រកមុខ​ចោរលួច​លុយ​៣០​ម៉ឺន​រៀល​អត់​ឃើញ នារី​ម៉ាស្សា​បបួល​គ្នា​ស្បថ​បញ្ចប់រឿង

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទើបតែ​ចូល​ធ្វើការ​បាន​មួយ​ថ្ងៃ​នៅ​ហាង​ម៉ា​ហ្សា​មួយ​កន្លែង​យីហោ «១៦៨» ក៏​មានការ​ភ្ញាក់ផ្អើល​ថា បាត់​លុយ​បុគ្គលិក​ម៉ា​ហ្សា​ដូច​គ្នា​អស់​ចំនួន​៣០​ម៉ឺន​រៀល ថែម​ទាំង​បង្ក​ហិង្សា​វាយ​គ្នា​ផ្អើល​ពេញ​ហាង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៨ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ហាង​ម៉ា​ហ្សា​មួយ​កន្លែង​យីហោ​១៦៨ ក្នុងភូមិ​ក​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​ដែល​ទើប​ចូល​ធ្វើការ​នោះ​មិន​បាន​ប្រាប់​ឈ្មោះ និង​ទីកន្លែង​ស្នាក់​ទេ (​ពាក់អាវ​ពណ៌​ក្រហម​ដៃខ្លី​) ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រតនា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង​ម៉ា​ហ្សា (​ពាក់អាវ​ពណ៌​ខ្មៅ​) ។

តាម​ប្រភព​ពី​ម្ចាស់​ហាង​ម៉ា​ហ្សា​ឈ្មោះ​ស្រី​លី​ន ដែល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០៧ មាន​នារី​ម្នាក់​បាន​មក​សុំ​ចូល​ធ្វើការ​នៅ​ហាង​ម៉ា​ហ្សា​របស់​គាត់ ដោយ​មិន​ទាន់​បាន​ស្គាល់ឈ្មោះ និង​ទីកន្លែង​ស្នាក់​នៅឡើយ ដោយ​ព្រមឱ្យ​ចូល​ធ្វើការ​ថ្ងៃ​ដំបូង ។ លុះ​ពេល​រសៀល​បន្តិច ម្ចាស់​លុយ​ជា​អ្នក​រង​គ្រោះ​បានឃើញ​នារី​ម្នាក់​នោះ ដើរ​សំដៅ​ទៅ​ទីកន្លែង​ដែល​ជន​រង​គ្រោះ​បាន​ដាក់​របស់របរ និង​ទ្រព្យសម្បត្តិ ដែល​ជា​កន្លែង​ម៉ា​ហ្សា​របស់​ភ្ញៀវ ។

មួយសន្ទុះ ក៏​ស្រាប់តែ​ឃើញ​នារី​សង្ស័យ​ម្នាក់​នោះ​រត់​ចេញពី​កន្លែង​របស់​នារី​ជន​រង​គ្រោះ ចេញ​ទៅ​ក្រៅ​បាត់​ស្រមោល ។ ប៉ុន្តែ​នារី​ជា​ជន​រង​គ្រោះ ក៏​មិន​បាន​ចាប់អារម្មណ៍​ថា​ចូល​ទៅ​ធ្វើ​អ្វី​ដែរ លុះ​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច ក៏​ស្រាប់តែ​នារី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា បាន​បាត់​លុយ​អស់រលីង​នៅ​ក្នុង​កូនជ្រូក​សន្សំ​លុយ ដោយនៅ​សល់​តែ​កូនជ្រូក​ប្រហោង​ពោះ​តែ​ប៉ុណ្ណោះ ។

ក្រោយមក ក៏​មានការ​សង្ស័យ​ទៅ​លើ​នារី​ម្នាក់​ដែល​ទើបតែ​ចូល​ធ្វើការ​ថ្មី​ថា បាន​ចូល​ទៅ​កន្លែង​របស់​គេ និង​បាន​វាយ​បំបែក​ពោះ​កូនជ្រូក​ដី​រួច​យក​លុយ​សន្សំ​របស់​នារី​រង​គ្រោះ​អស់​ចំនួន​៣០​ម៉ឺន​រៀល ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​វិញ នារី​រង​គ្រោះ​បាន​រង់ចាំ​នារី​សង្ស័យ​ត្រឡប់​មក​វិញ និង​សួរនាំ​តែ​ម្តង ។ ដោយ​រង​ចាំ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ដែល ជា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​នារី​សង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​មក​កន្លែង​ម៉ា​ហ្សា​វិញ​មែន រួច​នារី​រង​គ្រោះ ក៏​បាន​សួរនាំ​អំពី​រឿង​ម្សិលមិញ​ថា ហេតុ​អ្វី​បានជា​ចូល​កន្លែង​ម៉ា​ហ្សា​ភ្ញៀវ​របស់​គេ ហើយ​ថែម​ទាំង​បាន​បាត់​លុយ​ពី​ក្នុង​កូនជ្រូក​អស់រលីង​?

តែ​នារី​សង្ស័យ​បាន​បដិសេធ​ថា មិន​បាន​ចូល​ទៅ​ធ្វើ​អ្វី​នោះ​ទេ ហើយ​ក៏​មិន​បាន​លួច​លុយ​ដែរ ដោយសារ​តែ​មានការ​ចោទប្រកាន់​ពី​នារី​ម៉ា​ហ្សា​ដទៃ​ៗ ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​នារី​សង្ស័យ​កើតជា​ក្តី​ខឹងសម្បារ​ផ្ទុះ​ហឹ​ង្សា​វាយ​គ្នា​ជាមួយ​នារី​រង​គ្រោះ ផ្អើល​ពេញ​ហាង​ម៉ា​ហ្សា ដោយ​មានកា​ហាមឃាត់​ពី​ម្ចាស់​ហាង ដើម្បី​កុំឱ្យ​បន្ត​ការ​វាយ​គ្នា​ទៀត ក៏​សម្រេច​នាំ​ខ្លួន​នារី​រង​គ្រោះ និង​នារី​សង្ស័យ​ទៅ​ប៉ុស្តិ៍ ដើម្បី​សុំ​ការ​ដោះស្រាយ​ពី​សមត្ថកិច្ច ។

ក្រោយ​ពេល​កើត​នារី​ម៉ា​ហ្សា​ទាំងអស់ រួម​និង​នារី​រង​គ្រោះ​និង​នារី​សង្ស័យ បាន​មក​ដល់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ហើយ​សមត្ថកិច្ច​បាន​សួរនាំ​ពី​នារី​រង​គ្រោះ និង​នារី​សង្ស័យ​ទាំង​២​នាក់ ដោយនៅ​តែ​មានការ​បដិសេធ និង​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នារី​រង​គ្រោះ ក៏​គ្មាន​ភ័ស្តុតាង​ទៀត ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ គ្រាន់តែ​នារី​រង​គ្រោះ​បានឱ្យ​នារី​សង្ស័យ​រួម​និង​នារី​ម៉ាស្សា​ដទៃ​ទៀត ធ្វើការ​ស្បថ​នៅ​ចំពោះ​មុខ​ទេវតា ម្ចាស់​ទឹក​ម្ចាស់​នៃ​សង្កាត់​ចោម​ចៅ ដើម្បី​បញ្ចប់រឿង ។