ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

រាជ​ធានី​ភ្នំពេញ​ ៖ ​ក្នុង​បន្ទប់​ជួល​តូច​មួយ ជិត​តំបន់​រោងចក្រ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល តារា​សម្តែង​តួ​ឆ្នាស់​ឆ្នើម​​ ស្វែង សុជាតា ដែល​ធ្លាប់​ទទួល​ពាន​អាណាចក្រ​តារា ហាក់​ប្រែប្រួល​ជីវិត​យ៉ាង​ខ្លាំង​ដោយ​បាត់បង់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ពិសេស​ស្វាមី ​និង​កូន ជួប​​​ជីវិត​តោ​កយ៉ាក បែកបាក់​គូស្នេហ៍​ជា​បន្តបន្ទាប់ ​ហើយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​​​ដែល​ជាកត្តា​​រុញច្រាន​ជីវិត​នាង​ឱ្យកាន់តែ​ស្ថិត​ក្នុង​ភាព​លំបាក​។

ជីវិត​នាង​ដែល​ធ្លាប់​ហក់​ឡើង​ខ្ពស់​នេះ​មិន​ខុស​ពី​តារាចម្រៀង​យេ​ៗ ​អ៊ុំ​ គ​ន្ធា​ ប៉ុន្មាន​ឡើយ ដោយ​ប្រែ​ពី​ជីវិត​ធ្លាប់​ហ៊ឺហា ឡូយឆាយ និង​ជា​ថៅកែ​កុន ​​ជំនួស​មក​វិញ​ដោយ​ការ​រស់នៅ​ក្នុង​​​បន្ទប់​ជួល​ដែល​មាន​តម្លៃ​ទាប​សម្រាប់​កម្មករ​រោងចក្រ​ទៅ​វិញ​។

ទោះជា​យ៉ាង​ណា នាង​នៅ​តែ​ទទួល​ការ​អាណិត​ស្រលាញ់ពី​សំណាក់​អ្នក​រួម​អាជីព សប្បុរសជន និង​អ្នកគាំទ្រ ចង់​ឲ្យ​នាង​ខិតខំ​ប្រឹងប្រែង​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។ ក្រោយ​ពី​ជា​សះស្បើយ និង​វិល​មក​កាន់​ការងារ​សិល្បៈ​កាលពី​ពេល​ថ្មី​ៗ​នេះ ​​នាង​បាន​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​មានការ​សិល្បករ​ទម្លាយ​អំពី​ការ​ធ្លាក់​ក្នុង​ភាព​លំបាក​ជាមួយនឹង​ជីវភាព​ខ្វះមុខ ខ្វះក្រោយ​ និង​ត្រូវ​រស់នៅ​ក្នុងផ្ទះ​ជួល​តូច​ចង្អៀត​។

ស្ថានភាព​ដែល​ធ្វើ​ឲ្យ​តារា​សម្តែង​រូប​នេះ​ក្រឡាប់ចាក់​ស្ទើ​តែ​១៨០​អង្សារ​នេះ​ គឺ​ក្រោយ​ពី​នាង​លែងលះ​ស្វាមី មាន​ទំនាស់​ជាមួយ​គូស្នេហ៍ រង​ការ​បាញ់ប្រហារ​ហូត​ដល់​បាក់ដៃ និង​ជួបនឹង​ជំងឺ​ផ្នែក​ខួរក្បាល​រ៉ាំរ៉ៃ​ជាដើម​។ ជាក់ស្តែង​ថ្មី​ៗ​នេះ​តារាចម្រៀង របស់​ផលិតកម្ម M លោក វិ​ជ្ជ​បុត្រ បាន​នាំ​យក​ទូរ​ស័ព្ទ​១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ទៅជូន​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ស្នាក់​នៅ​បន្ទប់​ជួលមួយ​ក្នុង​ក្រុង​តា​ខ្មៅ ។

​អំណោយ​ដែលតារាចម្រៀង វិ​ជ្ជ​បុត្រ យក​ទៅ​ជូន​នោះ រួម​មានទឹកប្រាក់ ៣៦០ដុល្លារ ប៉ុន្តែ​ដក​យក​មក​ទិញ​ទូរ​ស័ព្ទ Smartphone ១​គ្រឿង​តម្លៃ​១៥០​ដុល្លារ​។ លោក វិ​ជ្ជ​បុត្រ បាន​ប្រាប់​ថា អំណោយ​ទាំងនេះ គឺជា​ការ​ផ្ដល់​ជូន​ពី​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ផ្ញើ​តាម​រយៈ​លោក ដើម្បី​ចែក​ជូន​អ្នក​នាង ស្វែង សុជាតា បន្ទាប់​ពី​សប្បុរសជន​ទាំង​អស់នោះ​ទទួល​ដំណឹង​ថា តារា​សម្ដែង​រូប​នេះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​កំពុង​ជួប​បញ្ហា​ជីវ​ភាព​។​

តារាចម្រៀង​ក្នុង​ផលិតកម្ម M រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ទោះបីជាអំណោយ​ខាងលើ​មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រួល​ទុក្ខ​លំបាក​មួយ​គ្រា ដល់​អ្នក​នាង ស្វែង សុជាតា ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ តារាចម្រៀង​ពន្លក​ថ្មី​ដែល​ចូល​ចិត្ត​ធ្វើបុណ្យ​រូប​នេះ ប្រាប់​ថា​លោកនឹង​ព្យាយាម​កៀ​ងគរ​សប្បុរសជន​ផ្សេង​ៗ​ទៀត ដើម្បី​ស្វែងរក​មូលនិធិយក​មក​ជូនអ្នក​នាង​ស្វែង សុជាតា បន្ថែម​ទៀត​។

ម្ចាស់​ពាន​អាណាចក្រ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា​ នាងសូម​​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​តែងតែ​ជួយ​ដល់​រូប​នាង​ខ្ញុំ​ជា​និច្ច បន្ទាប់​ពី​ដឹង​ថា នាង​ត្រឡប់​ចូល​ក្នុង​វិ​ថី​សិល្បៈ​វិញ​ក្រោយ​ជួប​ជំងឺ​រ៉ាំរ៉ៃ​ជាង​ពីរ​ឆ្នាំ​មកនេះ​។ នាង​បន្ត​ថា មិនដឹង​ជា​រក​ពាក្យ​អ្វី​ដើម្បី​មក​ឆ្លើយ​តប​ទៅ​នឹង​ទឹកចិត្ត​ដ៏​សប្បុរស​របស់​អ្នក​ទាំងអស់​គ្នា​បាន​ឡើយ​ក្រៅពី​ពាក្យ​ថា​អរគុណ​។

នាង ថ្លែង​ថា ​​ដរាបណា​នាងនៅ​មានជីវិត គឺ​នៅ​តែ​មាន​ក្ដី​សង្ឃឹម ។ នាង​និយាយ​ថា ​នឹង​ព្យាយាម​ស្វែងរក​ទ្រព្យ​ទាំងនោះ​មក​វិញ​ ហើយ​នាង​នឹង​ខិតខំ​ប្រឹងប្រែង​មិន​ឲ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​នោះ​ទេ ។ នាង​ក៏​នឹង​បង្ហាញ​ជំហ​ក្នុង​ការ​ចូលរួម​ថត​ខ្សែភាពយន្ត​ថ្មី​ៗ​មួយ​ចំនួន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ
ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ
ស្វែង សុជាតា បង្ហាញ​ជំហរ​ថត​ខ្សែភាពយន្ត​ ក្រោយ​ពេលជំងឺជា​សះស្បើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត