បុគ្គលិក​សន្តិសុខ​៩​នាក់​នៃ​ក្រុមហ៊ុន​អឹម.ភី.អេ ទាមទារ​បើក​ប្រាក់​ខែ​ចុង​ក្រោយ

ទាញ​យក​កម្មវីធី

បុគ្គលិក​សន្តិសុខ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ នាំ​គ្នា​តវ៉ា​ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ចុង​ក្រោយ។ បុគ្គលិក​ទាំង​នោះ​អះអាង​ថា ពួក​គាត់​បាន​ខិតខំ​ធ្វើ​ការ ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិន​ព្រម​បើក​ប្រាក់​ឲ្យ។ តំណាង​ក្រុមហ៊ុន​ពន្យល់​ថា បុគ្គលិក​ទាំង​នេះ​មិន​បាន​ដាក់​ពាក្យ​ឈប់ មុន​នឹង​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ថ្មី​នោះ​ទេ។

បុគ្គលិក​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន​សន្តិសុខ អឹម.ភី.អេ (MPA) ចំនួន ៩​នាក់ នៅ​ថ្ងៃ​ទី​៨ ខែ​តុលា នាំ​គ្នា​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​បៀវត្សរ៍​ចុង​ក្រោយ​របស់​ពួក​គាត់។ បុគ្គលិក​ទាំង​នេះ​អះអាង​ថា ពួក​គាត់​បាន​ខិតខំ​ធ្វើ​ការ​ដោយ​មិន​ឈប់​សម្រាក​រយៈពេល​ពេញ​មួយ​ខែ​កញ្ញា ជូន​ក្រុមហ៊ុន ក៏ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៧ ខែ​តុលា បុគ្គលិក​ទាំង ៩​នេះ នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​កញ្ញា នៅ​ឡើយ​ទេ។

លោក ម៉ន សុភា តំណាង​អ្នក​តវ៉ា​រៀបរាប់​ថា ពួក​គាត់​រស់នៅ​ពឹង​លើ​ប្រាក់​ខែ​នេះ ដើម្បី​បង់​ថ្លៃ​ផ្ទះ ការ​ចំណាយ​នានា និង​សង្ឃឹម​លើ​ប្រាក់​ខែ​នេះ ដើម្បី​ចំណាយ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ។ លោក​បន្ត​ថា ការ​អាក់​ខាន​របស់​ក្រុមហ៊ុន​ដែល​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​នេះ ជា​ទង្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ការងារ៖ «បាទ! ជា​ទង្វើ​ខុស​ច្បាប់។ ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន អឹម.ភី.អេ ហ្នឹង​មួយ​ខែ​ពេញ។ ចឹង​លុយ​សម្រាប់​ពួក​ខ្ញុំ គួរ​តែ​បាន ដោយសារ​ខាង​អតិថិជន​បាន​វេរ​លុយ (ថ្លៃ​សេវា) ឲ្យ​ក្រុមហ៊ុន​ហើយ​ដែរ»

ក៏ប៉ុន្តែ មន្ត្រី​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន អឹម.ភី.អេ លោក ស៊ុប អារីហ្វីន ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ លោក​ថា ក្រុមហ៊ុន​មិន​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ទាំង​នេះ ព្រោះ​ពួក​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ថ្មី ខណៈ​ដែល​ពួក​គេ​មិន​ទាន់​បញ្ចប់​កិច្ចសន្យា​ការងារ និង​មិន​បាន​ដាក់​ពាក្យ​សុំ​ឈប់​នៅ​ឡើយ។

តំណាង​បុគ្គលិក​តវ៉ា លោក ម៉ន សុភា ដែល​បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល ១០​ឆ្នាំ​នោះ ឆ្លើយ​តប​ថា ក្រុម​បុគ្គលិក​បាន​ដាក់​ពាក្យ​សុំ​ឈប់​រយៈពេល ២​អាទិត្យ មុន​ពេល​ដែល​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ថ្មី។ លោក​ថា ខាង​ក្រុមហ៊ុន​បដិសេធ​មិន​ព្រម​ទទួល​ពាក្យ​​សុំ​ឈប់​របស់​ពួក​លោក​ទេ ដោយ​គំរាម​លោក​ថា បើ​ពួក​លោក​ហ៊ាន​ឈប់ ក្រុមហ៊ុន​នឹង​មិន​បើក​ប្រាក់​ខែ​ឲ្យ៖ «ក្រុមហ៊ុន អឹម.ភី.អេ បើ​ដឹង​ថា​ពួក​ខ្ញុំ​ទៅ​ធ្វើ​ការ​កន្លែង​ថ្មី ក៏​មិន​បើក​លុយ​ឲ្យ​ពួក​ខ្ញុំ​ដែរ ព្រោះ​ពី​មុន​មក ពួក​គាត់​ធ្វើ​ចឹង។ បើ​មាន​បញ្ហា​អាប់សង់ (អវត្តមាន) អ៊ីចឹង គឺ​ពួក​គាត់​បញ្ឈប់ ហើយ​អត់​បើក​លុយ​ឲ្យ​គេ​ទៀត»

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា លើក​ឡើង​ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ហាម​ឃាត់​មិន​ឲ្យ​បុគ្គលិក​សុំ​ឈប់​នោះ​ទេ។ លោក​ពន្យល់​ថា តាម​ច្បាប់​ការងារ ប្រសិន​បើ​បុគ្គលិក​បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ប្រាក់​ខែ និង​ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​ទៀត​ជូន​បុគ្គលិក៖ «និយោជក (ថៅកែ) ត្រូវ​សម្រួល​ដល់​កម្មករ​និយោជិក​កម្មករ បាន​ឈប់​ដោយ​ស្រួល ហើយ​មាន​សំណង​ចុង​ក្រោយ នៅ​ពេល​គាត់​បាន​គោរព​តាម​កិច្ចសន្យា​ការងារ​ហើយ»

លោក អារីហ្វីន ថ្លែង​ថា មេធាវី​ក្រុមហ៊ុន​របស់​លោក នឹង​ធ្វើ​ការ​ចរចា​ជាមួយ​បុគ្គលិក​ដែល​ធ្វើ​ការ​តវ៉ា​នេះ ដើម្បី​រក​ដំណោះស្រាយ កុំ​ឲ្យ​មាន​វិវាទ​រវាង​ក្រុមហ៊ុន និង​បុគ្គលិក។ លោក​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ប្រាក់​ខែ​ចុង​ក្រោយ​នេះ​ដល់​ពួក​គាត់៖ «មក​ថ្មើរ​នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង​បុគ្គលិក ដើម្បី​ធ្វើ​យ៉ាង​ម៉េច​រក​វិធី​កុំ​ឲ្យ​មាន​បញ្ហា​រវាង​ក្រុមហ៊ុន និង​ពួក​គាត់។ ពួក​ខ្ញុំ​មិន​ទាន់​បាន​ជួប​គ្នា ដើម្បី​ពិភាក្សា​ជាក់លាក់​នៅ​ឡើយ»

តំណាង​បុគ្គលិក​តវ៉ា លោក ម៉ន សុភា ក៏​លើក​ឡើង​ថា ក្រុមហ៊ុន អឹម.ភី.អេ ស្នើ​ឲ្យ​បុគ្គលិក​ថ្មី​តម្កល់​អត្តសញ្ញាណប័ណ្ណ​ច្បាប់​ដើម​រយៈពេល ៣​ខែ ហើយ​ពេល​ខ្លះ​រហូត​ដល់ ១​ឆ្នាំ​ក៏​មាន ហើយ​លោក​យល់​ថា ប្រការ​នេះ​ជា​ការ​រឹតត្បិត និង​គាប​សង្កត់​បុគ្គលិក។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ លោក ស៊ុប អារីហ្វីន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​តម្រូវ​ឲ្យ​បុគ្គលិក​តម្កល់​អត្តសញ្ញាណប័ណ្ណ​នៅ​ក្រុមហ៊ុន​មែន តែ​លោក​ពន្យល់​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជួយ​ការពារ​ផល​ប្រយោជន៍​បុគ្គលិក និង​ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គលិក នៅ​ពេល​ករណី​មិន​ប្រក្រតី​កើត​ឡើង​នៅ​ប៉ុស្តិ៍​ដែល​បុគ្គលិក​យាម​កាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។