នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​៥​នាក់

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៥​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន ​ខណៈ​ធ្វើ​សកម្មភាព​ណាត់ជួប​គ្នា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៧ តុលា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ក្រាំ​ងពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។
នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ កែវ ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្រាំង​ពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ២-​ឈ្មោះ ជា សុ​ជាតិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​វាំង​ចាស់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ៣-​ឈ្មោះ ប៊ូ គី​ម​សឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅ​ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​, ៤-​ឈ្មោះ ដំ មក​រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​៥-​ឈ្មោះ សុ​ន ស៊ុន​លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​ក្រាំ​ងពន្លៃ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

លោក ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​មានការ​ណាត់ជួប​គ្នា​ដោះ​ដូរ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ឃ្លាំ​មើល​រហូត​ដល់​ម៉ោង​ខាងលើ​ក៏​ឃើញ​មុខសញ្ញា​ខាងលើ​មក​ជួប​គ្នា​នៅ​ចំណុច​ដែល​ឃាត់ខ្លួន ក៏​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ពួក​គេ​រក​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់ ។

ក្រោយ​ឆែកឆេរ​ក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន សមត្ថកិច្ច​របស់​លោក​ក៏​បាន​នាំ​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខ​ណ្ទ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។ ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​សមត្ថកិច្ច​របស់​លោក​ដកហូត​ថ្នាំ​ញៀន​១​កញ្ចប់ និង​សម្ភារៈ​មួយ​ចំនួន ។ ​ជនសង្ស័យ​ទាំង​អស់​ត្រូវ​បាន​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕