ស្ត្រី​កើត​កូន​ភ្លោះ​៣នាក់​ជីវភាព​​​ក្រីក្រ​​​អំពាវនាវ​ឱ្យ​​សម្តេច​តេជោជួយ

​ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ​ស្ត្រី​ម្នាក់​ជា​គ្រួសារ​ក្រីក្រ​​​ឆ្លងទន្លេ​បាន​កូន​ភ្លោះ​ប្រុស​៣​​នាក់ កាលពី​វេលា​ម៉ោង​១និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៩ ​តុលា​ ២០១៥ ​​នៅ​ក្នុងភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​​វែង​ ។

បុរស​ជា​ប្តី​​ឈ្មោះ​ ជួន សុ​ផ​ន ​អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​​ នៅ​ភូមិ​ទួល​ចារ​ថ្មី ឃុំ​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ ​​បាន​រៀបរាប់​ថា ប្រពន្ធ​​ឈ្មោះ​ វ៉ា​ត ស្រី​កែវ ​អាយុ​២៦​ឆ្នាំ​មានកូន​​ប្រុស​ស្រី២​​​នាក់ ស្រាប់តែ​​​​ឆ្លងទន្លេ​លើក​នេះ​បានកូន​ភ្លោះ​៣នាក់​សុទ្ធ​តែ​ប្រុស ​។

បុរស​ដដែល​ បាន​​បន្ត​ថា រូប​គាត់​ជា​កសិករ​​​មាន​ជីវភាព​ក្រីក្រ​​​​បាន​ព្រឹក​ខ្វះល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹកត្រូវ​ការ​ជំនួយ​​​​ សូមអំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​ចិត្ត​សប្បុរសធម៌​​នៅ​ទី​ជិតឆ្ងាយ​ ​​អាជ្ញាធរ​មូលរ​ដ្ឋា​ន ជា​ពិសេស សម្តេច​អគ្គ​មហា​​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែល​សម្តេច​​ទាំង​២ ​ជានិច្ចកាល​តែងតែបាន​យកចិត្ត​ទុក្ខ​ដាក់​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​គ្រប់​បណ្តា​រាជ​ធានី/​ខេត្ត​​ ​។

អ្នកគ្រូ​ពេទ្យឆ្មប​ម្នាក់​ឈ្មោះ​ ហេង គា​ បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ដែល​ឆ្លងទន្លេ​​បាន​ទារក​​៣នាក់​នេះ ​មាន​អាកា​រៈ​​ធម្មតា ហើយ​ទារ​ក​​ទាំង​៣នាក់​ខាង​លើ​ក៏​មាន​សុខភាព​ជា​ធម្មតា​ដែរ​​ គ្រាន់​តែ​​មាន​ទម្ងន់​គីឡូ​ទាបជាង​ទារក​​ដទៃ​ ហើយ​ទារក​​ខាង​លើ​នេះ​ត្រូវការ​​​​ទាម​ទារ​ការ​ថែទាំ​ឲ្យ​បាន​ល្អ​ផង​ដែរ ​៕