គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ការ​រក​ឃើញ​ផែនទី​ថ្មី​របស់​លោក អ៊ុំ សំអាន ថា​ញុះញង់​បង្ក​អសន្តិសុខ

ទាញ​យក​កម្មវីធី

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល នៅ​បន្ត​ស្ងប់ស្ងាត់​នៅ​ឡើយ​ចំពោះ​ការ​រក​ឃើញ​ថា ផែនទី​បោន​ខ្នាត ១/១០០.០០០ របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ស្រប​ពេល​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បន្ត​ស្ងប់ស្ងាត់​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្ក​ឧបាយកល​ទុច្ចរិត និង​បំពុល​បរិយាកាស​របស់ លោក អ៊ុំ សំអាន។

មន្ត្រី​រដ្ឋាភិបាល នៅ​បន្ត​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ និង​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ ថា​នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​ការ​អះអាង​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ដែល​ប្រកាស​ជំហរ​ថា បាន​រក​ឃើញ​ផែនទី​ដែល​អះអាង​ថា ខុស​គ្នា​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់ គឺ​ខ្នាត យូ.ធី.អឹម (UTM) ១/១០០.០០០ ដែល​ធ្លាប់​សុំ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​រឿង​នេះ ឲ្យ​ទៅ​ទាក់ទង​ក្រសួង​ការ​បរទេស វិញ។ ម្យ៉ាង​វិញ​ទៀត លោក​ក៏​នឹង​ពុំ​ទាន់​មាន​អ្វី​ដែល​ត្រូវ​ឆ្លើយ​តប​ការ​អះអាង​នេះ​នៅ​ឡើយ​ដែរ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បដិសេធ​ថា លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ច្បាស់លាស់​នៅ​ឡើយ។ ហេតុ​នេះ លោក​ពុំ​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ តុលា ថា លោក​បាន​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​កំពុង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ លោក​អះអាង​ថា ផែនទី​ដែល​រក​ឃើញ​នេះ ប្រហែល​ជា​មិន​ដូច​ផែនទី​ដែល​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​នោះ​ទេ។ លោក អ៊ុំ សំអាន ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ជា​ថ្មី​ឡើង​វិញ ដើម្បី​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ។ ជាង​នេះ​ទៀត លោក​យល់​ឃើញ​ថា ផែនទី​ដែល​លោក​ទើប​តែ​រក​ឃើញ​នេះ គឺ​ស៊ី​គ្នា​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​២ ដែល​ធានា​ពី​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​បន្ត​ថា «ខ្ញុំ​សូម​អំពាវនាវ​ទៅ​រដ្ឋាភិបាល សុំ​ស្នើ​ទៅ លោក បាន គីមូន (Ban Ki-moon) ម្ដង​ទៀត ដើម្បី​សុំ​ខ្ចី​ផែនទី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល ហើយ​ប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទោះ​បី​ដូច ឬ​មិន​ដូច​គ្នា​អី»

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹក​ដី​របស់​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៣៥ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។

កាល​ពី​ថ្ងៃ​ទី​២០ សីហា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ទៀងផ្ទាត់​ផែនទី​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ ចំនួន ១៨​ផ្ទាំង ដើម្បី​ពិនិត្យ​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​មាន និង​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។ បើ​ទោះ​បែប​ណា លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ពន្យល់​ថា ផែនទី​ដែល​បាន​បញ្ជូន​មក​នេះ គឺ​ពុំ​ដូច​ផែនទី​ដែល​រដ្ឋាភិបាល​ចង់​បាន​នោះ​ទេ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ឃើញ​ថា ប្រសិន​បើ​ផែនទី​ដែល លោក អ៊ុំ សំអាន រក​ឃើញ​នោះ គឺ​ជា​ផែនទី​ពិត ហើយ​អ្នក​ដែល​មាន​កំហុស គឺ​អង្គការ​សហប្រជាជាតិ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់​និយាយ​មិន​ពិត​ទេ គឺ​ប្រហែល​ជា​អាច​បង្ក​ទៅ​ជា​ជម្លោះ​ទៅ​វិញ​ក្នុង​រឿង​ព្រំដែន​នេះ។ លោក​បន្ត​ថា «អ៊ីចឹង​បើ​សិន​ជា​អង្គការ​សហប្រជាជាតិ យើង​សុំ ហើយ​គេ​ឲ្យ អា​ហ្នឹង​ហើយ​មាន​អា​នោះ​ទៀត អ៊ីចឹង​អ្នក​ខុស គឺ​អង្គការ​សហប្រជាជាតិ។ នៅ​ត្រង់​ចំណុច​នេះ យើង​គិត​ចេញ​ជា​ពីរ​ទៀត ទី​មួយ បើ​ឯកឧត្ដម អ៊ុំ សំអាន ពិត​ជា​រក​ឃើញ​មែន អង្គការ​សហប្រជាជាតិ ជា​អ្នក​ទទួល​ខុស​មែន​ទែន ប៉ុន្តែ​បើ​ឥត​មាន​មែន ខ្ញុំ​ជឿជាក់​ថា ឯកឧត្ដម អ៊ុំ សំអាន ភូត​ប្រជាពលរដ្ឋ ក៏ដូចជា​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ ក្លាយ​ជា​ដៃគូ​សត្រូវ​នឹង​គ្នា»

6
សកម្មភាព​បង្ហាញ​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​​រាជរដ្ឋាភិបាល ដោយ​មន្ត្រី​រដ្ឋាភិបាល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev

លោក អ៊ុំ សំអាន អះអាង​ថា ការ​ពិត ផែនទី​បោន​ខ្នាត ១/១០០.០០០ គឺ​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ដែល​ទៅ​សុំ​ខ្ចី​នោះ បែរ​ជា​យក​ផែនទី​ខ្នាត យូ.ធី.អឹម ១/១០០.០០០ វិញ។ លោក​បន្ត​ថា មន្ត្រី​ប្រចាំ​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ អះអាង​ថា ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​ច្រើន​ទាក់ទង​ជាមួយ​វៀតណាម ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​កម្ពុជា នឹង​សុំ​ខ្ចី​ខ្នាត​ណា​មួយ? លោក​បន្ត​ថា «ខ្ញុំ​សួរ​ថា ហេតុ​អី​បាន​ជា​រដ្ឋាភិបាល​មិន​ចង្អុល​យក​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​ខ្ញុំ​រក​ឃើញ។ គាត់​ថា ធ្វើ​ម៉េច​ខ្ញុំ​ដឹង បើ​ខ្ញុំ​បង្ហាញ​គេ​ដែរ។ ហេតុ​ដូច្នេះ បន្ទាប់​ពី​ហ្នឹង​មក រដ្ឋាភិបាល​ចង្អុល​បង្ហាញ​ផែនទី យូ.ធី.អឹម ខ្នាត ១/១០០.០០០ ហ្នឹង​ហើយ បន្ទាប់​មក​បាន លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហ្នឹង សរសេរ​លិខិត​ទៅ លោក ហ៊ុន សែន ហើយ​យក​ផែនទី​ហ្នឹង​យក​ទៅ​ស្រុក​ខ្មែរ»

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រតិកម្ម​នៅ​ថ្ងៃ​ទី​៨ តុលា ដោយ​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​ដ៏​គឃ្លើន​ឥត​ឈប់​របស់ លោក អ៊ុំ សំអាន ដែល​ញុះញង់​បង្ក​នូវ​អស្ថិរភាព​សង្គម និង​អសន្តិសុខ។ លើស​ពី​នេះ​ទៀត ការ​បំបែក​បំបាក់​ឯកភាព​ជាតិ​តាម​រយៈ​ការ​បំពាន​ច្បាប់​យ៉ាង​កំរោល ហើយ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ច្បាប់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា លោក​បាន​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​១៩៥៤ គឺ​រយៈពេល​ជិត​បី​ខែ ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ (Geneva) កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​ដដែល​ស្តី​អំពី​ឯករាជ​ភាព និង​បូរណភាព​ទឹក​ដី​ឥណ្ឌូចិន ដែល​មាន​កម្ពុជា វៀតណាម និង​ឡាវ។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក​នឹង​មិន​បញ្ជូន​ឯកសារ​ផែនទី​ដែល​លោក​រក​ឃើញ​ពី​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ ដោយ​ផ្ទាល់​ទេ ព្រោះ​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា បង្ក​បញ្ហា។ បន្ថែម​ពី​លើ​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​សុំ​ខ្ចី​ដោយ​ផ្ទាល់​ពី​អង្គការ​សហប្រជាជាតិ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។