ចាប់ខ្លួន​សកម្មជន​ដីធ្លី​២​នាក់ ពលរដ្ឋ​ជាង​៥០​នាក់​លើកគ្នា​តវ៉ា​សុំ​ដោះ​លែង​តែ​ម្នាក់

ខេត្តសៀមរាប ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​មក​ពី​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៥​នេះ បាន​លើកគ្នា​មក​តវ៉ា​ទាមទារ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពី​ករណី​កាប់​រាន​ដី​ព្រៃរបស់​រដ្ឋ​កាលពី​ថ្ងៃ​ទី​៦ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

ស្ត្រី​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​ត្រូវ​បាន​ពលរដ្ឋ​លើកគ្នា​តវ៉ា​សុំ​ឱ្យ​ដោះ​លែង​នោះ​មានឈ្មោះ កី ប៉ិ​ប អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត ដែល​បាន​ជួប​ក្រុម​ពលរដ្ឋ​ផ្ទាល់ បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៨ តុលា ២០១៥​នេះ​ថា ក្រុម​ពលរដ្ឋ​ពិតជា​បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​ម្នាក់ និង​សុំ​ឲ្យ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដែល​ពួក​គាត់​បាន​សង់​ខ្ទម​នៅ​ពិតប្រាកដ​មែន ។ លោក​បន្ត​ទៀត​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​អស់ហើយ​បន្ទាប់​ពី​អាជ្ញាធរ​ទទួលយក​លិខិត​ស្នើ​សុះ និង​យល់ព្រម​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៦ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន​សកម្មជន​ដីធ្លី​ចំនួន​ពីរ​នាក់ ម្នាក់​ឈ្មោះ កី ប៉ិ​ប អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ និង​ម្នាក់​ទៀត​ឈ្មោះ ពុត កុ​ស៊ា​ប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ រលួស ស្រុក​ប្រាសាទបាគង មានមុខរ​បរជា​អ្នកកាសែត​សេនា​ដៃ​៨ តែ​ការ​តវ៉ា​ព្រឹក​នេះ​ពលរដ្ឋ​មិន​បាន​ស្នើ​សុំ​ដោះ​លែង​អ្នកកាសែត​រូប​នេះ​ទេ គឺ​ស្នើ​ឲ្យ​ដោះ​លែង​តែ​ស្ត្រី​ម្នាក់​ឈ្មោះ កី ប៉ិ​ប ប៉ុណ្ណោះ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព