខ្លះ​ដែល​ភាន់​ច្រឡំ​ថា មក​ជាមួយ​ខ្ញុំ​បាន​អំណោយ”។

បន្ទាប់ពី​ធ្វើ​ដំណើរ​ផុត​ពី​ក្រុម​អ្នក​តវ៉ា​នៅ​ជាយ​ក្រុង​នោះ​មក ក្បួន​ដំណើរ​របស់​លោក រង្ស៊ី បាន​បន្ត​ទៅ​ដល់​វត្ត​រាជា​សំរោង ប៉ុន្តែ​ត្រូវ​បាន​រាំង​ផ្លូវ​មិន​ឲ្យ​ចូល​ដោយ​លោក ឈឹម តឿ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត។

លោក តឿ បាន​និយាយ​ថា លោក​បាន​ចត​រថយន្ត តូយ៉ូតា ឡិនគ្រូស័រ របស់​លោក​នៅ​មុខ​ខ្លោង​ទ្វារ​ចូល​វត្ត​តាម​បញ្ជា​ថ្នាក់​លើ​របស់​គាត់។

ដោយ​មិន​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ចេញ​បញ្ជា​ជា​នរណា​នោះ លោក​បាន​និយាយ​ថា “ខ្ញុំ​ធ្វើ​ពីព្រោះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ”។

លោក គិញ វណ្ណៈ នាយក​ប្រតិបត្តិ​ស្តីទី​នៃ​គណៈកម្មាធិការ​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា លោក រង្ស៊ី បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រហែល​៣០០​នាក់​នៅ​ទីស្នាក់ការ​ខេត្ត​របស់​គណបក្ស បន្ទាប់ពី​ហេតុការណ៍​នៅ​វត្ត​នោះ។

បន្ទាប់ពី​ការ​ឈប់​សំចត​នៅ​ក្រុង​សំរោង លោក រង្ស៊ី បាន​និយាយ​ថា លោក​ក៏​មាន​ផែនការ​​ជួបសំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​អន្លង់​វែង ប៉ុន្តែ​បាន​លុប​ចោល​​ទៅ​វិញ ពីព្រោះ “ពួក​ប្រុសៗ​ដែល​ស្លៀក​ពាក់​ខោអាវ​ធម្មតា​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ផ្ទះ​របស់​សកម្មជន​មូលដ្ឋាន​ម្នាក់ ដែល​នឹង​មាន​ការ​ប្រជុំ​ទី​នោះ។

លោក រង្ស៊ី បាន​និយាយ​ថា លោក​ជឿ​ថា អ្នក​ដែល​ប្រមូល​ផ្តុំ​គ្នា​ទាំង​នោះ​គឺ​មក​ពី​កង​យោធពល​ខេមរភូមិន្ទ ពីព្រោះ​ពួកគេ​មក​ដោយ​ជិះ​រថយន្ត​យោធា។

លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​របស់​យើង​ប្រឈម​នឹង​អំពើ​ហិង្សា​ណាមួយ​ទេ ហើយ​ខ្ញុំ​បាន​សម្រេច​លុប​វា​ចោល​ទៅ​វិញ”។

លោក យឹម ផាន់ណា មេបញ្ជាការ​រង​យោធភូមិភាគ​៤​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​បដិសេធ​ថា មិនបាន​ដាក់​ទាហាន​ដើម្បី​គំរាម​លោក រង្ស៊ី និង​អ្នក​គាំទ្រ​របស់​លោកទេ​។ ឧត្តម​សេនីយ៍​ទោ ផាន់ណា បាន​និយាយ​ថា “ជា​គោលការណ៍ មិន​មាន​ទាហាន​ក្នុង​ឯកសណ្ឋាន ឬ ក្នុង​សម្លៀក​បំពាក់​ស៊ីវិល ដាក់​ពង្រាយ​ដើម្បី​គំរាម​គាត់​ទេ។ តាម​យើង​ទាំង​អស់​គ្នា​ដឹង តំបន់​នេះ​ជា​តំបន់​យោធា ដូច្នេះ ជា​ធម្មតា​ទេ​ដែល​មាន​ទាហាន​បើក​បរ​រថយន្ត​ទៅ​វិញ​ទៅ​មក​នោះ”៕ និត (រាយការណ៍​បន្ថែម​ដោយ Anthony Jensen)

 

The post ដំណើរ​ទស្សនកិច្ច​របស់​បក្ស​ប្រឆាំង​នៅ​ឧត្តរ​មាន​ជ័យ​ជួប​ឧបសគ្គ appeared first on ខេមបូឌា ដេលី.