ពិធីករ Killer Karaoke របស់​អាមេរិក​ម្នាក់​ត្រូវ​កាត់ទោស​ជាប់គុក​

Sanofi

​លោក Steve-O ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៣០​ថ្ងៃ ខណៈដែល​លោក​បាន​កាន់​រូប​ត្រី​ដូ​ហ្វិ​ន​ឡើង​ទៅលើ​ដង​ស្ទូច​មួយ​នៅ​តំបន់ Hollywood និង​ដុត​បំផ្ទុះ​កាំជ្រួច​កាលពី​ថ្ងៃទី​០៩ ខែ សីហា ក្នុង​គោលបំណង​តវ៉ា​ប្រឆាំងនឹង​ឧទ្យាន SeaWorld ដើម្បី​ឲ្យ​ឧទ្យាន​មួយ​នេះ​ដោះលែង​សត្វ​ត្រី​ដូ​ហ្វី​ន​ឲ្យ​មាន​សេរីភាព​ដូច​សត្វ​ត្រី​ដទៃទៀត​។

​លោក Stephen Glover ត្រូវបាន​គេ​ហៅ​ឈ្មោះ​លោក​ថា Steve-O ដែលជា​ពិធីករ​កម្មវិធី​កម្សាន្ត Killer Karaoke របស់​អាមេរិក​រដូវ​កាល​ទី​១ ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣០​ថ្ងៃ និង​ស្ថិតក្រោម​ការព្យួរទោស​៣​ឆ្នាំ​និង​សង​ប្រាក់​ជិត ១៤ ០០០​ដុល្លារ​។

​បើតាម​អ្នកនាំពាក្យ​របស់​មេធាវី​ទីក្រុង Los Angeles លោក Frank Mateljan បាន​មានប្រសាសន៍ថា លោក Steve-O ដែលមាន​ឈ្មោះ​ពិត Stephen Glover ត្រូវ​កាត់ទោស​កាលពី​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ ២០១៥ ពីបទ​ល្មើស​ផ្ទុយ​នឹង​ច្បាប់​ក្នុងការ​ប្រើប្រាស់​កាំជ្រួច និង​បំផ្លាញ​ទ្រព្យ​សាធារណៈ​។​

​លោក​មេធាវី​បន្តថា លោក Steve-O ស្ថិតក្រោម​ការព្យួរទោស ៣​ឆ្នាំ និង​សង​ប្រាក់​ជិត ១៤ ០០០​ដុល្លារ ទៅកាន់​ខាង​ប៉ូលិស​និង​ក្រុម​ពន្លត់អគ្គីភ័យ ព្រោះ​នៅពេលដែល​គេ​បាន​បង្ក​ភាពចលាចល​នៅ​កន្លែង​ស្ទូច​គឺមាន​ឡាន​សង្គ្រោះបន្ទាន់​ចំនួន​៥, ឧទ្ធម្ភាគចក្រ​១ និង​អ្នក​ពន្លត់អគ្គីភ័យ​ប្រមាណ​ជាង​៨០​នាក់មក​ធ្វើ​អន្តរាគមន៍​។

​លោក​មេធាវី​បន្ថែមថា ទង្វើ​របស់លោក Steve-O ដែល​ធ្វើ​នាពេល​កន្លងទៅ ព្រោះតែ​គេច​ង់​តវ៉ា​ឲ្យ​ត្រី​ដូ​ហ្វិ​ន​ដែល​នៅ​ឧទ្យាន SeaWorld មាន​សេរីភាព​ដូច​ត្រី​ផ្សេងទៀត​៕ សុទ្ធ គឹម​សឿន​

 


Related