លោក កឹម សុខា ប្រាប់សក​ម្មជន ឱ្យឈប់និយាយរិះគន់ រង់ចាំត្រៀមខ្លួន ទៅបោះឆ្នោតបានហើយ (Video inside)

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបង្គាប់ជាថ្មីឱ្យមន្រ្តីនិងសកម្មជនរបស់ខ្លួន បញ្ឈប់ការរិះគន់រឿងពុករលួយ និងរឿងផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវងាយឆ្ពោះទៅរកគោលដៅតែមួយគត់ គឺការបោះឆ្នោតនៅក្នុងអាណត្តិក្រោយ ខាងមុខនេះ។

លោក កឹម សុខា នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ២០១៥នេះ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីសំណេះសំណាលនេះ លោក កឹម សុខា បានបង្វែរទិសដៅឱ្យសកម្មជនតាមមូលដ្ឋាន ឱ្យប្រកាន់ខ្ជាប់នូវទិសដៅឆ្ពោះទៅរក ការឈ្នះនៅក្នុងការបោះឆ្នោត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ ។

ក្នុងវីដេអូឃ្លីបដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោក កឹម សុខា នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ អនុប្រធាន គណបក្សសង្រ្គោះជាតិរូបនេះ បានប្រាប់ដល់សកម្មជនរបស់គណបក្សសង្រ្គោះជាតិឱ្យផ្សព្វផ្សាយបន្តគ្នា ដើម្បីប្រាប់ដល់សកម្មជនផ្សេងៗ ឱ្យបញ្ឈប់ការរិះគន់ រឿងពុករលួយ ដោយថារាស្រ្តបានយល់អស់ហើយ ។ លោក កឹម សុខា បានថ្លែងថា «រឿងនេះសំខាន់ណាស់ សកម្មជនថ្នាក់ដឹកនាំ (CNRP) ត្រូវជ្រាបថា (សួរថា) មកជួប កឹម សុខា ថ្ងៃនេះបានអ្វីទៅប្រាប់គ្នា? ត្រូវបានប្រាប់ថា លោក កឹម សុខា ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានចង្អុលទិសដៅ ប្រាប់ហើយ ថាយើងទាំងអស់គ្នាគណបក្សសង្រ្គោះជាតិ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍ចំពោះភាពទន់ភ្លន់របស់ លោក កឹម សុខា ប៉ុន្តែលោកបារម្ភថា ខ្លាចក្រែងតែអនុប្រធានគណបក្ស សង្រ្គោះជាតិរូបនេះ មិនអាចអនុវត្តឱ្យបានដូចអ្វីដែលលោកបានលើកឡើង។ ទោះជាយ៉ាងណាលោកថា រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន នាពេលកន្លងមក បានស្វាគមន៍ចំពោះការរិះគន់ណាប្រកបដោយស្ថាបនា ប៉ុន្តែមិនទទួលយកការរិះគន់ដែលវាយប្រហារនោះទេ។

លោក សុខ ឥសាន្ត និយាយថា «ខ្ញុំស្វាគមន៍ បើសិនជាគាត់មានគោលការណ៍ឈប់វាយប្រហារ ការតិទៀននិយាយរួមគឺគណបក្សប្រជាជនសូមស្វាគមន៍ ប៉ុន្តែទទួលយកតែការតិទៀត ក្នុងន័យស្ថាបនា យើងមិនមែនធ្វើអ្វីចេះតែត្រូវទាំងអស់នោះទេ ចំណុចខ្វះខាតតិចតួចជាសត្យានុម័យគឺជៀសមិនរួចទេ វាធម្មតា ហើយបើមានការជូនជាយោបល់ ជាមតិដើម្បីស្ថាបនា អាហ្នឹងយើងស្វាគមន៍ ក៏ប៉ុន្តែកន្លងទៅមិនមែនជា(ការរិះគន់)ស្ថាបនាទេ គឺជាការវាយប្រហារ ជាន់ករ ដកស្លាបតែម្តង»។ លោក កឹម សុខា ហាក់បានផ្តាស់ប្តូរឥរិយាបទ បន្ទាប់ពីលោកត្រឡប់មកពីទស្សនកិច្ច នៅប្រទេសអូស្រ្តាលី និងញូវហ្សេលែន កាលពីខែកញ្ញាកន្លងទៅ។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ក្រោយពេលដែលចុះសួរសុខទុក្ខសកម្មជន គណបក្សសង្រ្គោះជាតិ ទាំង១៦នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានជំរុញឱ្យថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ បញ្ឈប់លើកយកបញ្ហាក្តៅៗ រឿងរសើបរឿងក្តៅៗ របស់រដ្ឋាភិបាលកម្ពុជា មកធ្វើជារបៀបវារៈនយោបាយតទៅទៀត រហូតដល់ស្ថានភាពក្នុងប្រទេស មានសភាពស្ងប់ស្ងាត់ឡើងវិញ៕

វេទិកា ថ្នាក់ដឹកនាំមូលដ្ឋាននិងសកម្មជន ខេត្តកំពង់ចាម

គណបក្សសង្គ្រោះជាតិ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ។ ដូច្នេះ សូមឲ្យថ្នាក់ដឹកនាំ និងសកម្មជនទាំងអស់ ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតខាងមុខ។វេទិកា “ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជន” ស្រុកកំពង់សៀម និងក្រុងកំពង់ចាម នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០១៥។

Posted by Kem Sokha on Thursday, October 8, 2015