តុលាការ​ផ្តន្ទាទោស​​អ្នក​បើក​​បរ​​​រថយន្ត​ក្រុងវៀតណាម​​​ ​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ពី​បទបុក​​​​មនុស្ស​ស្លាប់​

អ្នក​បើក​បរ​រថយន្ត​ក្រុង​ម្នាក់​ដែល​បាន​​បើក​រថយន្ត​បុក​​រថយន្ត​តួរីស​មួយ​គ្រឿង​ដឹក​កម្មករ​​រោងចក្រ​កាត់​ដេរ​៣៨​នាក់​​កាលពី​ខែ​ឧសភា ដោយ​បណ្ដាល​ឲ្យ​​កម្មករ​១៩​នាក់​ស្លាប់ និង​២០​នាក់​ទៀត​រង​របួស​នោះត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយ​​​រៀង​​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ កាល​​ពី​ម្សិលមិញ​។

ឡេ វ៉ាន់ទឹង ​អាយុ​៤៣​ឆ្នាំ​ ជា​ជន​ជាតិ​វៀត​​​ណាម​បាន​បើក​បរ​រថយន្ត​ក្រុង​​របស់​ក្រុម​ហ៊ុនដឹកអ្នកដំណើរ​​​ 15 SH Transport ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​​ ស្រាប់​តែ​នៅ​ពេល​នោះ បាន​​​​​ជ្រុល​ទៅ​បុក​រថយន្ត​​តួរីស​មួយគ្រឿង​​ដឹក​​កម្មករ​រោងចក្រ​កាត់​ដេរ​ពេញ ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​រោងចក្រ​​របស់​ខ្លួន​ក្នុង​​ក្រុង​បាវិត​។នគរ​បាល​នៅ​កន្លែង​កើត​ហេតុ​ក្នុង​ស្រុក​ស្វាយ​ទាបបាន​និយាយ​ថា ឡេ វ៉ាន់ទឹង បាន​​បើក​រថយន្ត​​ខុស​គន្លង​ផ្លូវ​របស់​ខ្លួន ខណៈ​ដែល​ព្យាយាម​បើក​ជែង​រថ​​​យន្ត​មួយ​គ្រឿង​ទៀត​។

លោក សុធី បូរ៉ាឆាត ​ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា ​ឡេ វ៉ាន់​ទឹង ​ត្រូវ​បាន​ផ្ដន្ទាទោស​កាលពី​ម្សិល​​​មិញ​ពីបទ​បើក​បរ​ដោយ​គ្មាន​​ប័ណ្ណ​បើក​បរ​ និង​​បើក​បរ​ដោយ​ធ្វេស​ប្រហែស​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​។

លោក​បាន​ថ្លែង​ថា ​”​យើង​បាន​ផ្ដន្ទាទោស​អ្នក​បើក​បរ​ជនជាតិ​វៀតណាម​​រូប​នេះ​​ឲ្យ​​ជាប់​ពន្ធនាគារ​​៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​១២​លាន​រៀល​ ហើយ​​ហាម​មិន​បើក​​​បរ​​រយៈ​ពេល​៧​ឆ្នាំ​​រាប់​ចាប់​ពី​ថ្ងៃ​​ដែល​ជន​នេះ​​ចេញ​​​ពី​ពន្ធនាគារ​”។

ចៅក្រម បូរ៉ាឆាត​​ បាន​បន្ថែម​ថា ​បន្ទាប់ពី​ ឡេ វ៉ាន់ទឹង ត្រូវ​បាន​ដោះលែង​​​ តុលាការ​​មាន​គម្រោង​​ផ្សព្វ​ផ្សាយ​​សេចក្ដី​​​​ជូន​ដំណឹង​តាម​​​ទូរទស្សន៍ និង​វិទ្យុ ​ដល់​សាធារណជន​​​ឲ្យ​​​បាន​​​ដឹង​​​​​ថា ជន​នេះ​​មិន​ត្រូវ​បាន​​អន​​​ុញ្ញាត​ឲ្យ​បើក​បរ​ទេ ហើយ​ដាស់​តឿន​​អ្នក​ដទៃ​ទៀត​​កុំឲ្យ​បើក​បរ​ដោយ​ធ្វេសប្រហែស​។

លោក​បាន​ថ្លែង​បន្ត​​​ថា សាល​ក្រម​នេះ​ក៏​តម្រូវ​​​​ ឲ្យ​ក្រុម​ហ៊ុនដឹកអ្នកដំណើរ​​​ 15 SH ​​​Tran​​​sport បង់​ប្រាក់​សំណង​១២លាន​រៀល​​ដល់​ក្រុម​គ្រួសារ​សព​ម្នាក់ៗ​​​ និង​​ទឹក​ប្រាក់​ចាប់ពី​៦លាន​រៀល​ដល់​១០​លាន​រៀល​​ដល់​​​​​​អ្នក​​​រង​​​របួស​​​ម្នាក់ៗ​អាស្រ័យតាម​​​ស្ថាន​​​ភាព​​​របួស​។ ចៅក្រម​រូប​នេះ​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​រថ​​​យន្ត​ក្រុង​នេះ​បាន​​​ប្ដឹង​ឧទ្ធរណ៍ ជំទាស់​នឹង​​សាល​ក្រម​នេះ​រួចហើយ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​​រថយន្ត​ក្រុង​នេះ​​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ ដោយ​លើកឡើង​ថា ខ្លួន​មាន​លទ្ធភាព​​​បង់​​ប្រាក់​សំណងត្រឹមតែ​៥០.០០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​បាន​បង្គាប់​ឲ្យ​​បង់ប្រាក់​ចំនួន​១០០.០០០​​​​ដុល្លារ”។

​លោក​ ដួង រដ្ឋា ​ម្ចាស់​ក្រុម​ហ៊ុន​​​ដឹក​​​អ្នក​​​ដំណើរ​​​ 15 SH Transport បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​កម្ពុជា ដែល​បាន​ធានា​រ៉ាប់​រង​ក្រុម​ហ៊ុន​របស់​លោក​​។

​លោក​​​​ អឿន រីម អាយុ​៣៤​ឆ្នាំ ​ដែល​ប្រពន្ធ​របស់​គាត់​ឈ្មោះ ម៉ន សាវ៉ុន ​អាយុ​៣១​ឆ្នាំ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ ​បាន​និយាយ​ថា គាត់នឹង​​ទទួល​យក​ប្រាក់​សំណង​នេះ ​ពីព្រោះ​​គាត់​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់មកហើយ​​ក្នុង​ការ​ធ្វើ​ដំណើរ​​​ទៅ​ចូល​រួម​ក្នុង​ការ​ចរចា។

គាត់​បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា ​ប្រាក់​សំណង​នេះ​មិន​គ្រប់គ្រាន់​​ចំពោះ​​អាយុ​​ជីវិត​​ប្រពន្ធ​របស់​ខ្ញុំ​ទេ ប៉ុន្តែ​​​ខ្ញុំ​ទទួល​យក​​ ពីព្រោះ​​ខ្ញុំ​គ្មាន​ជម្រើស​”។

លោក​ ទូច សាវុធ ​អាយុ​៥២​ឆ្នាំ ​ត្រូវ​ជា​ឪពុក​របស់​ ឈុត បុប្ផា អាយុ​២៣​ឆ្នាំ ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​នោះ​ដែរ​បាន​និយាយ​ថា ប្រាក់​សំណងចំនួន​​១២លាន​រៀល​​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

លោក សាវុធ បាន​និយាយ​ថា “​ខ្ញុំ​មិន​ព្រម​ទទួល​យក​ប្រាក់​សំណង​នេះ​​ទ េ​​​ពីព្រោះ​វា​តិច​តួច​ណាស់ចំពោះ​ការ​ស្លាប់របស់​​​​កូនស្រី​​ខ្ញុំ​”។ ​​​លោក​​​បាន​​បន្ថែម​​​ថា លោក​​​​មាន​គម្រោង​​ប្តឹង​ទាស់​​​​បន្ទាប់ពី​និយាយ​ជាមួយ​ក្រុម​គ្រួសារ​​​ជន​រងគ្រោះ​ផ្សេង​ទៀត​៕ សារុន​​​​​​

The post តុលាការ​ផ្តន្ទាទោស​​អ្នក​បើក​​បរ​​​រថយន្ត​ក្រុងវៀតណាម​​​ ​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ពី​បទបុក​​​​មនុស្ស​ស្លាប់​ appeared first on ខេមបូឌា ដេលី.