FIFA ​ព្យួរ​ការងារ​លោក​ Blatter ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ

FIFA ​ព្យួរ​ការងារ​លោក​ Blatter ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ

លោក Sepp Blatter ប្រធាន FIFA ថ្លែង​ក្នុង​ពេល​ការ​ចាប់​ឆ្នោត​ជា​បឋម​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ FIFA Wolrd Cup នៅ​អគារ Konstantin Palace ក្នុង​ក្រុង​ St. Petersburg ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥។

គណៈកម្មការ​ក្រម​សីលធម៌​កីឡា​បាល់​ទាត់​ដែល​គ្រប់គ្រង​សហព័ន្ធ​កីឡា​បាល់​ទាត់​ FIFA បាន​ព្យួរ​ការងារ​លោក​ Sepp Blatter ​ប្រធាន​ស្ថាប័ន​នេះ​ដែល​កំពុង​មាន​រឿង​អាស្រូវ ​និង​អ្នក​ត្រូវ​មក​ជំនួស​លោក​ចំនួន​៩០ថ្ងៃ។​

គណៈកម្មការ​នេះ​បាន​ចាត់​វិធានការ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រឆាំង​នឹង​លោក​ Blatter និង​លោក Michel Platini ប្រធាន​សមាគម​បាល់​ទាត់​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្តាហ៍​បន្ទាប់ពី​ក្រុម​រដ្ឋ​អាជ្ញា​ប្រទេស​ស្វីស​បាន​បើក​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ Blatter ​ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់​ចំនួន​២លាន​ដុល្លារ​ដែល​បាន​បង់​មក​ឱ្យ​លោក​ Platini ​ក្នុង​ឆ្នាំ​២០១១។​ អាជ្ញាធរ​បាន​សាកសួរ​លោក Blatter ​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​ FIFA ​ក្នុង​ទីក្រុង​ Zurich ​ហើយ​បាន​ឆែកឆេរ​ការិយាល័យ​របស់លោក​ផងដែរ។

ការ​ព្យូរ​ការងារ​នេះ​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ Platini ​ដើម្បី​បាន​ស្នង​តំណែង​លោក​ Blatter ​ផងដែរ​នៅ​ពេល​ដែល​មាន​ការ​បោះឆ្នោត​ក្នុង​ខែ​កុម្ភៈ។ តារា​បាល់​ទាត់​បារាំង​ដែល​បាន​ចូល​និវត្តន៍​រូប​នេះ​បាន​ប្រកែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ នៅ​ពេល​ដែល​លេច​ឮ​ព័ត៌មាន​ពី​ការ​ព្យួរ​ការងារ​របស់​លោក៕