ម៉េង ប៊ុន​ឡូ មិនទាន់​ហ៊ាន​សង្ឃឹម​

Sanofi

​កាលពីពេល​ថ្មីៗ​កន្លងមក លោក ម៉េង ប៊ុន​ឡូ បានបង្ហាញ វត្តមាន​នៅក្នុង​កម្មវិធី​«​កំណប់​អារម្មណ៍​» របស់់​ស្ថានីយទូរទស្សន៍​អប្សរា​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្រោយពី​លោក​បាត់​មុខ​ពី​ការ សម្តែង ក៏ដូចជា​ឡើង​ឆាក​ប្រគំ​តន្ត្រី​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ។ ការបង្ហាញ​មុខ​របស់​បុរស​សង្ហា​មុខ​ខ្មែរ​អង្គរ​រូបនេះ​គឺ​ស្របពេល​មាន​ព័ត៌មាន​ថា លោក​ត្រៀម​នឹង​ថត​រឿង​ខ្នាត​ធំ​របស់លោក ហ្វៃ សំអាង ដោយ​ចាប់​ដៃគូ​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ។ ប៉ុន្តែ​លោក ម៉េង ប៊ុន​ឡូ មិន​ហ៊ាន​រំពឹងថា​លោក​នឹង​បានទទួល តំណែង​ជា​តួឯក​នោះទេ ព្រោះ​វ័យ​របស់លោក​ជ្រេ​បន្តិច​ទៅហើយ ។​

​ជាមួយគ្នានេះ លោក​ហ្វៃ សំអាង ក៏មាន​គម្រោង​ថត រឿង​ខ្នាត​ធំ​មួយ​ដែល​បន្ត​ពី​រឿង «​ចៅ​ពស់​កេងកង​»​ដែលជា​រឿង​មួយ​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយ​នៅក្នុង​រឿង នោះ មាន​លោក ម៉េង ប៊ុន​ឡូ និង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​តួឯក ។ តាម​ដឹង​រឿង​ថ្មី​នេះ មាន​ចំណងជើង​ថា «​សន្តាន​ពស់​» ។ ស្របពេល​ជាមួយគ្នានេះដែរ គេ​បានឃើញ​លោក ម៉េង ប៊ុន​ឡូ និង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហាញមុខ​នៅក្នុង​កម្មវិធី​«​កំណប់​អារម្មណ៍​»​របស់​ស្ថានីយទូរទស្សន៍​អប្សរា ។ មានការ​និយាយ​ពី​សំណាក់​មហាជន​ថា លោក ម៉េង ប៊ុន​ឡូ អាច​នឹង​មានឱកាស​ក្លាយជា​តួឯក​នៅក្នុង​រឿង​ខ្នាត​ធំ​មួយ​នេះ តែ​អ្នក​ខ្លះទៀត​បែរជា​លើកឡើងថា​តាម​វ័យ​របស់លោក​មិនអាច​គ្រង​តំណែង​ជា​តួឯក​ដូច​មុន​ទៀត​ទេ ។ លោក ម៉េង ប៊ុន​ឡូ បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ប្រសិនបើ​លោក ហ្វៃ សំអាង តម្រូវ​ឲ្យ​លោក​សម្តែង​ជា​តួ​ប្រុស​នៅក្នុង​រឿង​ថ្មី​នេះ ប៉ុន្តែ​យ៉ាងណា​តារា​រូបរាង​បែប​ខ្មែរ​អង្គរ​រូបនេះ​គិតថា​ប្រហែល​មិនអាច​ទៅរួច​ទេ ដោយសារ​សាច់រឿង​មិន​ស័ក្តិសម​ជាមួយ​តួ​ប្រុស​ដែលមាន​អាយុ​ច្រើន​ដូចជា​លោក ។ «​សម្រាប់​ខ្ញុំ​មិន​ថា​តួឯក ឬ តួរង​ទេ​គឺ​ខ្ញុំ​អាច​សម្តែង​បាន​ទាំងអស់ សំខាន់​ឲ្យ​តែមាន​សាច់រឿង​លេង​និយាយ​ដោយ​ត្រង់​ចុះ​រឿង​របស់លោក ហ្វៃ សំអាង សូម្បីតែ​តួ​អ្នកបម្រើ​ក៏​ល្បី​ដែរ​» ទាំងនេះ​ជាការ​រៀបរាប់​របស់លោក ម៉េង ប៊ុន​ឡូ ។​

​លោក ម៉េង ប៊ុន​ឡូ ក៏បាន​បង្ហើប​ឲ្យ​ដឹងថា តាម​ការសាកសួរ​នៅតាម​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​កមាន​ទស្សនិកជន​គាំទ្រ​ចង់​ឲ្យ​លោក​ចាប់​ដៃគូ​សម្តែង​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ច្រើន ។ ប្រសិនបើ​លោក ហ្វៃ សំអាង ផ្តល់​ឱកាសលោក នឹង​ហាត់ប្រាណ​ដើម្បី​សម្រក​ទម្ងន់​ឲ្យ​ស័ក្តិសម​ទៅតាម​តួអង្គ​នៅក្នុង​សាច់រឿង តែ​ក្នុងនោះ​លោក​មិនបាន​ដឹងថា​រឿង​«​សន្តាន​ពស់​»​នេះ​នឹង​ចាប់ផ្តើម​ដំណើរ ការថត​នៅពេលណា​ឡើយ ។ គេ​នៅ​ចាំបាន​ថា​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក ម៉េង ប៊ុន​ឡូ ធ្លាប់​ល្បីល្បាញ​តាមរយៈ​រឿង​មួយចំនួន​មានដូចជា​រឿង «​ចៅ​ពស់ កេងកង​» និង រឿង «​មនុស្ស ឬ ខ្មោច​» ជាដើម ។ ក្រៅពីនេះ លោក​ក៏​ធ្លាប់ ចូលរួម​សម្តែង​រឿង​ថ្វាយព្រះប​រម​រតនៈ​កោដ្ឋ​ផងដែរ ។ អ្វីដែល​កត់សម្គាល់​នោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​កម្រ​ឃើញ​សកម្មភាព​សិល្បៈ​ថ្មីៗ​របស់លោក ម៉េង ប៉ុន​ឡូ ណាស់ ជាពិសេស​នៅតាម​ឆាក​ប្រគំ​តន្ត្រី​នៃ​ស្ថានីយទូរទស្សន៍ នានា ។ ជាមួយនឹង​ការទទួលស្គាល់​ការពិត​លោក ម៉េង ប៊ុន​ឡូ បាន​ប្រាប់ថា កន្លងមក​មាន​គេ​ទាក់ទង​លោក​ឡើង​ទូរទស្សន៍​ជា​បន្តបន្ទាប់​ដែរ តែ​លោក​បដិសេធ​ដោយសារ​មិន​ចង់​ច្រៀង​បទ​ដដែលៗ ។ បើ​និពន្ធ​បទ​ថ្មី​សម្រាប់​ច្រៀង​ក៏​បានតែ​ក្នុង​ទូរទស្សន៍​ដោយសារ​លោក​មិនមាន​ផលិតកម្ម ។​

​ថ្វីដ្បិតតែ​លោក​មិនមាន​សកម្មភាព​ការងារ​ក្នុង​សិល្បៈ​ក៏ពិតមែន តែ​មិន មែន​មានន័យថា លោក ម៉េង ប៊ុន​ឡូ កាត់ផ្តាច់​ពី​អាជីព​សិល្បៈ​នោះដែរ ។ សព្វថ្ងៃ​លោក ម៉េង ប៊ុន​ឡូ ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង ជា​អ្នក​ផលិតកម្ម​វិធី​នៅ​ស្ថានីយទូរទស្សន៍​អប្សរា និង កំពុង​សិក្សា​ពី​ការនិពន្ធ​រឿង​អប់រំ​ខ្លីៗ​ផងដែរ ។ ពេលខ្លះ​លោក​ត្រូវ​ទៅ​ច្រៀង​នៅតាម​កម្មវិធី​ផ្សេងៗ ហើយ​នៅតែ​បានទទួល​ការ ចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ដែល​រស់នៅ​ក្រៅប្រទេស​ផងដែរ ។ ជារឿយៗ លោក​មានឱកាស​ចេញទៅ​កើប​ប្រាក់​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់់ ។ ក្នុង​រយៈ ពេលដែល​លោក ម៉េង ប៊ុន​ឡូ បាត់​មុខ​ពី​ការងារ​សិល្បៈ​រាប់​ឆ្នាំកន្លងមក មាន​មហាជន​ខ្លះ​គិតថា​តារា​សម្បុរ​ស្រអែម​សម្បូរ​សាច់ដុំ​ម្នាក់នេះ​ប្រហែល​រៀបការ​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ហើយ​មើលទៅ ។ គេ​នៅ​ចាំបាន​ថា កន្លងមក​លោក​ធ្លាប់មាន​ព័ត៌មាន​ស្នេហា​ជា​បន្តបន្ទាប់ មាន​ទាំង​នារី​សាមញ្ញ និង អ្នក​ដែលមាន​មុខមាត់​ខ្ពង់ខ្ពស់ ហើយក៏​ជា​ខ្សែ​រាជវង្ស​ថែម​ទៀតផង​។ ប៉ុន្តែ​យ៉ាងណា​តារា​វ័យ ៣៧ ឆ្នាំ រូបនេះ​បាន​ប្រាប់ថា​មិន​ចង់​និយាយ​ពី​រឿង​ស្នេហា​នោះទេ ព្រោះ​គិតថា​ជា​រឿង​ដដែលៗ​ពេក ។ ម្យ៉ាង​ប្រសិនបើ​លោក​ធ្លាប់​រៀបការ​មែន​ក៏​លាក់​មិន​ជិត​ដែរ ។

«​សម័យនេះ​កូនក្មេង​នៅ​ចេះ​មាន​សង្សារ​ចុះ​ទម្រាំ​វ័យ ប្រហែល​ខ្ញុំ តែ​ខ្ញុំ​មិនទាន់​ចង់​គិតពី​រឿងនេះ​ទេ អ្វីដែល​សំខាន់​គឺ​សេដ្ឋកិច្ច​គ្រួសារ​ព្រោះ​ដឹង​ស្រាប់​ហើយ​គ្រួសារ​ខ្ញុំ​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ឡើយ​» ទាំងនេះ​ជាការ​លើកឡើង​របស់លោក ម៉េង ប៊ុន​ឡូ ៕ សុធា​រៈ​

​   

Related