គ្រូបង្រៀន​កិច្ចសន្យា​នៅ​កំពង់ចាម​ត្អូញត្អែរ​រឿង​មិន​បាន​បើក​ប្រាក់ខែ​ជាង​១​ឆ្នាំ

គ្រូបង្រៀន​ជាប់​កិច្ចសន្យា​នៅ​ខេត្ត​កំពង់ចាម ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត​ដោយសារ​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​ជូន​ពួកគាត់។ គ្រូបង្រៀន​ទាំង​នោះ​ថា ប្រាក់​បៀវត្សរ៍​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ​ដែល​ពួក​គាត់​មិន​ទាន់​ទទួល​បាន។ បញ្ហា​នេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់ គ្រូ​ខ្លះ​ត្រូវ​ខ្ចី​ប្រាក់​គេ​ចាយវាយ ខ្លះ​ទៀត​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​បុណ្យ​ទាន​ជាដើម។

គ្រូ​កិច្ចសន្យា​ជា​ច្រើន​នៅ​ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ក្រសួង​អប់រំ ឬ​ក្រសួង​ពាក់ព័ន្ធ មេត្តា​ពន្លឿន​ដោះស្រាយ​រឿង​ប្រាក់​បៀវត្សរ៍​ជូន​ពួកគាត់​ឱ្យ​ទាន់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ ការ​ស្នើ​សុំ​នោះ ដោយសារ​គ្រូបង្រៀន​ខ្លះ​ត្រូវ​ការ​ប្រាក់​ជា​ចាំបាច់​សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ខ្លះ​ទៀត​ត្រូវការ​ប្រាក់​សម្រាប់​ធ្វើ​បុណ្យ​ទាន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ។

គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលា​បឋមសិក្សា កង តាណឹង ស្រុក​កងមាស លោក ខៀវ ធន មាន​ប្រសាសន៍​ថា រយៈពេល​មួយ​ឆ្នាំ​ជាង​ទៅ​ហើយ ដែល​ពួកគាត់​ទន្ទឹង​រង់ចាំ​ប្រាក់​បៀវត្សរ៍​របស់​ខ្លួន។ គ្រូ​ចូល​និវត្តន៍​រូប​នេះ​បន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាត ទើប​លោក​ស្នើ​សុំ​គេ​បង្រៀន​កិច្ចសន្យា គ្រាន់​បាន​ប្រាក់​ខ្លះ​ឧបត្ថម្ភ​គ្រួសារ​បន្ថែម​លើ​ប្រាក់​ចូលនិវត្តន៍​របស់​លោក៖ «ប៉ះពាល់​ប្រឹង​ទៅ​បង្រៀន​ហើយ តែ​វា​អត់​បាន​លុយ ហើយ​ក្នុង​ជីវភាព​ក្នុង​គ្រួសារ​នេះ មិន​មែន​ទៅ​ជា​អ្នក​មាន​អី»

គ្រូ​កិច្ចសន្យា គឺ​ជា​គ្រូ​ដែល​ក្រសួង​សម្រេច​ជ្រើសរើស​បន្ថែម​សម្រាប់​ជួយ​បង្រៀន​នៅ​តាម​សាលា​ដែល​ខ្វះខាត​គ្រូ ហើយ​ពួកគាត់​ទទួល​បាន​ប្រាក់ខែ​ចំនួន ៤៩​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

ស្រដៀង​គ្នា​នេះ គ្រូបង្រៀន​មួយ​រូប​ទៀត លោក អោន តាំងកោ ឱ្យ​ដឹង​ថា លោក​ត្រូវ​យក​ពេល​កន្លះ​ថ្ងៃ ដើម្បី​ជួយ​បង្រៀន​កូន​ក្មេង​តូចៗ ព្រោះ​តែ​ចង់​បាន​ប្រាក់​ជួយ​ឧបត្ថម្ភ​គ្រួសារ​ដែល​មាន​សមាជិក​ក្នុង​បន្ទុក​ច្រើន។

លោកគ្រូ​ដដែល​ហាក់​មិនសូវ​មាន​សង្ឃឹម​សោះ​ថា ប្រាក់ខែ​គ្រូ​កិច្ចសន្យា​នឹង​បាន​មក​ដល់​មុន​ថ្ងៃ​ភ្ជុំ​ធំ ប៉ុន្តែ​យ៉ាង​ណា លោក​ស្នើ​ឱ្យ​ក្រសួង​អប់រំ ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ទាំង​នេះ៖ «(ថ្លៃ) ភ្លើង​ផង ទឹក​ផង ហើយ​ការ​ហូប​ចុក​គ្នា ៥​នាក់ នៅ​នឹង​ផ្ទះ​ខ្ញុំ​ហ្នឹង ហើយ​កូនស្រី​ឈឺ​ទៀត»

​ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ តុលា ថា ដោយសារ​ខាង​មន្ទីរ​ត្រូវ​ការ​ផ្ទៀងផ្ទាត់​សំណុំ​ឯកសារ​គ្រូ​កិច្ចសន្យា​ទាំង​នោះ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​បញ្ជូន​ទៅ​ក្រសួង​ដើម្បី​ស្នើ​សុំ​ថវិកា ជៀសវាង​មាន​បញ្ហា​កើត​ឡើង ម្យ៉ាង​ទៀត ប្រាក់​បៀវត្សរ៍​គ្រូ​កិច្ចសន្យា​ត្រូវ​ការ​បើក​តាម​ប្រព័ន្ធ​ធនាគារ​ផង។ យ៉ាង​ណា​លោក​ថា ខាង​លោក​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ហើយ​ប្រាក់​ខែ​នោះ នឹង​អាច​ធ្លាក់​មក​ដល់​នៅ​ពេល​ឆាប់ៗ៖ «អា​ហ្នឹង​និយាយ​ឱ្យ​ខ្លី​ទៅ បែប​បទ​ខាង​រដ្ឋបាល។ គឺ​ការ​កំណត់​ខាង​មុខ​ងារ​សាធារណៈ និង​ក្រសួង​អប់រំ​ហ្នឹង ត្រូវ​សិក្សា​ថា យើង​ធ្វើ​នៅ​តាម​ខេត្ត​ហ្នឹង​បាន​ជាក់លាក់ ឬ​ទេ»

គ្រូ​កិច្ចសន្យា​នៅ​ខេត្ត​កំពង់ចាម គឺ​មាន​ជាង ៩០០​នាក់។ បន្ថែម​ពី​នេះ លោក ស្វាយ ផល្លា អះអាង​ថា ប្រាក់​បៀវត្សរ៍​គ្រូ​ទាំង​នោះ គឺ​មិន​បាត់បង់​ឡើយ។

ទោះបីជា​បែប​នេះ​ក្តី ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កើត​ឡើង​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​អ្នកស្រី​ថា អាច​ជា​ចេតនា​ច្រើន​ជាង ពីព្រោះ​កន្លង​មក​បញ្ហា​ស្រដៀង​គ្នា​នេះ​តែងតែ​កើត​មាន​ឡើង​ជា​រឿយៗ៖ «ប្រាក់​ម៉ោង​គឺ​ថា យឺតយ៉ាវ​រាល់​តែ​ពេល អ៊ីចឹង​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ហ្នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​ចំណាយ​ពេល​ហ្នឹង ទទួល​បាន​ប្រាក់​របស់​គាត់​ទាន់​ពេល​វេលា​ផង»

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ជានិច្ចកាល​ខាង​សមាគម​អ្នកស្រី​តែង​ទទួល​បាន​ពាក្យ​បណ្ដឹង ឬ​បញ្ហា​ប្រឈម​របស់​គ្រូបង្រៀន ហើយ​ក៏​តែង​ដាក់​របាយការណ៍​ទាំង​នោះ​ទៅ​ខាង​ក្រសួង​អប់រំ ដើម្បី​ជួយ​ដោះស្រាយ ប៉ុន្តែ​គ្មាន​ចំណាត់ការ​ទេ។ ជាមួយ​គ្នា​នេះ ខាង​ក្រសួង​ក៏​មិន​ដែល​ឆ្លើយ​តប​ទៀត ទើប​រាល់​បញ្ហា​ប្រឈម​របស់​គ្រូបង្រៀន​នៅ​តែ​ជួប​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។