មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​ពិនិត្យ​គុណភាព​ចំណី​អាហារ​ក្នុង​អំឡុង​ភ្ជុំ​បិណ្ឌ

ទាញ​យក​កម្មវីធី

ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​ចុះ​ពិនិត្យ​មុខ​ទំនិញ និង​មុខ​ម្ហូប​ស្រស់​គ្រឿង​សមុទ្រ ជាដើម នៅ​តាម​ទីផ្សារ និង​តាម​អាហារដ្ឋាន​តាម​ឆ្នេរ​សមុទ្រ ដើម្បី​ស្វែងរក​ទំនិញ​ខូច​គុណភាព ឬ​មាន​ដាក់​សារធាតុ​គីមី​នៅ​ក្នុង​ទំនិញ​ទាំង​នោះ។

មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​លក់​ដូរ​ទំនិញ ឬ​អាហារ​ហូប​ចុក​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​មន្ត្រី​ជំនាញ ដើម្បី​ចូលរួម​ថែ​រក្សា​សុខភាព​គ្រួសារ​រៀងៗ​ខ្លួន។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច មាន​ប្រសាសន៍​ថា ស្ថាប័ន​នេះ​បាន​បន្ត​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ​មុខ​ទំនិញ ឬ​ត្រី​សាច់​នៅ​តាម​ទីផ្សារ និង​តាម​អាហារដ្ឋាន​នានា​ដែល​អាច​មាន​ផ្ទុក​សារធាតុ​គីមី​ផ្សេងៗ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួល​ទាន។ លោក​បន្ត​ថា នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ មន្ត្រី​ជំនាញ​បាន​បង្កើន​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​គ្មាន​គុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាពិសេស​គ្រឿង​សមុទ្រ​ស្រស់ៗ​ដែល​អាជីវករ​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា ទូទាំង​ខេត្ត​ព្រះសីហនុ៖ «យើង​បាន​ពិនិត្យ​មើល​គ្រឿង​ស្លាក​សម្រាប់​ពលរដ្ឋ​ទិញ​ទៅ​ប្រគេន​ព្រះសង្ឃ និង​បាន​ធ្វើ​តេស្ដ​ទៅ​លើ​ម្ហូប​អាហារ បន្លែ​ត្រី​សាច់ គ្រឿង​សមុទ្រ​ស្រស់ៗ គ្រឿង​កំប៉ុង ឬ​ភេសជ្ជៈ កំប៉ុង​គ្រប់​ប្រភេទ ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ឬ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម ដើម្បី​ធ្វើ​តេស្ដ​រក​សារធាតុ​គីមី និង​ហួស​គុណភាព​ប្រើប្រាស់ ជាដើម»

ផ្ដើម​ពី​បញ្ហា​នេះ លោក ជា ប៉ិច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ពិសេស​អាជីវករ​លក់​ដូរ​ទំនិញ ឬ​អាហារ​ហូប​ចុក​ទូទាំង​ប្រទេស ពិសេស​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ស្ថាប័ន​នេះ បើ​បាន​ដឹង​ថា​មាន​ទីតាំង​ណា​មួយ​មាន​លក់​ទំនិញ ឬ​លក់​មុខ​ម្ហូប​ស្រស់ៗ មាន​ដាក់​សារធាតុ​គីមី និង​ទំនិញ​ហួស​កំណត់​ប្រើប្រាស់៖ «ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ បើ​សិន​បាន​ដឹង​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៃ​ចំណី​អាហារ ឬ​ពុល​ចំណី​អាហារ ដែល​គេ​ដាក់​លក់​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ សូម​ទូរស័ព្ទ​មក​កាន់​ស្ថាប័ន​កាំកុងត្រូល​ជា​បន្ទាន់ ដើម្បី​ឈាន​ដល់​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៤៤៣ ៧៣៧ និង ០១២ ៩៧៥ ៦៥៧»

ទោះ​យ៉ាង​ណា លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ថ្លែង​ទាំង​រីក​រាយ​ថា បច្ចុប្បន្ន​នេះ ស្ថាប័ន​កាំកុងត្រូល​បាន​ពិនិត្យ​ឃើញ​ថា ទាំង​ប្រជាពលរដ្ឋ និង​អាជីវករ​លក់​ដូរ​ទំនិញ ឬ​ត្រី​សាច់ ជាដើម បាន​សហការ​ជាមួយ​ស្ថាប័ន​កាំកុងត្រូល ហើយ​មាន​ការ​យល់​ដឹង​ខ្ពស់​ពី​ការ​លក់​ដូរ​ទំនិញ​ឲ្យ​មាន​គុណភាព និង​ការ​ជ្រើស​អាហារ​ដើម្បី​ទទួល​ទាន ជាដើម។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា កន្លង​មក​នៅ​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ មាន​បុណ្យ​ភ្ជុំ ឬ​បុណ្យ​ចូល​ឆ្នាំ ជាដើម ក្រុម​អាជីវករ​មាន​គំនិត​មិន​ល្អ​មួយ​ចំនួន បាន​បញ្ចេញ​ទំនិញ​ហួស​កំណត់​ប្រើប្រាស់ ឬ​គ្មាន​គុណភាព​មក​កាន់​ទីផ្សារ។ ជាង​នេះ ក៏​មាន​អាហារ​ត្រី​សាច់​គ្រឿង​សមុទ្រ​ស្រស់ ត្រូវ​អាជីវករ​ខ្លះ​មាន​លួច​ដាក់​សារធាតុ​គីមី ដើម្បី​ស្តុក​ទុក​បាន​យូរ ជាដើម។ លោក ប៊ួន ណារិទ្ធិ ថ្លែង​ថា កង្វល់​នេះ​មិន​មាន​ច្រើន​ដូច​ពេល​មុន​ទៀត​ទេ​នា​មូលដ្ឋាន​ទេសចរណ៍ ឬ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ប្រកាស​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​មាន​សកម្មភាព​មមាញឹក​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ផ្សេងៗ ដើម្បី​ជួយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ និង​ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​នេះ ធ្វើ​សកម្មភាព​ឲ្យ​បាន​ជា​ប្រចាំ៖ «សកម្មភាព​ស្ថាប័ន​កាំកុងត្រូល​ពេល​នេះ គឺ​ទាន់​សភាពការណ៍ និង​ត្រូវ​កាលៈទេសៈ​បំផុត ដើម្បី​បង្ការ​ទុក​មុន​នូវ​ការ​ធ្វើ​ចរាចរ​ទំនិញ​មាន​ជាតិ​គីមី ឬ​ហួស​គុណភាព​ប្រើប្រាស់ ជាដើម នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ។ សកម្មភាព​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ស្ថាប័ន​កាំកុងត្រូល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ប្រជាពលរដ្ឋ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ យើង​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​អនុវត្ត​ពេល​នេះ និង​ស្នើ​ឲ្យ​ការ​អនុវត្ត​បាន​គ្រប់​ជ្រុងជ្រោយ»

ទាក់ទិន​បញ្ហា​នេះ​ដែរ នៅ​ឯ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​រាជធានី​ភ្នំពេញ​ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ចំនួន ៦​ខ្សែ​បន្ថែម​ទៀត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស ដើម្បី​ផ្តល់​ព័ត៌មាន ឬ​រាយការណ៍​ពី​ករណី​ចំណី​អាហារ​ពុំ​មាន​សុវត្ថិភាព និង​ការ​ពុល​ចំណី​អាហារ ជាដើម។ ខ្សែ​ទូរស័ព្ទ​ទាំង ៦​ខ្សែ​នោះ​មាន​លេខ ០១២ ២៣៣ ២៦២ លេខ ០១២ ៨៥០ ១០៥ លេខ ០១២ ៨៧០ ០៧៦ លេខ ០១២ ៤៤៥ ៥៦២ លេខ ០៩៦ ៨២៩ ៧៨៧៨ និង​លេខ ០៩៧ ៧៨៨ ៦១១១។

បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​អះអាង​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ថា នឹង​មាន​ចំណាត់​ការ​ជា​បន្ទាន់ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​អំពី​ករណី​ពុល​ចំណី​អាហារ ឬ​អាហារ​គ្មាន​គុណភាព ដែល​ពលរដ្ឋ​រាយការណ៍​ជូន ហើយ​បាន​សន្យា​ថា នឹង​រក្សា​ការ​សម្ងាត់​នៃ​អត្តសញ្ញាណ​របស់​អ្នក​រាយការណ៍ ឬ​ផ្តល់​ព័ត៌មាន​មក​កាន់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។