សង្គ្រាម​អ៊ុយ​ក្រែ​ន​អាច​ផុតរលត់​ពេល​រុស្ស៊ី​ងាក​ទៅរក​សមរភូមិ​ស៊ី​រី

យន្តហោះ​ចម្បាំង​រុស្ស៊ី​មិនតិចជាង ៥០គ្រឿង និង​ទ័ព​មិន​ក្រោម៥០០នាក់​ឡើយ ដែល​កំពុង​ឈរជើង​នៅ​មូលដ្ឋាន​យោធា​របស់ខ្លួន​ក្នុង​ទឹកដី​ស៊ី​រី​ដើម្បី​ច្បាំង​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​និង​ឆ្លៀត​សំពោង​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អាមេរិក​ផង ។ តាម​គម្រោង​រដ្ឋាភិបាល​ក្រេ​ម​ឡាំង អន្តរាគមន៍​នៅ​មជ្ឈិមបូព៌ា​មិនមែន​តែមួយ​ឆាវ​ទេ តែ​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ដើម្បី​ប្រមូលផ្តុំ​ឥទ្ធិពល​រុស្ស៊ី​ឡើងវិញ។ អាមេរិក​ទំនង​មិន​អរ​ប៉ុន្មាន​ទេ​ដែល រុស្ស៊ី ងាក​មក​មជ្ឈិមបូព៌ា​មក​ដណ្តើម​ប្រយោជន៍​ខ្លួន តែ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ទំនង​មានសង្ឃឹម​ច្រើន​ថា​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ធ្លាក់ដៃ​និង​បន្ទន់ឥរិយាបថ​ព្រោះ​គេ​ជឿថា​រុស្ស៊ី​មិនអាច​ទ្រាំ​លេង​ក្នុង​សមរភូមិ​ពីរ​ក្នុងពេល​តែមួយ​បានឡើយ។ 

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ

រយៈពេល​ពេញ​មួយខែ​ហើយ គេ​មិនឃើញ​និង​លឺ​គ្រាប់ផ្លោង​ឆ្លើយឆ្លង​គ្នា​ខ្លាំង​រវាង​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​និង​កង​ម្លាំ​ង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ដូចមុនៗទេ។ ការប្រយុទ្ធ​ធ្លាក់ចុះ ត្រឹម​រប៉េះរប៉ោះ​ដោយ​កន្លែង ប្រៀបបាន​ដូចជា​គូប្រយុទ្ធ​ធុន​ទ្រាន់​នឹង​ការ​សង្គ្រាម​បង្ហូ​ឈាម​គ្នា​នេះហើយ។  គ្មាន​អ្នក​ធ្លាប់​រំពឹង​ដូច្នេះ​ទេ កន្លងមក​ទោះ​មាន​កិច្ចព្រមព្រៀង Minks ដែល​បាន​ចូល​ជា​ធរមាន​ថ្ងៃ ១៥ខែកុម្ភៈ​ក៏ដោយ ក៏​ក្រុម​ឧទ្ទាម​និង​ក្រុម​ទាហាន​ក្រុង​គៀវ នៅតែ​ប្រឹង​ប្រយុទ្ធ​គ្នា​ដែរ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បានប្រកាសថា​ការអនុវត្ត​កិច្ចព្រមព្រៀង​ពិតប្រាកដ​បានចាប់ផ្តើម​ហើយ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ ។ ក្រុម​អ្នក​អង្កេត​ការណ៍​ថា សព្វាវុធ​ធុន​ធ្ងន់​ត្រូវបាន​គេ​ជញ្ជូន​ចេញ​បន្តិចម្តងៗពី​ទីតាំង​ជួរមុខ​ហើយ ដោយ​សកម្មភាព​នេះ​ជាការ​បង្ហាញ​ឆន្ទៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រេច​ឲ្យ​បាន​ពេញលេញ​ផង។

ការ​ថមថយ​នៃ​កម្តៅ​និង​ការប្រយុទ្ធ​គ្នា​រវាង​គូសត្រូវ​ទាំងពីរ​នេះ បាន​ក្លាយជា​សំណួរ ហេតុអ្វី​ក្រុម​ឧទ្ទាម​ហាក់ដូចជា​បន្ទន់​ឥរិយាបទ​ជាង​មុន​ដូច្នេះ? ពួកគេ​ចង់​ធុញទ្រាន់​នឹង​សង្គ្រាម​បង្ហូរឈាម​គ្នា​ឬ មួយក្រុម​ឧទ្ទាម​ចង់បាន​សន្តិភាព? ឬក៏​ក្រុង​គៀវ​បានធ្វើ​សម្បទាន​តម្រូវ​ចិត្ត​ក្រុម​ឧទ្ទាម​រួចហើយ?  ។ តាមពិតទៅ មិនមែន​ដូច្នេះ​ទេ។ ក្រុង​គៀវ​មិនទាន់​សម្រេច​ផ្តល់​ស្វ័យភាព​ពេញលេញ​ដល់​ខេត្ត​ភាគ​ខាងកើត តាម​ការទាមទារ​នៅឡើយ​ទេ ហើយ​ក្រុម​ឧទ្ទាម​ក៏​មិនបាន​ប្រាប់ថា​ខ្លួន​ពេញ​ចិត្តនឹង​បញ្ចប់សង្គ្រាម​ដែរ។ ប៉ុន្តែ ក្រុម​ឧទ្ទាម​ទន់​ជំហរ​បន្តិច មិនសូវ​បាញ់​ផ្លោង​គ្រាប់​ចុះឡើង​ដូច​មុន ក៏​ព្រោះថា​រដ្ឋាភិបាល​រុស្ស៊ី​ដែល​ធ្លាប់​គាំទ្រ​ផ្តល់ជំនួយ ហិរញ្ញវត្ថុ​ផង និង​សព្វាវុធ​ដល់​ក្រុម​នេះ​ផង​នោះ​កំពុង​ងាក​ឆ្ងាយ​ទៅរក​តំបន់​មជ្ឈិមបូព៌ា​ឯង​ណោះ​វិញ។ 

ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែរ ព្រោះ រុស្ស៊ី​កម្រ​បញ្ជូន​ទ័ព​ទៅ​ច្បាំង​ក្រៅប្រទេស​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​រុស្ស៊ី។ នេះ​បានន័យថា លោក ពូ​ទីន បញ្ជា​ទ័ព​ទៅ​ស៊ី​រី​ដើម្បី​វាយប្រហារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ឆ្លៀត​កម្ទេច​ទីតាំង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អាមេរិក​ផង​ជា​រឿង​សំខាន់បំផុត​មួយ ចាប់តាំងពី​ឆ្នាំ ១៩៧៩ នៅពេលដែល​ប្រធានាធិបតី​សូ​វៀត លោក Leonid Brezhnev ដែល​បញ្ជា​ទ័ព​ឲ្យ​ឈ្លានពាន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែរ។

ការ​ថមថយ​នៃ​ការគាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត មិនមែនជា​រឿង​ចៃដន្យ ដែល​រុស្ស៊ី​ធ្វើ​ដោយ​គ្មាន​គម្រោង​ទុក​មុន​ឡើយ។ ហើយ​ការដក​ការគាំទ្រ​ខ្លះ​នេះ​មិនមែន​មានន័យថា​លោក ពូ​ទីន បញ្ឈប់​គោលនយោបាយ​បង្កើត​រុស្ស៊ី​ជំនាន់​ថ្មី យក​លំនាំ​តាម​សហភាពសូវៀត​ដែរ។ តែ​របប​ដឹកនាំ​ក្រេ​ម​ឡាំង ចាំបាច់​ត្រូវ​ងាក​មក​ថែរក្សា ប្រយោជន៍​ខ្លួន​សម្រាប់​រយៈពេល​វែង​នៅ​មជ្ឈិមបូព៌ា​នេះ​សិន។ ហើយ​ការដក​ដៃ​បន្តិច​នេះ ក៏​ជា​យុទ្ធសាស្ត្រ​របស់លោក ពូ​ទីន ក្នុងការ​បញ្ចប់​ភាព​ឯកោ​របស់​រុស្ស៊ី​និង​ជំរុញ​លោកខាងលិច​ឲ្យ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែរ។ ជម្លោះ​ថមថយ​កម្តៅ បញ្ជាក់​ពី​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការជួយ​បញ្ចប់​ជម្លោះ ហើយ​លោកខាងលិច​មួយចំនួន​បង្ខំចិត្ត​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី នោះ​នឹងមាន​លេស​លើក​ទណ្ឌកម្ម។

 វា​ជា​រឿង​មិនអាច​ប្រកែក​បាន​ដែល ការចូល​ខ្លួន​សមរភូមិ​ពីរ ក្នុងពេល​តែមួយ​ជា​រឿង​លំបាក​បំផុត​សម្រាប់​លោក ពូ​ទីន ។ រុស្ស៊ី​ដណ្តើមបាន​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ហើយ ហើយ​ក្រុង​ម៉ូស្គូ​ក៏​ដឹង​ជាស្រេច​ហើយ​ដែរ ទោះ​រុស្ស៊ី​មិន​ផ្គត់ផ្គង់​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ច្រើន​ដូច​មុន ក៏​ក្រុម​ឧទ្ទាម​នៅតែ​បន្ត​ដាក់​សម្ពាធ​ឲ្យ​រដ្ឋបាល​ក្រុង​គៀវ​ធ្វើ​សម្បទាន​បន្ថែម​ដែរ​ជុំវិញ​បញ្ហា​ស្វ័យភាព​តំបន់​នោះ។

នៅពេលនេះ​រឿង​អាទិភាព​ដែល​រុស្ស៊ី​ត្រូវ​ផ្តោតលើ គឺ​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ឲ្យ​ខ្លាំង​នៅ​មជ្ឈិមបូព៌ា​ដោយ​ការពារ​របប​ដឹកនាំ​លោក អាសាដ។ តាម​របាយការណ៍​ក្រសួងការពារជាតិ​រុស្ស៊ី​កន្លងមក រុស្ស៊ី​មិនមែន​ប្រឡូក​ក្នុង​សង្គ្រាម​ស៊ី​រី​រយៈពេល​ខ្លី​ឡើយ។ មូលដ្ឋានទ័ព​ត្រូវបាន​គេ​រៀបចំ​យ៉ាងរឹងមាំ ហើយ​សម្ភារៈប្រើប្រាស់​និង បរិក្ខា​យោធា​ត្រូវបាន​ដំឡើង និង​ពង្រាយ​សម្រាប់​បំពេញ​ប្រតិបត្តិការ​ក្នុង​រយៈពេល​យូរអង្វែង។  គេ​ឃើញ​ទ័ព​តិច​បំផុត៥០០នាក់ និង​យន្តហោះ​ចម្បាំង រួមជាមួយ​ឧទ្ធម្ភាគចក្រ​តិច​បំផុត៥០គ្រឿង​ឈរជើង នៅ​មូលដ្ឋានទ័ព​របស់​រុស្ស៊ី​ក្នុងប្រទេស​ស៊ី​រី៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?