មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក​ថា​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ

ទាញ​យក​កម្មវីធី

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ថា​លោក​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​របស់​តុលាការ។

ការ​ឆ្លើយ​តប​បែប​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉េង ហ៊ត់ ចេញ​ដីកា​បង្គាប់​ឲ្យ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ខាង​មុខ។

ដីកា​ដដែល បាន​ដកស្រង់​ការ​ធ្វើ​សន្និសីទ​កាសែត​របស់ លោក នី ចរិយា ចំនួន​ពីរ​ដង ដែល​ត្រូវ​ចោទ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បរិហារ​កេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា និយាយ​ថា លោក​ឯកភាព​នឹង​នីតិវិធី​របស់​ចៅក្រម​ដែល​ចេញ​ដីកា​កោះ​រូប​លោក ប៉ុន្តែ​លោក​ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា​សន្និដ្ឋាន​ថា រូប​លោក​ជាប់​ប្រព្រឹត្ត​បទល្មើស ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បរិហារ​កេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ៖ «ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ខ្ញុំ​គិត​ថា រឿង​ចាប់​ខ្លួន ឬ​មិន​ចាប់​ខ្លួន មិន​មែន​ជា​ឧបសគ្គ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ»

លោក នី ចរិយា ធ្លាប់​បាន​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ក្នុង​រឿង​ដែល​ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​សៀមរាប ប្ដឹង​លោក​ពី​បទ​បរិហារ​កេរ្តិ៍ ឬ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ការ​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។