កាត់ទោស​អ្នក​បើករថយន្ត​ក្រុង​បុក​រថយន្ត​កម្មករ

កាត់ទោស​អ្នក​បើករថយន្ត​ក្រុង​បុក​រថយន្ត​កម្មករ

ខេត្តស្វាយរៀង ៖ សាលក្រម​តុលាការ​បាន​ធ្វើ​ឱ្យ​មានការ​ខកចិត្ត​សម្រាប់​ក្រុម​គ្រួសារ​កម្មករ​កម្មការិនី​ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម​ចំនួន​១៩​នាក់ និង​របួសធ្ងន់​ស្រាល​២០​នាក់ ដោយសារ​តែ​អ្នកបើកបរ​រថយន្តក្រុង​ដឹកអ្នកដំណើរ​ជន​ជាតិ​វៀតណាម ត្រូវ​បាន​ប្រកាស​ទោស​ជាប់​ពន្ធនាគារ​៥​ឆ្នាំ និង​បង់ប្រាក់​ពិន័យ​១២​លាន​រៀល​ចូល​ថវិការដ្ឋ ។

ចំណែក​ការ​បង់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ស្លាប់​និង​របួស ត្រូវ​បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​ស៊ុន​ហួ SH15 និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កាំ​មីន​កូ ជា​អ្នក​សង​សំណង​រដ្ឋប្បវេណី ។ ទោះបី​មានការ​ខកចិត្ត​ចំពោះ​សាលក្រម តែ​ក្រុម​គ្រួសារ​និង​ជន​រង​គ្រោះ​បាន​និយាយ​ថា ពួក​គាត់​សុខចិត្ត​ទទួលយក​តាម​ការ​សម្រេច​និង​ការ​ប្រកាស​សាលក្រម​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត ដោយសារ​ពួក​គាត់​គ្មាន​ជម្រើស​ក្រៅពី​នេះ​ទេ ។ ការ​ប្រកាស​សាលក្រម​នេះ ត្រូវ​បាន​ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ តុលា នៅ​សាលាដំបូង​ខេត្តស្វាយរៀង ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ សាន សា​វី ដែល​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ ឱ្យ​ដឹង​ថា តុលាការ​បាន​ប្រកាស​សាលក្រម​សម្រេច​កាត់ទោស​ជន​ឈ្មោះ ទ្បេ​វ៉ា​ន់​ទឹង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម ឱ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​៥​ឆ្នាំ និង​បង់ប្រាក់​ពិន័យ​ចំនួន​១២​លាន​រៀល (​បង់​ថវិកា​ចូល​រដ្ឋ​) និង​បង្គាប់​ឱ្យ​ក្រុមហ៊ុន​ស៊ុន​ហួ SH15 រួម​នឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កាំ​មីន​កូ​សង​សំណង​រដ្ឋប្បវេណី​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។ តាម​សាលក្រម​អ្នក​ស្លាប់​១៩​នាក់ ក្នុង​ម្នាក់​ៗ​ចំនួន​១២​លាន​រៀល អ្នក​រង​របួសធ្ងន់​ធ្លាក់ខ្លួន​ពិការ​ម្នាក់​ៗ​ចំនួន​១២​លាន​រៀល អ្នក​របួសធ្ងន់​៣​នាក់ ដែល​ជា​កម្មករ​សំណង់​រួម​ដំណើរ​តាម​រថយន្ត​ជាមួយ​កម្មការិនី ក្នុង​ម្នាក់​ៗ១០​លាន​រៀល ។

អ្នក​រង​របួសធ្ងន់​៦​នាក់ ក្នុង​ម្នាក់​ៗ​ចំនួន​៩​លាន​រៀល អ្នក​របួសស្រាល​ចំនួន​១១​នាក់ ក្នុង​ម្នាក់​ៗ​ចំនួន​៦​លាន​រៀល និង​សង​សំណង​ការ​ខូចខាត​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ចំនួន​១១​លាន​រៀល ។ ក្រុម​គ្រួសារ​រង​គ្រោះ​និយាយ​ថា ពួក​គាត់​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​នូវ​ការ​សម្រេច​របស់​តុលាការ​ដោយ​ពួក​គាត់​ប្តឹង​ទាមទារ​សំណង​សម្រាប់​អ្នក​ស្លាប់​១៩​នាក់ ក្នុង​ម្នាក់​ៗ៨០​លាន អ្នក​រង​របួសធ្ងន់​ស្រាល​២០​នាក់ ក្នុង​ម្នាក់​ៗ៤០​លាន​រៀល តែ​មិន​បាន​តាម​ការ​ទាមទារ ។ ទោះជា​បែប​ណា ក៏​យល់ព្រម​ទទួល​ដោយ​គ្មាន​ជម្រើស ព្រោះថា​នេះ​គឺជា​ការ​សម្រេច​របស់​លោក​ចៅក្រម មិនដឹង​ថា ក្រុមហ៊ុន​យល់ព្រម​សង​សំណង​តាម​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ?

ការ​ប្រកាស​សាលក្រម​នេះ​ត្រូវ​បាន​ធ្វើ​ទ្បើ​ង​ដោយ​លោក ទឹ​ត សុ​ទ្ធី​បូ​រ៉ា​ឆាត ចៅក្រម​ជំនុំជម្រះ និង​លោក អ៊​ង រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។ មេធាវី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា តុលាការ​សម្រេច​សាលក្រម​តាម​ដែល​ក្រុមហ៊ុន​ស៊ុន​ហួ SH15 និង​ក្រុមហ៊ុន​ធានា​រាប់​រង​កាំ​មីន​កូ ប្រកាស​ពី​កញ្ចប់​ប្រាក់​មាន​តែ​៥​ម៉ឺន​ដុល្លារ ដោយ​ក្រុមហ៊ុន​ប្រគល់​ឱ្យ​តុលាការ​បែងចែក​ឱ្យ​ក្រុម​គ្រួសារ​អ្នក​ស្លាប់ និង​ជន​រង​គ្រោះ​តាម​ប្រាក់​ដែល​មាន ។ ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ​អ្នក​ស្លាប់ និង​ជន​រង​គ្រោះ​ប្រាប់​ថា ពួក​គាត់​យល់ព្រម​តាម​ការ​សម្រេច​នេះ ។ ការ​ប្រកាស​សាលក្រម​របស់​លោក​ចៅក្រម បាន​ទុក​ពេល​ចរចា​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​រួច និង​ទុក​ពេល​៣០​ថ្ងៃ ដើម្បី​ប្តឹង​ឧទ្ធរណ៍ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ទ្បើ​ង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​បង្ក​ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​១៩​នាក់​ស្លាប់​ជា​បន្តបន្ទាប់ និង​២០​នាក់​រង​របួសធ្ងន់​ស្រាល​ដោយសារ​រថយន្ត​ក្រុម​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ស៊ុន​ហួ SH15 បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​និង​របួស​​រដូករណែល​គួរ​ឱ្យ​រន្ធត់​ក្រៃ​លែង ៕​

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព