ឥណ្ឌូនេស៊ី​សុំ​ជំនួយ​ពី​សិង្ហ​បុរី រុស្ស៊ី ម៉ាឡេស៊ី និង​ជប៉ុន ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ បានសម្រេច​ស្នើរ​សុំ​ជំនួយ​ពី​អន្តរជាតិ ដើម្បី​ចាត់វិធានការ​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​នៅ​កោះ​មួយចំនួន​របស់​ឥណ្ឌូនេស៊ី ដែល​កំពុងតែ​បង្ក​ឲ្យ​មាន​អ​ព្ទ័​ពាសពេញ​លំហ​នៅក្នុង​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍។

មកទល់ពេលនេះ ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​នៅតែ​បន្ត​កើតមានឡើង។ ការឆាបឆេះ​នេះ​បាន​បណ្តាល​ឲ្យ​មាន​អ​ព្ទ័​ពាសពេញ​លំហ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហ​បុរី ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​រាប់ពាន់នាក់ ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ផ្លូវដង្ហើម។

តាមពិតទៅ​ប្រភព​ដែល​ធ្វើ​ឲ្យ​មាន​អ​ព្ទ័ ផុស​ឡើង​ពេញ​លំហ គឺ​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា និង កាលី​ម៉ាន់​ម៉ាន់​តាន់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ការឆាបឆេះ​ដ៏​សន្ធោសន្ធៅ​នេះ តែងតែ​កើតឡើង​នៅក្នុង​រដូវប្រាំង​ដោយសារ​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ពី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​មួយចំនួន មិនមាន​ការគ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ។ ជាពិសេស​នោះ ក្រុមហ៊ុន​ទាំងនោះ បាន​ដុត​ព្រៃ និង កាប់​ព្រៃ ខុស​ទៅនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី។

កន្លងមក រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ពិន័យ​ក្រុមហ៊ុន​ទាំងនោះ តែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដ្បិត អ្នកបង្ក​ហេតុការណ៍ ជា​សែស្រឡាយ​រដ្ឋាភិបាល​ដែល​បាន​ចាក់​ឬ​ស​ជា​យូរ និង​មួយចំនួន គឺ​ពាណិជ្ជករ​បរទេស​ដូចជា​សិង្ហ​បុរី និង ម៉ាឡេស៊ី។

ដើម្បី​ឆ្លើយតប​បញ្ហា​នេះ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​បញ្ជូន​កងកម្លាំង​ប្រមាណ​ជាង​ពីរម៉ឺន​នាក់ ដើម្បី​ពន្លត់ភ្លើង​ឆេះ​នេះ ដែល​រាប់បញ្ចូល​ទាំង​ការ​ពន្លត់​តាម​ទ័ពអាកាស​ផងដែរ។ យ៉ាងណាមិញ ដោយសារតែ​ការឆាបឆេះ​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក ទើប​ធ្វើ​អគ្គិភ័យ​នៅ​បន្ត​កើតមានឡើង ដែល​ធ្វើ​ឲ្យ​មាន​អ​ព្ទ័​គ្របដណ្តប់​លំហ អាកាស​ឥណ្ឌូនេស៊ី និង រដ្ឋ​អាស៊ាន​ជិតខាង​ផងដែរ។

យ៉ាងណាក៏ដោយ ចុងក្រោយ​នេះ លោក ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ បានសម្រេច​ដាក់សំណើ​ទៅកាន់​អន្តរជាតិ​ដើម្បី​ជា​ជំនួយ​ក្នុងការ​ទប់ស្កាត់​បញ្ហា​នេះ។ ក្នុងនោះ​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​អះអាងថា រដ្ឋ​ដែល​អាចជួយ​ឥណ្ឌូនេស៊ី​បាន រួមមាន សិង្ហ​បុរី រុស្ស៊ី ម៉ាឡេស៊ី និង​ជប៉ុន។ ក៏ប៉ុន្តែ សំណើ ទាំងនេះ មិនទាន់​ទទួលបាន​ការព្រមព្រៀង​គ្នា​នៅឡើយ​នោះទេ។

សូមបញ្ជាក់​ផងដែរ​ថា ភ្លើង​ឆេះ​ព្រៃ និង អ​ព្ទ័ មិនមែន​ទើបតែ​កើតឡើង​នោះទេ ពោលគឺ​បញ្ហា​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ១៩៩៧មកម្ល៉េះ។ បញ្ហា​នេះ បាន​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រដ្ឋ​អាស៊ាន​មួយចំនួន ដ្បិត​ក្រុមហ៊ុន សាលារៀន និង កិច្ចការ​ពាណិជ្ជកម្មផ្សេងៗមិនអាច​ដំណើរការបាន​ដោយសារ​មាន​កម្រិត​អ​ព្ទ័​ក្រាស់​ពេក៕ 

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?