​រថយន្ត​កាមរី​បា​លែ​ន​បុក​គោយន្ត​ពីក្រោយ​ស្លាប់​៣​នាក់ របួស​៣​នាក់​

​ខេត្តកំពង់ស្ពឺ​៖​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​៣​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​កាម​រី​បា​ឡែ​ន​រត់​តាក់ស៊ី​បាន​បោះពួយ​យ៉ាង​លឿន​បុក​គោយន្ត​ពីក្រោយ​ពេញទំហឹង​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១០ និង​២២​នាទី យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ គីឡូម៉ែត្រ​៥៥-៥៦ ស្ថិតក្នុង​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2S-2655 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ (​រត់គេចខ្លួន​បាត់​) រត់​តាក់ស៊ី​ដឹក​មនុស្ស​ចំនួន​៦​នាក់ ទី​១-​តេង តឿ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​ស្លាប់​) ទី​២- នាត ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ស្លាប់​) ទី​៣-​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ស្លាប់​) ទី​៤-​លី ជាតា ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​របួសស្រាល​) ទី​៥-​ឆាយ អា​រី​យ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ (​របួសស្រាល​) និង ទី​៦-​ហោ ស៊ីវ​ហៀ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ (​របួសស្រាល​) ដោយ​អ្នក​ទាំង​៦​នាក់ រស់នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ធ្វើដំណើរ​មកពី​ទិស ខាងកើត​ទៅ​ទិស​ខាងលិច មកដល់​ចំណុច​ខាងលើ​បាន​បុក​គោយន្ត​ពីក្រោយ​១​គ្រឿង​ម៉ាក​គោ​ប៊ូ​តា ពណ៌ ក្រហម អ្នកបើក​មិន​ស្គាល់ឈ្មោះ និង​ទីលំនៅ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ។​

​ប្រភព​បញ្ជាក់ថា ចំពោះ​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី និង​អ្នករបួស​បញ្ជូនទៅ​ពេទ្យ ខណៈ​រថយន្ត​ខូច​ធ្ងន់ គោយន្ត​ខូច​ស្រាល ទាំងពីរ​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំ​រោងទង​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕

​រថយន្ត​កាមរី​បា​លែ​ន​បុក​គោយន្ត​ពីក្រោយ​ស្លាប់​៣​នាក់ របួស​៣​នាក់​