ទឹក​ជំនន់​នៅ​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ទឹក​ជំនន់​នៅ​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ

ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ជិះ​ក្បូន​ឬស្សី​ឆ្លង​ផ្លូវ​មួយ​ដែល​លិច​ទឹក​នៅ​ក្រុង Thabaung ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៥។ទឹក​ជំនន់​មូសុង​នៅ​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ ១០០​ នាក់​ និង​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាជន​ប្រហែល​ ១.៦ លាន​នាក់។ បាងកក—

ស្រប​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ងើប​ចេញ​ពី​ការ​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​ជំនន់​ ដែល​ជា​ការបំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​មួយ​ទសវត្សរ៍​នេះ ​ការ​ជជែក​ពិភាក្សា​មាន​ការ​កើន​ឡើង​ពាក់​ព័ន្ធទៅនឹងការកាប់​បំផ្លាញ​ព្រៃឈើធ្ងន់ធ្ងរ​ ដែល​ប៉ះពាល់​ដល់​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ ហើយ​បាន​បន្សល់​ទុក​នូវ​តម្លៃ​ស្តារ​ឡើង​ដែល​មាន​លើស​ពី ​១២៥​លាន​ដុល្លារ។ អង្គការ​សហប្រជាជាតិ​ និង​ក្រុម​អ្នក​បរិស្ថាន​បាន​ព្រមាន​ថា ​ការ​លក់​ឈើទៅ​ឲ្យ​ប្រទេស​ចិន​កំពុង​បង្កើន​ការ​បាត់​បង់​ព្រៃ​ឈើ។

ទឹក​ជំនន់​មូសុង​នៅ​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​នេះ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ ១០០​ នាក់​ និង​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាជន​ប្រហែល​ ១.៦ លាន​នាក់។

ដី​កសិកម្ម​ជិត​ ៤០០.០០០ ហិកតា​ ដែល​ភាគ​ច្រើន​ជា​វាល​ស្រែ ​ស្រះ​ត្រី​ និង​កសិដ្ឋាន​សត្វ​ ត្រូវ​បាន​បាត់​បង់។ ព្យុះ​ស៊ីក្លូន​ត្រូពិច​បង្ក​ឡើង​ដោយ​ព្យុះមូសុង ​ បាន​បក់បោក​កម្ទេចផ្ទះ ​ផ្លូវ​ថ្នល់​និងស្ពាន។

លោក​ Peter Brimble អ្នក​ឯកទេសធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ឲ្យ​ដឹង​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​កត្តា​មួយ​ ដែល​បង្ក​អោយ​មាន​ព្យុះ។

« ...អ្នក​ក្រឡេក​មើល​ទឹក​ជំនន់​ហើយ​ប្រាកដ​ណាស់​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​លើ​ភ្នំ ​នៅ​តាម​ជ្រលង​ភ្នំ ​ឬ​នៅ​ក្នុង​តំបន់​ព្រៃ​ បាន​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទឹក​ជំនន់។ វា​ដូច​ជា​ ច្បាស់​ហើយ​ប៉ុណ្ណឹង»។

អង្គការ​ស្បៀង​ ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ ដោយ​សារ​តែ​ ជា​មធ្យម​គំរប​ព្រៃ​ជាង ៥៤០.០០០ ហិកតា ​ត្រូវ​បាន​បាត់បង់​ជារៀង​រាល់​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១០ ។

លោក​ Richard Casagrande ​គឺ​ជាអ្នក​គ្រប់​គ្រង​ប្រតិបត្តិ​ការ​ទឹក​ជំនន់​សម្រាប់​សហព័ន្ធ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ។ លោក​និយាយ​ថា​ នៅ​ពេល​ដែលសហគមន៍​ងើប​ឡើង​យឺត​ៗ ការ​ផ្តោត​អារម្មណ៍​ ត្រូវ​បាន​ងាក​ទៅ​រក​ផល​ប៉ះ​ពាល់​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

«មាន​ការ​ពិភា​ក្សា​ជា​ច្រើន​ដែល​ថា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ពិសេស​នៅ​ក្នុង​តំបន់​ភ្នំ​ បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ ដែល​មាន​សភាព​ខ្លាំង​ជាង​មុន។ ​នេះ​ជាហេតុបង្ក​នៃទឹកជំនន់ ហើយវាហាក់​ដូច​ជា​ពិត​ដូច​ការ​គិត​អញ្ចឹង។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ខ្ញុំ​នៅ​មិន​ទាន់​បាន​ឃើញ​នូវ​ភស្តុតាង​ជាក់​លាក់​ណា​មួយ​ទេ​ ប៉ុន្តែ​យើង​សង្ស័យ​ថា​វា​ជា​ការ​ពិត​ ជា​ពិសេស​ចំពោះ​ផ្នែក​ផ្សេងៗ​ ដែល​យើង​ដឹង​ថា កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​កំពុង​កើត​មាន»។

ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​ ( Environmental Investigation Agency) ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍ ​បាន​ឲ្យ​ដឹង​ថា​ ការ​រកស៊ី​ឈើ​ខុស​ច្បាប់ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ភាគ​ខាង​ជើង​ទៅ​ក្នុង​ប្រទេស បាន​ឈាន​ជិត​ដល់​៩០០.០០០ ម៉ែត្រ​គូប​ក្នុង​មួយឆ្នាំ​។ ចំនួន​នេះ​ជិត​ទៅ​នឹង​កម្រិត​មួយ​ ដែល​គេមិន​ដែល​ជួប​ប្រទះ​នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ​ បើទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​ពាណិជ្ជកម្ម​ឈើ​ជាផ្លូវការ។

ខណៈ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ងាយ​រង​គ្រោះ​ទៅនឹង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ អ្នក​វិទ្យាសាស្រ្ត​ម្នាក់​ពី​អង្គការ​ FAO ​នៅ​ក្នុង​ប្រទេស​ថៃបាន​និយាយ​ថា ​ការ​ស្រាវជ្រាវ​នាំ​អោយ​មាន​មន្ទិល​សង្ស័យ​ ទៅ​លើ​ការ​ពាក់ព័ន្ធ​ផ្ទាល់​រវាង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាមួយនឹង​ទឹក​ជំនន់។

អង្គការ​ FAO ​និយាយ​ថា ​ព្រៃឈើ​ជាតិ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​នៅតំបន់​ដាច់​ស្រយាល​ ដោយ​ធានា​នូវ​សន្តិសុខ​ស្បៀង ​និង​ផ្គត់​ផ្កង់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ក៏​ដូចជាការ​ពារ​ជីវ​ចម្រុះ​សំខាន់ៗ៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង