រដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​

: ​រាជរដ្ឋាភិបាល បាន​កសាង​ផ្លូវ​ជនបទ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ងាយស្រួល​ធ្វើចរាចរ អ្នកប្រើប្រាស់​ផ្លូវ​កើនឡើង ដឹកជញ្ជូន​លើស​ទម្ងន់ និង​បើកបរ​ក្នុង​ល្បឿន​លឿន បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់ ដូច្នេះ​រាជរដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សុ​វត្ថ​ភាព​ចរាចរណ៍​។​

​នេះ​ជាការ​លើកឡើង​របស់លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានប្រកាស​បើក​យុទ្ធ​ន្នា​ការ​សុវត្ថិភាព​ចរាចរណ៍​ក្រោម​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​វិទ្យាល័យ​មោង​ឬ​ស្សី ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

​លោក ជា សុផារ៉ា មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​បាន​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ចាត់ទុកថា ជា​វិស័យ​អាទិភាព ដើម្បី​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី សាធារណៈរដ្ឋ​កូរ៉េ និង​ជំនួយឥតសំណង​របស់​មូលនិធិ​អភិវឌ្ឍន៍​ណ័​រ​ឌិ​ក បាន​កែលម្អ​ផ្លូវ​ជនបទ​ក្រាល​ក្រួស​ក្រហម ឲ្យ​ទៅជា​ផ្លូវ​ជនបទ ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ (DBST)​ចំនួន ២២ ខ្សែ សរុប​ប្រវែង ៥៤៤,៤៤ គីឡូម៉ែត្រ រួចរាល់​ជា​ស្ថាពរ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ៨ គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិសាត់ សៀមរាប កំពង់ធំ និង​ខេត្តបាត់ដំបង​។ ដោយឡែក​ខេត្តបាត់ដំបង ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន ៤ ខ្សែ​សរុប​ប្រវែង ៧២,២៥ គីឡូម៉ែត្រ និង​លូ​គ្រប់​ប្រភេទ​ចំនួន ៧៤ កន្លែង ស្ថិតនៅក្នុង​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​រុក្ខ​គី​រី ដែលជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៥ ឆ្ពោះទៅកាន់​ទីផ្សារ និង​ទីប្រជុំជន​នៃ​តំបន់​ជនបទ​។​

​នៅក្នុង​ឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល នឹង​បន្ត​កែលម្អ​ផ្លូវ​ជនបទ​ក្នុងដំណាក់កាល​ទី​២ ដោយ​កែប្រែ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ (DBST) ប្រវែង ១២០០ គីឡូម៉ែត្រ បន្ថែមទៀត នៅក្នុង​ខេត្ត​ចំនួន ៩ ក្នុងនោះ​ខេត្តបាត់ដំបង​នឹង​ទទួលបាន ១០២,៧០ គីឡូម៉ែត្រ ដោយ​រួមបញ្ចូល​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​ផងដែរ ។

​លោក​រដ្ឋមន្ដ្រី បាន​បន្តទៀតថា រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ជនបទ​ឲ្យ​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ងាយស្រួល​ធ្វើចរាចរ អ្នកប្រើប្រាស់​ផ្លូវ​កើនឡើង ដឹកជញ្ជូន​លើស​ទម្ងន់ និង​បើកបរ​ក្នុង​ល្បឿន​លឿន បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់ ដូច្នេះ​រាជរដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សុ​វត្ថ​ភាព​ចរាចរណ៍​។

​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ជួយ​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​បន្ត អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​អាយុជីវិត​យើង គ្រួសារ​យើង និង​អ្នកដទៃ និង​សូម​ឲ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះថា “​សុវត្ថិភាព​របស់​អ្នក គឺជា​សុវត្ថិភាព​យើងទាំងអស់គ្នា​” ស្របតាម​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ មិន​ឲ្យ​យក​ដី​នៅជាប់​ផ្លូវ​ជនបទ​ទាំងអស់ មកលើ​ជា​តួ​ផ្លូវ ដែលជា​ហេតុ​នាំ​ធ្វើ​ឲ្យ​មាន​ការហូរ​ច្រោះ​តួ​ផ្លូវ និង​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។​

​នៅ​ទីបញ្ចប់​លោក​រដ្ឋមន្ត្រី គណៈអធិបតី និង​អ្នកចូលរួម​ទាំងអស់​បាន​ទស្សនាការ​សម្តែង​អប់រំ​របស់​សិក្សា​នុ​សិស្ស ស្តីពី​ការធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ និង​ឆ្លងផ្លូវ​ប្រកបដោយ​សុវត្ថិភាព និង​បាន​ជូន​ជា​ថវិកា ១ លាន​រៀល សម្រាប់់​សិស្សានុសិស្ស ដែល​បាន​ចូលរួម​សម្តែង និង​បាន​ចែក​ចែក​មួកសុវត្ថិភាព​មួយចំនួន​ដល់​សិស្សានុសិស្ស​ផងដែរ​៕​

រដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​

រដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​

រដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​

រដ្ឋាភិបាល បានដាក់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​