អាមេរិក៖ គ្រាប់​មីស៊ីល​ខុស​បច្ចេកទេស ៤គ្រាប់​ ​រុស្ស៊ី​តម្រង់​​វាយ​ប្រហារ​ក្រុម​អ៊ីស្លាម​នៅ​ស៊ីរី​​ធ្លាក់​ចំប្រទេស​អ៊ីរ៉ង់

អាមេរិក៖ គ្រាប់​មីស៊ីល​ខុស​បច្ចេកទេស ៤គ្រាប់​ ​រុស្ស៊ី​តម្រង់​​វាយ​ប្រហារ​ក្រុម​អ៊ីស្លាម​នៅ​ស៊ីរី​​ធ្លាក់​ចំប្រទេស​អ៊ីរ៉ង់

កាំជ្រួច​ចំនួន ៤គ្រាប់​​ របស់​រុស្ស៊ី​ដែល​តម្រង់​សំដៅ​វាយ​ប្រហារ​ក្រុមរដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​ (IS) នៅ​​ស៊ីរី បាន​​​ធ្លាក់​ចំ​​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​មន្ត្រី​មួយ​រូប​របស់​​អាមេរិក។

 

បើ​តាម​ការ​បញ្ជា​ក់​របស់​ម​ន្ត្រី​រូប​នេះ​បាន​ឱ្យ​ដឹងថា គ្រាប់​មីស៊ីល​ទាំង​៤គ្រាប់​ដែល​ធ្លាក់​ចំ​ប្រទេស​អ៊ីរ៉ង់​នោះ ស្ថិត​ក្នុង​ចំណោម​គ្រាប់​មីស៊ីល​ទាំង ២៦ ដែល​រុស្ស៊ី​តម្រង់​​​ទៅ​​​ស៊ីរីកាល​ពី​ថ្ងៃ​ពុធ​ ដើម្បី​ជា​ការ​កម្ទេច​ក្រុម IS។ យ៉ាង​ណាក៏​ដោយ​មន្ត្រី​រូប​នេះ​ពុំ​បាន​បញ្ជាក់​ពី​ទីតាំង​ច្បាស់​លាស់​​​នៃ​ការ​ធ្លាក់​គ្រាប់​មីស៊ីលខុស​បច្ចេកទេស​​ទាំង ៤គ្រាប់​នោះ​ទេ។

 

អាមេរិក៖ គ្រាប់​មីស៊ីល​ខុស​បច្ចេកទេស ៤គ្រាប់​ ​រុស្ស៊ី​តម្រង់​​វាយ​ប្រហារ​ក្រុម​អ៊ីស្លាម​នៅ​ស៊ីរី​​ធ្លាក់​ចំប្រទេស​អ៊ីរ៉ង់

 

បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​មួយ​របស់​រដ្ឋ​អីស្លាម​នៃ​​ប្រទេស​អ៊ីរ៉ង់​ឈ្មោះ Irna បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា គ្រាប់​មីស៊ីល​មួយ​គ្រាប់​​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្លាក់​ចំ​ភូមិ Ghozghapan នៃ​ខេត្ត West Azerbaijan របស់​ប្រទេស​អ៊ីរ៉ង់។

 

ដោយ​ឡែក​ចំពោះ​ក្រុម​អភិរក្សនិយម​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ដំណឹង​អំពី​ការ​ធ្លាក់​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ីរ៉ង់​ គឺ​ជា​មនោគមវិជ្ជា​របស់​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំង​នឹង​ទីក្រុង​មូស្គូ។

 

ចំពោះ​ខាង​រុស្ស៊ី​វិញ​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​បាញ់​កាំជ្រូច​មីស៊ីល​ចំនួន ២៦គ្រាប់ ទៅ​គោលដៅ​ចំនួន ១១នៃ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ប្រហែល​ជា​រយៈ​ចម្ងាយ​ប្រមាណ ១៥០០គីឡូម៉ែត្រ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ថា គ្រាន់​មីស៊ីល​ទាំង ២៦គ្រាប់​នោះ​បាន​ធ្លាក់​ចំ​គោលដៅ​ទាំងអស់។

 

រុស្ស៊ី​និង​អ៊ីរ៉ង់​បាន​ចង​សម្ព័ន្ធមិត្ត​នឹង​គ្នា​ ដើម្បី​ផ្តួលរលំ​ក្រុម​រដ្ឋ​អ៊ីស្លាម​និយម (IS) ​​នៅ​ស៊ីរី និង​ជា​ការ​គាំ​ទ្រ​ប្រធានាធិបតី​​ស៊ីរី លោក Bashar al-Assad ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​រុស្ស៊ី​ក៏​បាន​ប្រតិបត្តិការ​បាញ់​គ្រាប់​មីស៊ីល​វាយ​ប្រហារ​ក្រុម​ IS នេះ​តែ​ម្តង៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ bbc