សាំ​យ៉ុ​ង​បុក​ម៉ូតូ​២​គ្រឿង​នៅ​ស្រុក​ស​ន្ទុ​ក ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

ខេត្តកំពង់ធំ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុង​បុក​គ្នា​ជាមួយ​និង​ម៉ូតូ​២​គ្រឿង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំ​យុង ពណ៌​សូកូឡា ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3039 បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គាប់​ជួន​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ស្លា​ទុំ ចេញពី​វត្ត​ជាយ​ស្បៃ​ឆ្លងកាត់​ផ្លូវ ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ប៉ើង​ជិត​៥​ម៉ែត្រ បណ្តាល​ឲ្យ​បុរស​ចំណាស់​រូប​នោះ​រង​របួសធ្ងន់ ហើយ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​វ៉េវ​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់​រួម​ដំណើ​ជាមួយ​រង​របួសធ្ងន់ ។

លោក​វរសេនីយ៍ត្រី ស៊ីវ សុ​វ​ណ្ណា អធិការរង​ស្រុក​ស​ន្ទុ​ក​ទទួល​ផែន​សណ្តាប់ធ្នាប់​និង​ចរាច​ណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ដែល​ស្លាប់​ឈ្មោះ ស៊ុន យ៉ុ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ាត់​ដី សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ស្ត្រី​រួម​ដំណើរ​ជាមួយ​ឈ្មោះ ហៀ​ង នី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក រង​របួស​ធ្ងន់ ចំណែក​បុរស​វ័យ​ចំណាស់​ដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ​ឆ្លងផ្លូវ​ឈ្មោះ ជិន ខំ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក រងរបួសធ្ងន់ ។ រីឯ​ម្ចាស់​រថយន្ត​ឈ្មោះ លាង គ​ន្ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​នាង​ល្អ ឃុំ​ទ្រាល ស្រុក​បារាយណ៍ ។

លោក​វរសេនីយ៍ត្រី ស៊ីវ សុ​វ​ណ្ណា បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នក​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស​ន្ទុ​ក រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕