ក្លិប Liverpool ប្រកាសតែងតាំងលោក Klopp ជាអ្នកចាត់ការទូទៅថ្មី

ក្លិប Liverpool  បានប្រកាសពី​ការ​តែង​តាំង​គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​កិច្ច​ព្រមព្រៀង​គ្នាមួយ​ដែលមាន​តម្លៃ​ជា​ទឹក​ប្រាក់​៤លាន​ផោន (ស្មើនឹង​៦,១​លាន​ដុល្លារ​អាមេ​រិក) ក្នុង​រយៈ​ពេល​១​ឆ្នាំ​។ លោក Klopp អតីត​គ្រូ​បង្វឹក​របស់​ក្លិប Borussia Dortmund ត្រូវ​បាន​គេ​យល់​ឃើញ​ថា បាន​ចុះហត្ថ​លេខា​រយៈ​ពេល​៣​ឆ្នាំ​ជាមួយ​នឹង​ក្លិបយក្ស​របស់​ក្រប​ខ័ណ្ឌ​ Premier League មួយនេះ ហើយ​និង​ត្រូវ​ចូល​កាន់​​តំណែង​ជំនួសលោក Brendan Rodgers ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​​ក្រុម​ហ៊ុន Fenway Sports Group ម្ចាស់​កម្ម​សិទ្ធិ​ក្លិប Liverpool កាលពី​ថ្ងៃ​អាទិត្យ​។
1
ក្លិប​បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍មួយ​នៅលើ​បណ្តាញ​​សង្គម Twitter របស់​ពួក​គេ​​ថា៖ «ក្លិប​បាល់​ទាត់ Liverpool ពិត​ជា​រីក​រាយណាស់​ក្នុង​ប្រកាស​ថា លោក Jurgen Klopp ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប​។ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ បាន​ចុះហត្ថ​លេខា​លើកិច្ច​សន្យា​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​លោក​ស្ថិត​នៅ​ជាមួយ​ហង្ស​ក្រហម និង​ត្រូវ​បង្ហាញ​មុខ​នៅ​ឯ​សន្និ​សីទ​សារ​ព័ត៌​មានមួយនៅ Anfield នៅ​​ព្រឹក​ថ្ងៃ​សុក្រនេះ​»​។ លោក Klopp ដែល​ការ​ប្រកួត​​លើក​ទី​១​របស់​លោកក្នុងនាម​ជា​គ្រូ​បង្វឹក​គឺ​ជាមួយនឹងក្រុម Tottenham នា​ថ្ងៃ​ទី​១៧ ខែ​តុលា​នោះ ទៅ​ដល់​ដោយ Liverpool កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១០​នៅលើ​តារាង Premier League​៕

ប្រភពព័ត៌មាន៖ Channel News Asia