លោកយាយ ម៉ម ជូ អាយុ ១០២ ឆ្នាំ អំពាវនាវ​សុំ​ជំនួយ​

Sanofi

​អ្វីៗ​ពិតជា​មិន​ទៀងទាត់ និង តែងតែ​ប្រែប្រួល​ទៅតាម​ពេលវេលា​ជានិច្ច អ្នកខ្លះ​កើតមក​មានទ្រព្យ​សម្បត្តិ​ជាប់​នឹង​ខ្លួន​ដែលមាន​ត​តាំងពី​ឪពុកម្តាយ ឯ​អ្នកខ្លះ​កើតមក​មិនមាន​អ្វី​ជា​ដុំកំភួន​ឡើយ ព្រោះតែ​ជីវភាព​ក្រីក្រ ។ ដូចជា​ដូនចាស់​ម្នាក់នេះ អាយុ​កាន់តែច្រើន​ហើយ ថែមទាំង​មាន​រោគា​បៀតបៀន​ទៀត ។​
​    ​លោកយាយ ម៉ម ជូ រស់នៅ​ភូមិ​តា​អុក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។ លោកយាយ​កើត​នៅ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ​១៩១៣ គិត​មកដល់​សព្វថ្ងៃនេះ​លោកយាយ​មាន​អាយុ ១០២ ហើយ ហើយ​កំពុង​រស់នៅ និង ពឹង​ទៅលើ​កូនស្រី​មេម៉ាយ​ម្នាក់​ដែលមាន​ជីវភាព​ក្រីក្រ​ខ្វះខាត​រកស៊ី​ចិញ្ចឹម​តែប៉ុណ្ណោះ ។​


​តាមពិត​លោកយាយ​មិនមែន​មានតែ​កូន​ម្នាក់​នោះទេ គាត់​មានកូន​រហូតដល់ ៤ នាក់ គឺ​កូន​ទី ១ ឈ្មោះ ហ៊ុន លី (​ប្រុស​) អាយុ ៧១ ឆ្នាំ ស្លាប់ កូន​ទី ២ ឈ្មោះ ហ៊ុន សី​ង (​ប្រុស​) អាយុ ៦៧ ឆ្នាំ កូន​ទី ៣ ឈ្មោះ ហ៊ុន សុង (​ប្រុស​) អាយុ ៦០ ឆ្នាំ និង កូន​ទី​បួន​ឈ្មោះ​ហ៊ុន ខា (​ស្រី​) អាយុ ៥៤ ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​ម្តាយ គឺ​លោកយាយ ម៉ម ជូ រីឯ​កូនប្រុស ហ៊ុន សុង ដែល​រស់នៅ​ជិត​ម្តាយ​នោះ​ក៏មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ដែរ ។​


​ ​ដោយសារតែ​ជីវភាព​ក្រីក្រ និង អាយុ​កាន់តែច្រើន រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ថែមទាំង​មាន​ជំងឺ​ជាប់​កាយ​ផង ហេតុនេះហើយ​បានជា​លោកយាយ​សូម​ពឹងពាក់​តាមរយៈ​អ្នកសារព័ត៌មាន​សុំឱ្យ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង លោកជំទាវ មេត្តាជួយ​ស្រោចស្រង់​ដល់​លោកយាយ ក៏ដូចជា​គ្រួសារ ព្រោះ​លោកយាយ​នៅពេលនេះ​កំពុង​ជួប​ការលំបាក​ខ្វះខាត និង គ្មាន​លទ្ធភាព គ្មាន​ប្រាក់​សម្រាប់​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ឡើយ ។ មិនតែប៉ុណ្ណោះ លោកយាយ​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​នានា ដែលមាន​សន្តាន​ចិត្តមេត្តា​ជួយ​ឩ​ប​ត្ថ​ម្ភ​ដល់​លោកយាយ​ផង ដោយ​ក្តី​អរគុណ និង សង្ឃឹមទុក​ជាមុន​នូវ​ទឹកចិត្ត​ដ៏​មេត្តា​នេះ ។ គង់ អ៊ី​

Related