កម្ចាត់​ដុំ​សាច់ និង ឫស ដោយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​

Sanofi

​ដុំ​សាច់​ដុះ និង ឫស មិន​ថា​តូច ឬ ធំ សុទ្ធតែ​បង្ក​ផល​ពិបាក​ជាពិសេស​នៅពេល​ទង្គិច​ពេល​ស្លៀកពាក់ ពាក់​គ្រឿងអលង្ការ ឬ កោរ ។ ជាទូទៅ​ការ​កម្ចាត់​សាច់​ដុះ ឬ ឫស​តាមបែប​វេជ្ជសាស្ត្រ​អាចធ្វើ​ឡើង​ដោយ​កាត់ ចង ដុត ឬ បង្កក ប៉ុន្តែ​បើ​ចង់ឱ្យ​កាន់តែ​ងាយស្រួល អ្នក​ក៏​អាច​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​កម្ចាត់​សាច់​ដុះ និង ឫស​បានដែរ ។ គួរ​ប្រយ័ត្ន​ជាមុន​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​ឈ្វេងយល់​ឱ្យបាន​ច្បាស់លាស់​ថា​វា​ជា​សាច់​ដុះ​មិនមែនជា​ប្រជ្រុយ ដូចនេះ​គួរ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ ។

​តើ​អ្វី​ទៅជា​សាច់​ដុះ ?
​សាច់​ដុះ​លើ​ស្បែក​ពុំមែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឡើយ​ហើយ​ច្រើន​កើតឡើង​ចំ​ញេះ​មនុស្ស​វ័យ​កណ្តាល ។ សាច់​ដុះ​មាន​សណ្ឋាន​ជា​ដុំ​តូចៗ​ដុះ​ចេញ​លើ​ស្បែក និង អាច​កើតឡើង​គ្រប់ផ្នែក​នៃ​រាងកាយ​ប៉ុន្តែ​វា​ច្រើន​កើត​ត្រង់​បរិវេណ​ក្លៀក ក្រលៀន ក្រោម​សុដន់ ត្របកភ្នែក និង លើ​ស្ត្រី​មានគភ៌ ។

*​វិធី​កម្ចាត់​សាច់​ដុះ​ដោយ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ដំបូង​ត្រូវ​លាង​សម្អាត​ស្បែក​បរិវេណ​ដែលមាន​សាច់​ដុះ​ដោយ​ប្រើ​សាប៊ូ​រួច​ជូត​ឱ្យ​ស្ងួត ។ យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ឱ្យ​ជោក​រួច​យកមក​បិទ​លើ​សាច់​ដុះ​ហើយ​យក​បង់​បិត​ទុកចោល​ប្រមាណ ១៥ នាទី ។ គួរ​ធ្វើបែបនេះ ៣ ដង ក្នុង​មួយថ្ងៃ និងបន្តធ្វើ​បួន​ប្រាំ​ថ្ងៃ​ទៀត ឬ មួយ​សបា្តហ៍​រហូតដល់​សាច់​ដុះ​ប្រែជា​ក្រៀម​ជ្រុះ ។​
​សូម​ប្រយ័ត្ន ៖ ដោយសារ​ទឹកខ្មេះ​ផ្លែ​ប៉ោម​សម្បូរ​ជាតិ​អាស៊ីដ​ដូចនេះ​សូមកុំ​ប្រើ​ជុំវិញ​បរិវេណ​ភ្នែក ។
​អ្វី​ទៅជា​ឫស ?

​ឫស​កើតឡើង​ដោយសារ​វីរុស ភាគច្រើន​ជា​ប្រភេទ​វីរុស HPV ។ វីរុស​ប្រភេទ​នេះ​ធ្វើឱ្យ​ស្បែក​ស្រទាប់​ខាងលើ​លូតលាស់​លឿន​ខុស​ប្រក្រតី និង ប្រែជា​ស្បែក​ងាប់ ហើយ​អាច​រាល​ប្រសិនបើ​កាត់ កេះ​ដូចនេះ​អ្នក​គួរ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ដឹង​ច្បាស់​ថា​វា​ជា​ឫស ឬ យ៉ាងណា​មុននឹង​កម្ចាត់​វា ។ ឫស​អាច​ឆ្លង​ដោយ​ការប៉ះពាល់ ឬ ប្រើប្រាស់​កន្សែង​ឬ​ស្បែកជើង​រួមគ្នា​ថែមទាំង​អាច​ដុះ​រាលដាល​លើ​ស្បែក​ទៀតផង​ដូចនេះ​អ្នក​គួរ​ព្យាបាល​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើបាន ។

*​វិធី​កម្ចាត់​ឫស​ដោយ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ដំបូង​អ្នក​ត្រូវ​សម្អាត​ស្បែក​បរិវេណ​ដែលមាន​ឫស រួច​យក​សំឡី​គ្រប​ឫស​ហើយ​ចាក់ទឹក​ខ្មេះ​ផ្លែ​ប៉ោម​លើ​សំឡី​ឱ្យ​សើម រួច​យក​បង់​បិត​ទុកចោល មួយ​យប់​បក​ចេញ​នៅពេល​ព្រឹក បន្ត​ធ្វើជា​រៀងរាល់​យប់​រហូត​មួយ​សបា្តហ៍​នោះ​អ្នកនឹង​ឃើញ​ឫស​ចាក់​ផ្តើម​របក​បន្តិច​ម្តងៗ​រហូត​បាត់​តែម្តង ។ អ្នក​គួរ​បន្តធ្វើ​ម្តង​មួយៗ​រហូត​អស់​ឫស​ពី​ស្បែក​ដើម្បី​កុំឱ្យ​រាលដាល ៕


Related