មន្ត្រី​មន្ទី​រសុខា​ភិ​បាល​ខេត្ត​តាកែវ​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយទឹកឈ្លក់ស្លាប់

ខេត្ត​តាកែវ​ ៖ ​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ធ្វើ​ការ​នៅ​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​តាកែវ​បានឈ្លក់​ទឹកស្លាប់យ៉ាង​អាណោច​អាធ័ម ខណៈពេល​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៦៩-៧០ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រំ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​តាំង​ពីយប់​ថ្ងៃ​ទី​៨ តុលា តែ​ទើប​តែ​​​មានការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៩ តុលា នេះ​​។

តាម​ក្រុម​គ្រួសារ​សព​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះផាប់ គឹម​សាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ធ្វើ​ការ​នៅ​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​តាកែវ រស់នៅ​ភូមិ​ថ្មស ឃុំ​ពោធិ៍​ ស្រុក​បុរី​ជលសា តែ​បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ​។

តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​វេលាម៉ោង​ចន្លោះពី៩ទៅ​១០​យប់ គេ​បាន​ឭសូរ​សម្លេង​ដួល​ម៉ូតូ​ដែរ តែ​អត់​មាន​អ្នកណា​ចាប់អារម្មណ៍ លុះ​ព្រឹក​ឡើង​ម៉ោង​៦ព្រឹកទើប​មានការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​​​ក្នុង​ប្រឡាយ​ទឹក ​រួម​ជាមួយ​ម៉ូតូ​ម៉ាក​ស្មាស់​វី ស៊េរី​០១៣ ពាក់​ស្លាក​លេខ​១G2797 តែ​ម្តង​។

បន្ទាប់ពី​ភ្ញាក់​ផ្អើល​ឃើញ​សព​ហើយ ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មកអន្តរា​គមន៍​​​​ រួច​ទាក់ទង​សាច់​ញាតិ​មក​ទទួល​យក​សព​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕